ដោយៈ ចំណាន
ភ្នំពេញៈ មូលដ្ឋានគួរឱ្យជឿជាក់មួយក្នុងការរំពឹងទុកថា នឹងមានសម្ពាធកាន់តែខ្លាំងឡើង ទាក់ទងនឹងចំនួនប្រជាជន និងការអភិវឌ្ឍនៅក្នុងទីក្រុងអារីក្សត្រ និងស្រុកល្វាឯមនាពេលអនាគត បន្ទាប់ពីស្ពានចំនួន២ នឹងសាងសង់បញ្ចប់។
ទោះជាយ៉ាងណា រហូតមកទល់ពេលនេះ មិនទាន់ការសិក្សាណាមួយថា ចំនួនមនុស្សនឹងទៅរស់នៅក្រុងអរិយក្សត្រ ស្រុកល្វាឯម និងស្រុកកៀនស្វាយកើនឡើងកម្រិតណានៅឡើយទេ។
ដោយសារមិនទាន់រកឃើញ ការព្យាករណ៍ផ្លូវការរបស់រដ្ឋាភិបាល ដែលបង្ហាញពីចំនួនប្រជាជនជាក់លាក់ សម្រាប់ឆ្នាំ ២០៣០ ឬ ២០៤០ នៅក្នុងតំបន់ទាំងនោះ។
១. ផែនការរបស់រដ្ឋាភិបាល លើការតភ្ជាប់រវាងទីក្រុងអរីយក្សត្រ និងភ្នំពេញ
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតីហ៊ុន ម៉ាណែត បានលើកឡើងកាលពីខែធ្នូ ឆ្នាំ ២០២៤ ថា រដ្ឋាភិបាលកំពុងពិចារណា លើការតភ្ជាប់បន្ថែមមួយទៀត ដែលអាចជាស្ពាន ឬផ្លូវតភ្ជាប់ឆ្លងកាត់ទឹក ឬក្រោមទឹក រវាងតំបន់ទីក្រុងរណបអារីក្សត្រថ្មី និងកោះនរា។ លោកក៏បានជំរុញឱ្យមានការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់បៃតង នៅតំបន់ភាគខាងកើតទន្លេមេគង្គ ដើម្បីត្រៀមខ្លួនសម្រាប់ការរីកចម្រើននាពេលអនាគតផងដែរ។

២. ស្ពានមិត្តភាពកម្ពុជា-កូរ៉េ
ស្ពានដែលបានគ្រោងទុកនេះ នឹងតភ្ជាប់តំបន់ត្រើយខាងលិចនៃរាជធានីភ្នំពេញទៅកាន់អារីក្សត្រ ដែលនឹងផ្តល់នូវផ្លូវតភ្ជាប់ដ៏សំខាន់មួយទៀត។ រដ្ឋាភិបាលក៏បានបញ្ជាក់ផងដែរថា កំពុងពិចារណាលើការសាងសង់ស្ពានបន្ថែមទៀត នៅពេលដែលចំនួនប្រជាជន និងសកម្ម ភាពសេដ្ឋកិច្ចមានការកើនឡើងឆ្ពោះទៅទិសខាងកើត។
ទោះជាយ៉ាងណា គម្រោងសាងសង់ស្ពាននេះ ត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារ និងអាចលុបចោលនាពេលអនាគត ប៉ុន្តែទោះជាយ៉ាងណា រដ្ឋាភិបាលមិនទាន់ប្រកាសពីការលុបចោល ឬសាងសង់នាពេលណានោះទេ។

៣. ស្ពានដីឥដ្ឋ-ថ្មគរ
ស្ពាននេះមានសារៈសំខាន់ជាពិសេស សម្រាប់ស្រុកល្វាឯម។ គិតត្រឹមថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបានរាយការណ៍ថា គម្រោងនេះសម្រេចបានលទ្ធផល ៤៧,៦% ហើយ។
គម្រោងស្ពាននេះ គឺជាការតភ្ជាប់ដែលមានប្រវែងសរុប៣,៧ គីឡូម៉ែត្រ រួមទាំងស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រវែង១,៦ គីឡូម៉ែត្រ ដោយចំណាយថវិកាប្រហែល២៣០ លានដុល្លារ ដើម្បីតភ្ជាប់តំបន់ដីឥដ្ឋក្នុងស្រុកកៀនស្វាយ ទៅកាន់តំបន់ថ្មគរក្នុងស្រុកល្វាឯម។
ក្រៅពីនេះ ក៏មានផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនីតភ្ជាប់រវាងស្រុកល្វាឯម និងអរីយក្សត្រផងដែរ រួមទាំងខ្សែបញ្ជូនថាមពលអគ្គិសនីប្រវែង១៥គីឡូម៉ែត្រ ដែលបង្ហាញថាផែនការហេដ្ឋារចនាសម្ព័ន្ធ កំពុងពង្រីកទៅកាន់ច្រករបៀងភាគខាងកើតនេះ។

៤. មូលហេតុដែលចំនួនប្រជាជនអាចនឹងកើនឡើង
ចំណុចសំខាន់គឺការតភ្ជាប់ រដ្ឋាភិបាលផ្ទាល់បានចាត់ទុកតំបន់ភាគខាងកើតទន្លេមេគង្គថា “ជាតំបន់ដែលមានលទ្ធភាពខ្ពស់” សម្រាប់ការអភិវឌ្ឍពង្រីកទីក្រុង និងរំពឹងថាការអភិវឌ្ឍនឹងងាកទៅរកទិសខាងកើត នៅពេលដែលតំបន់ភាគខាងលិច នៃរាជធានីភ្នំពេញមានការអភិវឌ្ឍសំណង់ពេញលេញ។
ចក្ខុវិស័យដែលបានកំណត់ គឺការផ្លាស់ប្តូរតំបន់នេះ ពីតំបន់ដែលភាគច្រើនជាដីកសិកម្ម ទៅជាតំបន់សម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្ម សេវាកម្ម និងសកម្មភាពឧស្សាហកម្ម។ ដូច្នេះ លោកយិន លាងគង់សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានតានដានដំណើរវិវត្តន៍ លើវិស័យនេះជាច្រើនឆ្នាំ បានមើលឃើញពីខ្សែបណ្តោយតំបន់នេះ (corridor) ប្រហាក់ប្រហែលនឹងទម្រង់បែបនេះ គឺការតភ្ជាប់ពីភ្នំពេញ មកកាន់ទីក្រុងនរា ឆ្ពោះទៅកាន់ទីក្រុងអរិយក្សត្រ ភ្ជាប់ជាមួយស្រុកល្វាឯម និងស្រុកកៀនស្វាយ/ថ្មគរ។
លោកបញ្ជាក់ថា “នៅពេលដែលគម្រោងស្ពាន ផ្លូវថ្នល់ បណ្តាញហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ទីក្រុងថ្មីៗត្រូវបានបញ្ចប់ ការធ្វើដំណើរនឹងកាន់តែងាយស្រួល ហើយអ្នកអភិវឌ្ឍន៍នឹងមានហេតុផលកាន់តែច្រើនក្នុងការសាងសង់លំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្ម”។
ចំណុចសំខាន់ដែលត្រូវកត់សម្គាល់ គឺរដ្ឋាភិបាលមានឯកសារច្បាស់លាស់ អំពីផែនការហេដ្ឋារចនាសម្ព័ន្ធ និងការរំពឹងទុកលើការអភិវឌ្ឍ ប៉ុន្តែវាមិនមែនជាការធានាថា តំបន់អរិយក្សត្រ ឬល្វាឯមនឹងមានអត្រាកំណើនប្រជាជន ក្នុងកម្រិតណាមួយជាក់លាក់នោះទេ។
សម្រាប់ការសិក្សាស្រាវជ្រាវ ផ្នែកអចលនទ្រព្យរបស់អ្នក លោកយិន លាងគង់បានចង្អុលឲ្យតាមដានសូចនាករចំនួនបី ជាជាងមើលតែលើចំនួនប្រជាជនតែមួយមុខ ទី១ ការបញ្ចប់ការសាងសង់ស្ពានថ្មី។ ទី២ ការកែលម្អផ្លូវថ្នល់ និងទី៣ ការចូលរស់នៅ ឬការប្រើប្រាស់ជាក់ស្តែងនៃលំនៅដ្ឋាន/តំបន់ពាណិជ្ជកម្ម។
លោកបញ្ជាក់ថា “មូលដ្ឋនទាំងនេះ នឹងបង្ហាញថាតើកំណើនដែលបានព្យាករណ៍ សម្រាប់តំបន់ត្រើយខាងកើតទន្លេមេគង្គនោះ កំពុងក្លាយជាការពិតដែរឬទេនាពេលអនាគត”?៕







