ដោយ: សហសេវិក
អន្តរជាតិ: ធនាគារ HSBC រំពឹងថា តម្លៃផ្ទះនៅប្រទេសអូស្ត្រាលីនឹងធ្លាក់ចុះ ១៣% នៅទូទាំងប្រទេសត្រឹមពាក់កណ្តាលឆ្នាំ ២០២៧ បណ្តាលជាចម្បងមកពីអត្រាការប្រាក់ខ្ពស់ និងការផ្លាស់ប្តូរពន្ធលើអចលនទ្រព្យថ្មីៗ ដែលអាចធ្វើឱ្យតម្រូវការធ្លាក់ចុះ។
ការធ្លាក់ចុះចំនួន១៣% នៃតម្លៃផ្ទះនឹងក្លាយជាកំណត់ត្រាដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលីក្នុងប្រវត្តិសាស្ត្រសម័យទំនើប ដោយលើសពីកំណត់ត្រាពីមុនដែលធ្លាក់ចុះក្នុងកម្រិតប្រហែល ៨% ក្នុងអំឡុងឆ្នាំ២០១៧-២០១៩។
ធនាគារ HSBC ប៉ាន់ប្រមាណថា ការធ្លាក់ចុះជិត៥% បានកើតឡើងរួចទៅហើយចាប់តាំងពីខែមេសា ឆ្នាំ ២០២៦ មក។ តម្លៃផ្ទះនៅទូទាំងប្រទេសអូស្ត្រាលីបានធ្លាក់ចុះ ០,៩% នៅក្នុងខែសីហា ឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះ ១,២% នៅក្នុងខែកក្កដា។
ទីក្រុងស៊ីដនី និងទីក្រុងម៉ែលប៊ន ជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយតម្លៃផ្ទះនៅទីក្រុងទាំងពីរបានធ្លាក់ចុះប្រហែល ៧% ធៀបនឹងកម្រិតខ្ពស់បំផុត។ ចាប់ពីខែកក្កដា ឆ្នាំ ២០២៧ តទៅ រដ្ឋាភិបាលអូស្ត្រាលីនឹងលុបចោលការបន្ទាបពន្ធលើប្រាក់ចំណេញពីការលក់ទ្រព្យសកម្ម (capital gains tax)។
ធនាគារ HSBC បានលើកឡើងថា ការផ្លាស់ប្តូរពន្ធនេះគឺជាករណីមិនធ្លាប់មានពីមុនមក ហើយកំពុងដាក់សម្ពាធបន្ថែមលើទីផ្សារលំនៅឋាន។
ទន្ទឹមនឹងនេះ អត្រាអតិផរណាខ្ពស់អាចបង្ខំឱ្យធនាគារកណ្តាលអូស្ត្រាលី (RBA) បន្តដំឡើងអត្រាការប្រាក់បន្ថែមទៀត ជាជាងការកាត់បន្ថយអត្រាការប្រាក់។
ធនាគារ RBA បានដំឡើងអត្រាការប្រាក់គោល (cash rate) ដល់កម្រិត ៤,៣៥% រួចហើយ ហើយធនាគារ HSBC រំពឹងថា នឹងមានការដំឡើងចំនួនពីរលើកបន្ថែមទៀតនៅក្នុងខែកញ្ញា និងខែវិច្ឆិកា៕







