លោកហ៊ុន ម៉ានីៈ ទំនាក់ទំនង​កម្ពុជា​វៀតណាម​ ជា​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ ​មិត្ត​ភាព​ជា​ប្រពៃណី​

ចែករំលែក

ដោយៈ ម៉ាណា

   វៀតណាមៈ ទំនាក់ទំនងកម្ពុជាវៀតណាម ជាទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដែលនៅក្នុងឆ្នាំក្រោយនេះ ប្រទេសទាំងពីរនឹងប្រារព្ធខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូត។

លោកឧបនាយករដ្ឋមន្រ្តីហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងបែបនេះ ក្នុងជំនួបជាមួយលោកជំទាវ បួយ ធីមិញហ័យ ប្រធានគណៈមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងនិងជាសមា​ជិកការិយាល័យនយោបាយ ក្នុងឱកាសលោកដឹកនាំប្រតិភូទស្សនកិច្ចនៅប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា“ទំនាក់ទំនងប្រទេសទាំងពីរ ពិតជាបានឆ្លងកាត់ដំណាក់កាលលំបាករៀងៗខ្លួន ទម្រាំបានឈានមកដល់ថ្ងៃនេះ”។ លោកបន្តថា “និយាយជារួមជាទំនាក់ទំនងដែលបានឆ្លងកាត់ការសាកល្បងជាបន្តបន្ទាប់ ប៉ុន្តែទំនាក់ទំនងមួយនេះ គឺមិនប្រែប្រួល ហើយនេះគឺជាមូលដ្ឋានដ៏រឹងមាំ សម្រាប់បន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍនិងវិបុលភាព សម្រា​ប់ប្រជាជាតិយើងទាំងពីរតទៅមុខ ជាពិសេសខណៈដែលស្ថានភាពពិភពលោកពោរពេញដោយភាពមិនច្បាស់លាស់”។

ក្នុងចំណោមប្រទេសអាស៊ាន ប្រទេសវៀតណាមកំពុងតែមានភាពលេចធ្លោ ក្នុងការសម្រេចបានកំណើនប្រមាណ៨% ក្នុងឆ្នាំ ២០២៥ និង៨,១៨% ក្នុង៦ខែដំបូងនៃឆ្នាំ២០២៦ (បើតាមការលើកឡើងរបស់ភាគីមិត្ត) ដែលផលនេះមិនត្រឹមតែនាំប្រយោជន៍ ជូនប្រជាជនវៀតណាមនោះទេ តែក៏នាំមកនូវផលវិជ្ជមានសម្រាប់តំបន់ ក្នុងនោះកម្ពុជាផងដែរ ដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើងគួរកត់សម្គាល់ ក្នុង៨ខែនៃឆ្នាំ២០២៦ បើធៀបជាមួយនឹងឆ្នាំ២០២៥ ដែលការនេះបញ្ជាក់ពីផល ដែលទទួលបានពីគ្នាទៅវិញទៅមក។

ក្នុងឱកាសនោះ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលកន្លងមករវាងស្ថាប័នយុវជន នៃប្រទេសទាំងពីរ និងលើកទឹកចិត្តឱ្យបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នយុវជន នៃប្រទេសទាំងពីរបន្ថែមទៀត។

ទន្ទឹមនេះ ជំនួបជាមួយ លោកង្វៀន វ៉ាន់ ផុង អនុលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ក៏បានកត់សម្គាល់អំពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ទីក្រុងហាណូយ ដែលមានប្រជាជនជាង ៩លាននាក់ និង ទំហំផ.ស.ស. រំពឹងថានឹងសម្រេចបានជាង៧០ប៊ីដុល្លារ នៅឆ្នាំ២០២៦ ព្រមទំងកំណត់គោលដៅអភិវឌ្ឍន៍ ជាទីក្រុងសកល (Metropolitan City) នៅឆ្នាំ២០៤៥ ដោយសម្រេចឱ្យបានអត្រាកំណើន១១% ស្របតាមគោលការណ៍កំណត់ដោយថ្នាក់ដឹកនាំ ជាពិសេស ឯកឧត្តមអគ្គលេខាធិការបក្ស តូ ឡឹម។

ជំនួបនាថ្ងៃនេះ បានបញ្ជាក់ពីសារៈសំខាន់នៃតួនាទីយុវជន និងការចូលរួមចំណែក បន្តថែរក្សាពូនជ្រំនូវចំណងមិត្តភាព ដែលបានកសាងឡើងជាច្រើនជំនាន់សម្រាប់បច្ចុប្បន្ន និងទៅអនាគត៕


ចែករំលែក