គុណភាព​នៃ​ការ​ស្ថាបនា​ផ្លូវជាតិ​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​

ចែករំលែក

ដោយៈ ចំណាន

   បន្ទាយមានជ័យៈ រដ្ឋមន្រ្តីសាធារណការបានចុះ ពិនិត្យការងារ និងវឌ្ឍនភាពនៃគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាម ដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ លើគុណភាពនៃការសាងសង់ផ្លូវ ភាពយូរអង្វែងនៃហេដ្ឋារចនាសម្ព័ន្ធ និងសុខសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផ្លូវពីសំណាក់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសា​ធា​រណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យជំនាញចុះពិនិត្យ និងបានផ្តល់នូវការណែនាំយ៉ាងម៉ឺងម៉ាត់ លើគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥។

គោលការណ៍ណែនាំនេះផ្តោតជាសំខាន់ លើការពង្រឹងគុណភាពនៃការសាងសង់ផ្លូវ និងការរៀបចំស្ថានីយជញ្ជីងថ្លឹងយានយន្ត ដើម្បីធានាបាននូវភាពរឹងមាំ និងអាយុកាលនៃការប្រើប្រាស់ ព្រមទាំងការបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍គ្រប់ជ្រុងជ្រោយ ដើម្បីធានាសុខសុវត្ថិភាពខ្ពស់ដល់ការបើកបរ និងអ្នកធ្វើដំណើរទូទៅ។

ស្ថិតក្រោមការចង្អុលបង្ហាញផ្ទាល់ពី លោករដ្ឋមន្ត្រី ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធ ចុះត្រួតពិនិត្យរួមគ្នានៅតាមទីតាំងការដ្ឋានជាក់ស្តែង ដោយផ្តោតសំខាន់លើការងារសាងសង់ស្ថានីយថ្លឹងយានយន្ត ការដំឡើងបរិក្ខារសុវត្ថិភាពចរាចរណ៍ នៃគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ព្រមទាំងការរៀបចំកិច្ចប្រជុំប្រចាំខែដើម្បីពិនិត្យវឌ្ឍនភាពគម្រោង។

ជាលទ្ធផល សកម្មភាពសាងសង់នៅតាមការដ្ឋាន កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្ម តាមរយៈការបំពាក់បន្ថែមនូវបណ្តុំបរិក្ខារសុវត្ថិភាពសំខាន់ៗរួមមាន៖ ការដំឡើងផ្ទាំងការពារពន្លឺចាំង និងឧបករណ៍ចំណាំងផ្លាត។

ក្នុងឱកាសនៃការត្រួតពិនិត្យ លោករដ្ឋមន្ត្រី បានផ្ញើសារអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកបើកបរទាំងអស់ ឱ្យចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈការគោរពច្បាប់ចរាចរណ៍ យកចិត្តទុកដាក់លើផ្លាកសញ្ញាតាមការដ្ឋាន៕



ចែករំលែក