គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ២០២៦-២០៣៥ ត្រូវ​បាន​ធ្វើ​សេចក្តី​ព្រាង​ជា​ថ្មី​

ចែករំលែក

ដោយៈ ម៉ាណា

   ភ្នំពេញៈ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ រៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាង “គោលនយោ​បាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០២៦-២០៣៥”។

កិច្ចប្រជុំនេះដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) និង ជាប្រធានក្រុមការងារគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកា នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង សមាជិក-សមាជិកានៃក្រុមការងារIDP នៃ កបស ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីសាវតារនៃការរៀបចំគោលនយោបាយIDP ដែលត្រូវបានចាប់ផ្ដើមដំបូងនៅខែ ឧសភា ឆ្នាំ២០២៥ និងបន្តបន្ទាប់មកទៀត មានការប្រជុំពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និង វិស័យឯកជន ព្រមទាំងបានធ្វើការសិក្សាពីបទពិសោធន៍ អន្តរជាតិ ដើម្បីប្រមូលធាតុចូល សំដៅដាក់ចេញនូវវិធានការគោលនយោបាយជាក់លាក់ និង ប្រាកដនិយម សម្រាប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការរៀបចំគោលនយោបាយIDP ដែលមានចក្ខុវិស័យក្នុងការធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និង ជំនាញទាប ទៅឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យាខ្ពស់ ព្រមទាំងដាក់ចេញនូវគោលបំណងចម្បងចំនួន៤ ដែលរួមមានទី១. បង្កើនការវិនិយោគដែលមានគុណភាព និងបង្កើតការងារដែលមានជំនាញ, បច្ចេកវិទ្យា, ផលិតភាពខ្ពស់ជាងមុខ និងប្រាក់ចំណូលប្រសើរ ទី២. រក្សា និងជំរុញការចាក់ឫសឱ្យកាន់តែស៊ីជម្រៅ នូវរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលវែង, ទី៣. កសាងវិស័យ ដែលគាំទ្រដល់ការបង្កើនផលិតភាព នៃវិស័យឧស្សាហកម្មផ្សេងៗទៀត និងទី៤. តម្រង់ទិសគ្រប់វិស័យពាក់ព័ន្ធ ឱ្យមានភាពត្រៀមខ្លួនរួចរាល់សម្រាប់និន្នាការអនាគត, មានភាពធន់នឹងបរិស្ថាន និង ការគ្រប់គ្រងផលប៉ះពាល់បរិស្ថានឧស្សាហកម្ម ។

គោលនយោបាយIDP ២០២៦-២០៣៥ បានកំណត់យកឧស្សាហកម្មយុទ្ធសាស្រ្ត ក្នុងវិស័យអាទិភាពចំនួន៤ក្រុមគឺ៖ ១). វិស័យឧស្សាហកម្មដែលមានស្រាប់ ២). វិស័យឧស្សាហកម្មកំពុងលូតលាស់ ៣). វិស័យឧស្សាហកម្មយុទ្ធសាស្រ្តរយៈពេលវែង, និង៤). វិស័យឧស្សាហកម្មគាំទ្រ និងសេដ្ឋកិច្ចចក្រា ដោយបានដាក់ចេញនូវវិធានការគោលនយោបាយជាក់លាក់ និងអាចអនុវត្តន៍បានភ្លាម សម្រា​ប់ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ។

វិធានការទាំងនោះ ត្រូវបានរៀបចំដោយឈរលើសសរស្តម្ភចំនួន ៧ រួមមាន៖ ១). ការលើកកម្ពស់ និងសម្របសម្រួលការវិនិយោគ ២). ការពង្រីក និងពិពិធកម្មទីផ្សារនាំចេញ ៣). ការពង្រឹងការតភ្ជាប់ និង ការធ្វើមូលដ្ឋានីយកម្មឧស្សាហកម្ម ៤). ការកែលម្អបរិយាកាសធុរកិច្ច ៥). ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង និង ទន់ ៦). ការពង្រឹងការអភិវឌ្ឍជំនាញ បច្ចេកវិទ្យា និង ទីផ្សារការងារ និង ៧). ការបង្កើនហិរញ្ញប្បទាន។

លោកបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា គោលនយោបាយ IDPនេះ គឺជាត្រីវិស័យសម្រាប់តម្រង់ទិសឧស្សាហកម្មកម្ពុជា សម្រាប់ទសវត្សរ៍ខាងមុខ តាមរយៈការដោះស្រាយរាល់បញ្ហាប្រឈមជារចនាសម្ព័ន្ធ កសាងមូលដ្ឋានឧស្សាហកម្មប្រកួតប្រជែង ធ្វើពិពិធកម្មមុខទំនិញនាំចេញ និងពង្រឹងការតភ្ជាប់រវាងការវិនិយោគបរ​ទេស ជាមួយសហគ្រាសក្នុងស្រុក។

បន្ថែមពីនេះ ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម នឹងកាន់តែមានភាពមុតស្រួច និងជាក់លាក់ តាមរយៈការកំណត់ឱ្យបានលម្អិតនូវវិស័យឧស្សាហកម្មគន្លឹះ ដែលមានឧត្តមភាព និងផ្ដោតលើការជំរុញការអភិវឌ្ឍសកម្មភាពឧស្សាហកម្មជាជំហានៗ ទៅតាមដំណាក់កាល ស្របទៅតាមភាពប្រកួតប្រជែងជាក់ស្តែងរបស់កម្ពុជា៕


ចែករំលែក