មន្រ្តីកម្ពុជា ​ជប៉ុន​ ពិភាក្សា​ជាថ្មី​លើ​ការ​ពន្លឿន​គម្រោង​ធ្វើ​ឱ្យប្រសើរ​ឡើង​វិញ​កំណាត់​ផ្លូវជាតិលេខ១​ និង​ស្ពានឆ្លង​កាត់​ទន្លេមេគង្គ​

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណរការ និងភាគីជប៉ុនបានបើកកិច្ចប្រជុំពិភាក្សា លើគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញនៃក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់) ព្រមទាំងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA HQ)និងតំណាងការិយាល័យ JICA ប្រចាំកម្ពុជា (JICA Cambodia Office)។

អង្គប្រជុំបានផ្តោតលើការពិភាក្សាលម្អិតអំពី៖ ១). ការបង្ហាញរបាយការណ៍បេសកកម្មស្វែងយល់ការពិត(Kick-Off Presentation by Fact Finding Mission Team) លើការសិក្សាសមិទ្ធលទ្ធភាពនៃគម្រោ​ង ២). វិសាលភាពនៃការកែលម្អ និងពង្រីកផ្លូវជាតិលេខ១ ព្រមទាំងការសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកជញ្ជូន និងលំហូរចរាចរណ៍លើច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង និង ៣).ការពិភាក្សាលើទិដ្ឋភាពបច្ចេកទេស ហិរញ្ញវត្ថុ ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គម (EIA & RAP) ព្រមទាំងផែនការសកម្មភាពបន្ត។

កិច្ចប្រជុំបានប្រព្រឹត្តទៅ និងបញ្ចប់ដោយរលូនតាមការគ្រោងទុក ដោយភាគីពាក់ព័ន្ធបានឯកភាព លើទិសដៅការងារ និងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះឱ្យលេចរូបរាងឡើងតាមផែនការ៕


ចែករំលែក