ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ាបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការដណ្តើមអំណាចដោយយោធា។ របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចមីយ៉ាន់ម៉ារបស់ធនាគារពិភពលោក ប្រចាំខែមិថុនា ឆ្នាំ២០២៦ បានបញ្ជាក់ថា តម្លៃអចលនទ្រព្យបានកើនឡើង ៤ ដង។
ជាឧទាហរណ៍ អ្នកម៉ៅការម្នាក់នៅទីក្រុង Yangon បានទិញអាផាតមុិនមួយដែលមានទំហំ ៨៤ ម៉ែត្រការ៉េក្នុងឆ្នាំ ២០២១ ក្នុងតម្លៃ ៧៥ លានគ្យាត (Kyats) (ប្រហែល៣០.០០០ដុល្លារបើគិតតាមអត្រាប្តូរប្រាក់បច្ចុប្បន្ន)។ បច្ចុប្បន្ននេះ អាផាតមុិននោះមានតម្លៃប្រហែល ៣០០ លានគ្យាត។
ការកើនឡើងយ៉ាងគំហុកនៃតម្លៃអចលនទ្រព្យក៏កំពុងរាលដាលទៅដល់ដីទំនេរផងដែរ។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា អត្រាអតិផរណាខ្ពស់ ការរឹតបន្តឹងការនាំចូល កង្វះខាតរូបិយប័ណ្ណបរទេស និងជម្លោះដែលកំពុងបន្តកើតមាន បានធ្វើឱ្យការធ្វើអាជីវកម្មជួបការលំបាក។

នៅពេលដែលការនាំចូលកាន់តែមានការលំបាក ហើយអាជីវកម្មជួបការលំបាកក្នុងការស្វែងរកទំនិញសម្រាប់លក់ ពាណិជ្ជករ និងម្ចាស់អាជីវកម្មជាច្រើនបានចាប់ផ្តើមវិនិយោគប្រាក់ដែលនៅសល់របស់ពួកគេទៅលើដីធ្លីវិញ ជំនួសឱ្យការទិញទំនិញ។
ភ្នាក់ងារអចលនទ្រព្យបានឱ្យដឹងថា តម្លៃអចលនទ្រព្យមានស្ថុិរភាពល្អគួរសមក្នុងឆ្នាំ ២០២២ ប៉ុន្តែក្រោយមកបានចាប់ផ្តើមហក់ឡើងថ្លៃយ៉ាងឆាប់រហ័ស ប្រហែល ៤០% ទៅ ៦០% ក្នុងមួយឆ្នាំនៅតំបន់មួយចំនួន។ ជាលទ្ធផល តម្លៃអចលនទ្រព្យមួយចំនួនបានកើនឡើង ៤ ដងចាប់តាំងពីឆ្នាំ ២០២១ មក៕







