ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រសួងដែនដីរបស់ជប៉ុនបានឱ្យដឹងថា តម្លៃដីធ្លីនៅក្នុងប្រទេសជប៉ុនបានកើនឡើងរយៈពេល ៥ ឆ្នាំជាប់ៗគ្នា ស្របពេលនិន្នាការនៃការងើបឡើងវិញនៃសេដ្ឋកិច្ចស្ថិតក្នុងកម្រិតមធ្យម។
គិតត្រឹមថ្ងៃទី ១ ខែកក្កដា តម្លៃដីធ្លីជាមធ្យមនៅទូទាំងប្រទេសបានកើនឡើង ១,៥% បើធៀបនឹងឆ្នាំមុន ដោយតម្លៃដីសម្រាប់លំនៅឋានបានកើនឡើង ១,០% និងតម្លៃដីសម្រាប់ពាណិជ្ជកម្មបានកើនឡើង ២,៩%។
ក្នុងចំណោមតំបន់ទីក្រុងធំៗទាំង៣របស់ប្រទេស តំបន់ទីក្រុងតូក្យូ និងអូសាកា (រួមទាំងតំបន់ជុំវិញ) បានកត់ត្រានូវកំណើនលឿនជាងមុនទាំងតម្លៃដីសម្រាប់លំនៅឋាន និងដីពាណិជ្ជកម្ម ខណៈដែលតំបន់ណាហ្គូយ៉ា (Nagoya) មានកំណើនយឺតជាង។
កំណើនតម្លៃដីបានថយចុះផងដែរនៅក្នុងទីក្រុងធំៗចំនួន៤ រួមមាន ទីក្រុង Sapporo ទីក្រុង Sendai ទីក្រុង Hiroshima និងទីក្រុង Fukuoka បណ្តាលមកពីអ្នកទិញផ្ទះងាកទៅរកផ្ទះដែលមានតម្លៃសមរម្យនៅតំបន់ជាយក្រុងវិញ ដោយសារការកើនឡើងនៃតម្លៃដី និងថ្លៃដើមសំណង់។
ដីលំនៅឋានមួយកន្លែងនៅក្នុងសង្កាត់ Akasaka នៃខណ្ឌ Minato ក្នុងទីក្រុងតូក្យូ នៅតែជាដីដែលមានតម្លៃខ្ពស់បំផុតរយៈពេល៨ឆ្នាំជាប់ៗគ្នា ដោយតម្លៃដីបានកើនឡើងដល់ ៧,៥លានយ៉េនក្នុងមួយម៉ែត្រការ៉េ។
ដីពាណិជ្ជកម្មនៅក្នុងសង្កាត់ Ginza នៃខណ្ឌ Chuo ក្នុងទីក្រុងតូក្យូ មានតម្លៃខ្ពស់ជាងគេបំផុតរយៈពេល ២១ ឆ្នាំជាប់ៗគ្នា ដោយមានតម្លៃ ៥២,៥ លានយ៉េនក្នុងមួយម៉ែត្រការ៉េ កើនឡើងពីតម្លៃ ៤៦,៩ លានយ៉េន៕







