ដោយៈ ចំណាន
ម៉ានីលៈ ហ្វីលីពីន បាននិងកំពុងបង្ហាញខ្លួនជាប្រទេស មានសក្តានុពល ទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេស ទោះបីជាមិនអាចនិយាយបានថា គ្រប់ផ្នែកទាំងអស់នៃវិស័យអចលនទ្រព្យនឹងទទួលបានលទ្ធផលល្អប្រសើរក៏ដោយ។
មូលហេតុដែលវិនិយោគិន អាចនឹងចាប់អារម្មណ៍លើប្រទេសហ្វីលីពីននៅឆ្នាំ ២០២៧ ដោយសារកំណើនសេដ្ឋកិច្ចប្រទេសនេះ ត្រូវបានព្យាករថានឹងមានភាពរឹងមាំជាងមុន។
ធនាគារពិភពលោក (World Bank) ព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP)របស់ហ្វីលីពីននឹងមានកម្រិត ៥,៣% នៅឆ្នាំ២០២៦ និង៥,៤% នៅឆ្នាំ ២០២៧។
ស្ថាប័ននេះបានបញ្ជាក់ជាពិសេសថា តម្រូវការក្នុងស្រុកដ៏រឹងមាំ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការកែទម្រង់នានា គឺជាកត្តាជំរុញដល់កំណើននេះ។
ការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរំពឹងថានឹងកើនឡើង
ថវិកាដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៧ រួមមានទឹកប្រាក់ចំនួន ៦៤៣,៩៥ ពាន់លានប៉េសូ (₱) សម្រាប់ក្រសួងសាធារណការ និងផ្លូវហាយវេ (DPWH) ដែលកើនឡើង ២១,២៩% បើធៀបនឹងថវិកាដែលបានបែងចែកសម្រាប់ឆ្នាំ ២០២៦។
រដ្ឋាភិបាលបានលើកឡើងថា កម្មវិធីហេដ្ឋារចនាសម្ព័ន្ធនេះមានគោលបំណងកែលម្អការតភ្ជាប់ និងកាត់បន្ថយថ្លៃដើមផ្នែកដឹកជញ្ជូន និងការធ្វើដំណើរ។
ចំណុចនេះអាចបង្កើតឱកាស នៅតាមបណ្តោយផ្លូវដឹកជញ្ជូនសំខាន់ៗ តំបន់ឧស្សាហកម្ម វិស័យដឹកជញ្ជូន និងការអភិវឌ្ឍគម្រោងចម្រុះ (mixed-use development)។ សន្ទុះនៃការវិនិយោគពីបរទេស អាចមើលឃើញយ៉ាងច្បាស់រួចទៅហើយ ការវិនិយោគពីបរទេសដែលត្រូវបានអនុម័ត នៅក្នុងប្រទេសហ្វីលីពីនមានចំនួន ១១៥,២០ ពាន់លានប៉េសូ (₱) នៅក្នុងត្រីមាសទី២ ឆ្នាំ ២០២៦ ដែលកើនឡើង ៦៨,២% បើធៀបនឹងឆ្នាំមុន។
សកម្មភាពក្នុងវិស័យអចលនទ្រព្យមានចំនួន ១១,០៩ ពាន់លានប៉េសូ (₱)ឬស្មើនឹង ៩,៦% នៃការវិនិយោគពីបរទេសដែលត្រូវបានអនុម័តនៅក្នុងត្រីមាសនោះ។
វិនិយោគិនបរទេសមានភាពបត់បែន កាន់តែច្រើនសម្រាប់គម្រោងរយៈពេលវែង អង្គការ OECD បានកត់សម្គាល់ថា ច្បាប់ស្តីពីការជួលសម្រាប់វិនិយោគិនឆ្នាំ ២០២៥ (Investors’ Lease Act of 2025) បានពង្រីករយៈពេលជួលអតិបរមា ដល់៩៩ឆ្នាំ ដែលជួយកែលម្អក្របខ័ណ្ឌ សម្រាប់ការវិនិយោគពីបរទេសក្នុងរយៈពេលវែង។
វិនិយោគិនជប៉ុនកំពុងសិក្សាស្វែងយល់ ជាពិសេសអំពីវិស័យអចលនទ្រព្យនៅហ្វីលីពីន។
នៅឆ្នាំ ២០២៥ ក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន (MLIT) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាវិនិយោគហ្វីលីពីន (BOI) អំពីឱកាសសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ជប៉ុន។
ក្រុមប្រឹក្សាវិនិយោគហ្វីលីពីន (BOI) បានលើកឡើងពីឱកាសវិនិយោគ លើអចលនទ្រព្យសម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម និងជាពិសេសគឺអចលនទ្រព្យសម្រាប់ឧស្សាហកម្ម៕







