ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ JLL បានឱ្យដឹងថា វិនិយោគិនអន្តរជាតិដែលបានមើលឃើញសញ្ញានៃការងើបឡើងវិញដំបូងនៅក្នុងទីផ្សារការិយាល័យ និងលក់រាយនៅចិនដីគោក នឹងចាប់ផ្តើមធ្វើការទិញ ខណៈក្តីបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការត្រូវបានកាត់បន្ថយ។
លោក Stuart Crow នាយកប្រតិបត្តិផ្នែកទីផ្សារមូលធនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន JLL បានលើកឡើងថា អ្នកវិនិយោគបរទេសនឹងងាកមកចាប់អារម្មណ៍លើទីផ្សារអចលនទ្រព្យនៅចិនដីគោកវិញ ខណៈការផ្គត់ផ្គង់ថ្មីត្រូវបានស្រូបយកដោយតម្រូវការប្រើប្រាស់ថ្មី។
ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសចិនកំពុងបង្ហាញសញ្ញានៃការងើបឡើងវិញនៅដំណាក់កាលដំបូង ខណៈដែលការផ្គត់ផ្គង់ថ្មី និងតម្រូវការកំពុងមានតុល្យភាពកាន់តែប្រសើរឡើង។
ទោះជាយ៉ាងណា វិនិយោគិនធំៗដូចជាមូលនិធិអចលនទ្រព្យ និងក្រុមហ៊ុនធានារ៉ាប់រង នឹងត្រឡប់មកវិញលុះត្រាតែអចលនទ្រព្យពាណិជ្ជកម្មអាចបង្កើតប្រាក់ចំណូលពីការជួលបានគ្រប់គ្រាន់។
ការលក់អចលនទ្រព្យបានកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងសៀងហៃ និងប៉េកាំងក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦។ ក្រុមហ៊ុនក្នុងស្រុក និងវិនិយោគិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភបានទិញការិយាល័យ និងសណ្ឋាគារ ដោយសារពួកគេរំពឹងថាថ្លៃលក់នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងពេលឆាប់ៗនេះ។
នៅទីក្រុងសៀងហៃ តម្លៃការិយាល័យបានធ្លាក់ចុះពី ៣០% ទៅ ៤០% ពីកម្រិតខ្ពស់បំផុតដែលបង្កើតឱកាសសម្រាប់វិនិយោគិនក្នុងការទិញអចលនទ្រព្យក្នុងតម្លៃទាបជាងមុន។
ក្រុមហ៊ុន JLL លើកឡើងថា មានក្តីសង្ឃឹមសម្រាប់ការងើបឡើងវិញ ជាពិសេសសម្រាប់អគារការិយាល័យដែលមានគុណភាពខ្ពស់បំផុត។
ការិយាល័យលំដាប់ A (Grade A) ត្រូវបានគេរំពឹងថានឹងងើបឡើងវិញលឿនជាងការិយាល័យដែលមានគុណភាពទាប។
នៅទីក្រុងសៀងហៃ តម្លៃជួលការិយាល័យលំដាប់ A កម្រិតខ្ពស់ (premium) មានស្ថិរភាព និងចាប់ផ្តើមងើបឡើងវិញនៅក្នុងឆ្នាំ ២០២៦។
នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០២៦ ការិយាល័យកម្រិតខ្ពស់ (premium) មានតម្លៃជួលជាមធ្យម ៨,៥ យ័នក្នុងមួយម៉ែត្រការ៉េក្នុងមួយថ្ងៃ បើធៀបនឹង ៦ យ័នក្នុងមួយម៉ែត្រការ៉េក្នុងមួយថ្ងៃសម្រាប់ការិយាល័យលំដាប់ A ទូទៅ៕






