ដោយៈ ចំណាន
ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីពិនិត្យពិភាក្សាលើការស្នើសុំ កិច្ចគាំទ្រជាពិសេស សម្រាប់គម្រោងវិនិយោគ ការពង្រីកគម្រោងវិនិយោគបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុនអន្តរជាតិ ក្នុងវិស័យកម្មន្តសាលបច្ចេកវិទ្យានារសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៦។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង តំណាងជាន់ខ្ពស់មកពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងរ៉ែ និង ថាមពល, អាជ្ញារធរអគ្គិសនីកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានគោលនយោបាយ និងលេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន អមដោយមន្រ្តីជំនាញពាក់ព័ន្ធ។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាបរិយាកាសវិនិយោគ និងបន្តគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន រហូតឱ្យឈានទៅសម្រេចការពង្រីកទុន វិនិយោគបន្ថែមរបស់ក្រុមហ៊ុន ។
លោកបញ្ជាក់ថា “ការណ៍នេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តដ៏មុតមាំរបស់ក្រុមហ៊ុននេះ មកលើស្ថិរភាពនយោបាយ និង ភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា” ។
អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះគម្រោងវិនិយោគថ្មីនេះ ដែលត្រូវបានចាត់ទុកជា “បច្ចេកវិទ្យាស្នូល (Core Technology) និងជាការបោះជំហានជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា។
គម្រោងនេះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ ការបង្កើតការងារជំនាញរាប់ពាន់កន្លែង, ការផ្ទេរបច្ចេកវិទ្យាទំនើប និងការធ្វើសមាហរណកម្មខ្សែ ច្រវាក់ផលិតកម្មរបស់កម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃសកល (Global Value Chain)ឲ្យកាន់តែមានភាពប្រកួតប្រជែងនៅក្នុងតំបន់ ។
តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ បានធ្វើការពិភាក្សាយ៉ាងផុសផុល ទៅលើសំណូមពរ និង ការស្នើសុំកិច្ចគាំទ្រនានារបស់ក្រុមហ៊ុន ដែលទាមទារ ឱ្យមានការសម្របសម្រួលផ្នែកនីតិវិធីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់កញ្ចប់លើកទឹកចិត្តវិនិយោគ។ ឈរលើស្មារតីគាំទ្រធុរកិច្ច (Pro-business) អង្គប្រជុំបានបង្ហាញនូវជំហរទន់ភ្លន់ និង ត្រៀមខ្លួនជាស្រេចក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយភាពបត់បែន ដើម្បីផ្តល់នូវការធានា និង ទំនុកចិត្តកម្រិតអតិបរមាជូនក្រុមហ៊ុន ក្នុងការសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជា ដោយក្តីជឿជាក់។
កិច្ចប្រជុំនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និង ប្រកបដោយផ្លែផ្កា ដោយតំណាងអន្តរក្រសួង-ស្ថាប័ន បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ន សំដៅធានាថាការស្រូបយកខ្សែច្រវាក់ ផលិតកម្មបច្ចេកវិទ្យាទំនើបពីក្រុមហ៊ុនអន្តរជាតិ អាចប្រព្រឹត្តទៅដោយរលូន ដែលនឹងក្លាយជាចលករក្នុងការជំរុញឱ្យកម្ពុជា អាចធ្វើសមាហរណកម្មកាន់តែប្រសើរ ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកល សំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា៕







