ដោយៈ ម៉ាណា
ភ្នំពេញៈ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន NEO Battery materials Ltd. បានបង្ហើបឱ្យដឹងថា ខ្លួនកំពុងមានបំណងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនកម្ពុជាលើការវិនិយោគលើផលិតផលថ្មសម្រាប់ដ្រូន។
លោក Park Janghwan នាយកគ្រប់គ្រងនៃក្រុមហ៊ុន NEO Battery materials Ltd. ក្នុងពេលជួបពិភាក្សាការងារជាមួយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ លោក Park Janghwan បានលើកឡើងថា រូបលោកផ្ទាល់ គឺជាអ្នកបង្កើតផែនការសាកល្បង លើប្រតិបត្តិការដ្រូនដំបូងគេបង្អស់នៅប្រទេសកូរ៉េ។ បច្ចុប្បន្នរូបលោកផ្ទាល់កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការដឹកនាំគណៈប្រតិភូរបស់ខ្លួន ទៅបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីស្វែងរកកិច្ចសហការជាមួយស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា។
ក្រុមហ៊ុន NEO Battery materials Ltd. ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ ជាក្រុមហ៊ុនផលិតថ្ម (battery) សម្រាប់ប្រើប្រាស់លើដ្រូនគ្រប់ប្រភេទរបស់កូរ៉េ។
ជាការឆ្លើយតប លោក ឃួន ផុនរតនៈ បានបង្ហាញការស្វាគមន៍ចំពោះបំណងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន NEO Battery materials Ltd. ដែលចង់មកមើលដោយផ្ទាល់ពីសក្តានុពលទីផ្សារ និងតម្រូវការប្រើប្រាស់ដ្រូននៅកម្ពុជា។ បន្ថែមពីលើនេះ លោកក៏ក្តីរីករាយក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនNEO ផងដែរ។
លោកថ្លែងថា “ខ្ញុំសូមស្វាគមន៍ចំពោះបំណង ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន NEO ជាមួយនឹងស្ថាប័នរដ្ឋ-ឯកជនរបស់កម្ពុជា ព្រោះថាបច្ចុប្បន្ននេះកម្ពុជា កំពុងត្រូវការដ្រូនសម្រាប់ប្រើប្រាស់លើវិស័យជាច្រើន”។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-កូរ៉េ មានទឹកប្រាក់សរុប ៨៥៨,៩៧ លានដុល្លារ កើនឡើង៤៥,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះការនាំទំនិញពីកម្ពុជា ទៅប្រទេសកូរ៉េ មានទឹកប្រាក់ ២៩៣,៣៩លានដុល្លារ កើនឡើង៤១,១% និងទំនិញកូរ៉េនាំមកវិញ ៥៦៥,៥៧លានដុល្លារ កើនឡើង៤៨,២%។
បច្ចុប្បន្នក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងRCEP ដែលរដ្ឋាភិបាលនៃប្រទេសទាំង ២ បានចុះហត្ថលេខា និងចូលជាធរមាននាពេលកន្លងមក វិស័យឯកជននៃប្រទេសទាំង២ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦៕






