ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យអាស៊ានត្រូវបានគេរំពឹងថា នឹងឈានចូលដល់ឆ្នាំ ២០២៧ ជាមួយនឹងកំណើនមធ្យម ដែលគាំទ្រដោយការពង្រីកសេដ្ឋកិច្ច នគរូបនីយកម្ម ការកើនឡើងនៃប្រាក់ចំណូលគ្រួសារ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។
ទីផ្សារធំៗដូចជា សិង្ហបុរី ឥណ្ឌូណេស៊ី វៀតណា ម៉ាឡេស៊ី និងហ្វីលីពីន នឹងបន្តទាក់ទាញចំណាប់អារម្មណ៍ពីវិនិយោគិន ។ ប៉ុន្តែ ស្ថានភាពទីផ្សារទាំងនេះនឹងមានភាពខុសគ្នាអាស្រ័យលើកត្តាអត្រាការប្រាក់ ការប្រែប្រួលតម្លៃរូបិយប័ណ្ណ លទ្ធភាពក្នុងការទិញលំនៅឋាន និងគោលនយោបាយរបស់រដ្ឋាភិបាល។
ប្រទេសសិង្ហបុរីត្រូវបានរំពឹងថា នឹងរក្សាបាននូវតួនាទីរបស់ខ្លួនជាទីតាំងវិនិយោគដ៏មានសុវត្ថិភាពនៅក្នុងតំបន់ ខណៈវៀតណាម និងឥណ្ឌូណេស៊ីអាចនឹងទទួលបានអត្ថប្រយោជន៍ពីតម្រូវការក្នុងស្រុកដ៏រឹងមាំ ព្រមទាំងការរីកចម្រើននៃវិស័យផលិតកម្ម វិស័យដឹកជញ្ជូន និងភស្តុភារកម្ម។
វិស័យអចលនទ្រព្យឧស្សាហកម្ម ភស្តុភារកម្ម និងមជ្ឈមណ្ឌលទិន្នន័យ នឹងក្លាយជាទីផ្សារដែលមានស្ថានភាពល្អប្រសើរបំផុតនៅឆ្នាំ ២០២៧។
ការបន្តរីកចម្រើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេវាកម្មឌីជីថល ការផលិតបន្ទះឈីប (semiconductor) និងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ កំពុងជំរុញឱ្យក្រុមហ៊ុនពហុជាតិសាស្ត្របង្កើត ឬពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងតំបន់អាស៊ាន។
វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងហ្វីលីពីន មានលក្ខណៈអំណោយផលខ្លាំងក្នុងការទាក់ទាញការវិនិយោគលើតំបន់ឧស្សាហកម្ម ឃ្លាំងស្តុកទំនិញ មជ្ឈមណ្ឌលភស្តុភារកម្ម និងមជ្ឈមណ្ឌលទិន្នន័យ។
ទន្ទឹមនឹងនេះ ទីផ្សារលំនៅឋាននឹងអាស្រ័យលើទីតាំង ដោយតម្រូវការនឹងផ្តោតសំខាន់ទៅលើទីក្រុងធំៗ និងគម្រោងអភិវឌ្ឍន៍ដែលមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធល្អ។
ទោះជាយ៉ាងណា ទស្សនវិស័យនេះនឹងមិនអាចជៀសផុតពីបញ្ហាប្រឈមនានានោះទេ។ តម្លៃអចលនទ្រព្យខ្ពស់ កង្វល់អំពីលទ្ធភាពទិញ ការផ្លាស់ប្តូរផ្នែកបទប្បញ្ញត្តិ ភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ និងហានិភ័យនៃការផ្គត់ផ្គង់លើសតម្រូវការ អាចនឹងជះផលប៉ះពាល់ដល់កំណើនទីផ្សារផងដែរ៕







