មន្រ្តី​ជាន់​ខ្ពស់​ពិភាក្សាការងា​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​នៃ​ការ​ទទួលទាន​គ្រឿងស្រវឹង​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​

ចែករំលែក

ដោយៈ ចំណាន

   ភ្នំពេញៈ លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូតំណាង សម្ព័ន្ធអន្តរជាតិសម្រាប់ការទទួលទានគ្រឿងស្រវឹង ដោយការទទួលខុសត្រូវ (International Alliance for Responsible Drinking – IARD) ដឹកនាំដោយ លោក Julian Braithwaite ដែលជានាយកប្រតិបត្តិ និងជាប្រធាន IARD។

នៅក្នុងឱកាសនៃជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូIARD និងបានវាយតម្លៃខ្ពស់ចំពោះបេសកកម្ម និងការប្តេជ្ញាចិត្តរបស់IARD ក្នុងការលើកកម្ពស់ការយល់ដឹង អំពីការបរិភោគគ្រឿងស្រវឹងដោយទទួលខុសត្រូវ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានក្នុងសង្គម និងការជួយជំរុញស្តង់ដារប្រតិបត្តិការ ប្រកបដោយការទទួលខុសត្រូវ ក្នុងឧស្សាហកម្មគ្រឿងស្រវឹងនៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកវិស័យឯកជន ជាដៃគូមិនអាចខ្វះបាន ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាលបានបង្កើតយន្តការសន្ទនាផ្ទាល់ ជាមួយវិស័យឯកជនត្រង់ទៅត្រង់មក ដោយតម្លាភាពនិងជាទៀងទាត់ រួមមាន វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន (P-PSD) រៀងរាល់៦ខែម្តង, ជំនួបទទួលទានអាហារពេលព្រឹកធុរកិច្ច រវាងរដ្ឋនិងវិស័យឯកជន (P-PSBB) រៀងរាល់២ខែម្តង និងគំនិតផ្តួចផ្តើមថ្មីចុងក្រោយបំផុតគឺ កម្មវិធី Open Day with DPM។

យន្តការទាំងនេះ គឺជាស្ពានឆ្លើយតប និងដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ និងកង្វល់របស់វិនិយោគិនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបាននូវបរិយាកាសធ្វើធុរកិច្ចប្រកបដោយការទុកចិត្ត និងភាពស្និទ្ធស្នាលបំផុត។

ជាការឆ្លើយតប លោកនាយកប្រតិបត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនអំពីគោលនយោបាយ សកម្មភាពចម្បងៗ និងកិច្ចសហប្រតិបត្តិការរបស់IARD ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនេះ លោកប្រធាននាយកប្រតិបត្តិ ក៏បានលើកឡើងពីយុទ្ធសាស្ត្រការងាររបស់ខ្លួននាពេលអនាគត ដែលផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយក្រុមហ៊ុនក្នុងតំបន់ ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពការងាររបស់ខ្លួន។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពសង្គម សុវត្ថិភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោក បានលើកទឹកចិត្តឱ្យIARD បន្តធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួ​យក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធរបស់កម្ពុជា ក្នុងការរៀ​បចំកម្មវិធីអប់រំសាធារណៈ ការទប់ស្កាត់ការបរិភោគគ្រឿងស្រវឹងហួសកម្រិតកំណត់ និងការលើកកម្ពស់ការទទួលខុសត្រូវសង្គម របស់ក្រុមហ៊ុនឯកជន (CSR)៕

 


ចែករំលែក