រដ្ឋាភិបាល និង​ផ្នែកឯក​ជន​វេទិកា​ផ្សព្វផ្សាយ​សមិទ្ធផល​របស់​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិន​មែន​ធនាគារ ​និង​សន្និសីទ​មូលបត្រ​ប្រចាំ​ឆ្នាំ២០២៦

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ  អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោ​បល់ធុរកិច្ចអាស៊ានកម្ពុជា បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយសមិទ្ធផលអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងសន្និសីទមូលបត្រប្រចាំឆ្នាំ២០២៦។

វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ឯកអគ្គរដ្ឋទូត តំណាងអង្គទូត តំណាងដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិ និងតំណាងជាន់ខ្ពស់តាមបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំនៃ អ.ស.ហ. ក្រុមប្រឹក្សាភិបាល អ្នកគ្រប់គ្រងជាន់ខ្ពស់ និងអ្នកជំនាញ មកពីអង្គភាពក្រោមនិយ័តកម្មរបស់ ន.ម.ក. (ក្រុមហ៊ុនមូលបត្រ និងស្ថាប័នពាក់ព័ន្ធ។

កម្មវិធីនេះ មានគោលបំណង:(១). ការបង្ហាញពីសមិទ្ធផលសម្រេចបាន៖ រំលេចនូវវឌ្ឍនភាពសំខាន់ៗរបស់ អ.ស.ហ. ក្នុងអាណត្តិទី១ និងកំណត់ទិសដៅអាទិភាពទាំងទិដ្ឋភាពបទប្បញ្ញត្តិ និងទិសដៅអភិវឌ្ឍន៍សម្រាប់អាណត្តិទី២។ (២).ការជំរុញកំណើនទីផ្សារមូលបត្រកម្ពុជា និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) តាមរយៈវេទិកាពិភាក្សា៖ បង្កើតនូវវេទិការួមមួយដើម្បីប្រមូល និងផ្លាស់ប្តូរទស្សនៈរវាងភាគីពាក់ព័ន្ធ, អ្នកជំនាញក្នុងវិស័យមូលបត្រ និងដៃគូអភិវឌ្ឍន៍សំខាន់ៗលើប្រធានបទផ្សេងៗ រួមមាន៖ ក. ការលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការត្រួតពិនិត្យទ្រព្យឌីជីថល៖ បង្ហាញពីទិដ្ឋភាពបទប្បញ្ញ​ត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុ និងពិភាក្សាលើក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រាប់ការត្រួតពិនិត្យទ្រព្យឌីជីថល។

ខ. ការជំរុញការចូលរួមក្នុងទីផ្សារមូលបត្រ៖ លើកកម្ពស់ការចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ និងការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្ម ដែលជាជម្រើសប្រកបដោយប្រសិទ្ធភាព សម្រាប់សហគ្រាសឯកជន ក្នុងការទទួលបានហិរញ្ញប្បទានរយៈពេលវែង សម្រាប់ការពង្រីកអាជីវកម្ម។

គ. ការបង្កើនទ្រព្យសកម្ម និងការធ្វើពិពិធកម្មការវិនិយោគ៖ បង្ហា​ញពីឱកាសវិនិយោគ ក្នុងផលិតផលមូលបត្រ ដែលស្ថិតក្រោមនិយ័តកម្មរបស់ ន.ម.ក. ដើម្បីបង្កើនការចូលរួមពីវិនិយោគិនរាយ និងវិនិយោគិនស្ថាប័ន។ ឃ. ការពង្រឹងទំនុកចិត្តទីផ្សារ និងកិច្ចគាំពារវិនិយោគិន៖ បន្ស៊ីការអនុវត្តជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពលើទ្រព្យសកម្មរបស់វិនិយោគិន និងរក្សានូវតម្លាភាពទីផ្សារ។

ទន្ទឹមនេះ សន្និសីទមូលបត្រប្រចាំឆ្នាំលើកទី២ ក៏ផ្តោតលើការពិភាក្សាអំពីការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ព្រមទាំងធាតុគន្លឹះក្នុងប្រព័ន្ធ Ecosystem ហិរញ្ញវត្ថុ ដែលពាក់ព័ន្ធនឹងវិស័យមូលបត្រ ដើម្បីស្វែងរកទិសដៅ និងដំណោះស្រាយ សម្រាប់ជំរុញការអភិវឌ្ឍវិស័យនេះបន្ថែមទៀត។

ក្នុងរយៈពេល៥ឆ្នាំ នៃអាណត្តិទី១ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ វិស័យហិរញ្ញវត្ថុមិនមែនធនាគារ បានរីកលូតលាស់យ៉ាងឆាប់រហ័ស និងកំពុងក្លាយជាសមាសធាតុមួយ ដែលមានតួនាទីកាន់តែសំខាន់ក្នុងប្រព័ន្ធហិរញ្ញវត្ថុជាតិ។ ការរីកចម្រើននេះ មិនត្រឹមតែឆ្លុះបញ្ចាំង តាមរយៈកំណើនទំហំវិស័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមបង្កើតអត្ថប្រយោជន៍ និងតម្លៃបន្ថែមសម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជាផងដែរ៕


ចែករំលែក