ដោយៈ ចំណាន
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា នៅឆ្នាំ២០៣១ ខ្សែផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោ(KTI) នឹងក្លាយជាតំបន់ដែលមានកំណើនទីក្រុងខ្លាំងបំផុតមួយនៅក្នុងប្រទេសកម្ពុជា។
តំបន់នេះផ្នែកខាងក្នុង នឹងអភិវឌ្ឍទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាល (CBD) ទីពីរនៅភាគខាងត្បូង ហើយផ្នែកខាងក្រៅនឹងក្លាយជាទីក្រុងសេដ្ឋកិច្ច ដែលផ្តោតលើសកម្មភាពទាក់ទងនឹងព្រលានយន្តហោះ។
ដូច្នេះ ខ្សែផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ភ្ជាប់ជាមួយទីក្រុងកោះពេជ្រ ទៅកាន់KTI គឺជាតំបន់មួយដែលអ្នកវិនិយោគកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។
ចំណែកអ្នកវិនិយោគផ្នែកដីធ្លី លោកយិន លាងគង់ អ្នកតាមដានដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យ និងជាអគ្គនាយកគេហទំព័រPropertyarea.asia បានលើកឡើងថា សម្រាប់យុទ្ធសាស្ត្រវិនិយោគលើដីធ្លី ត្រូវវាយតម្លៃតំបន់តាមបណ្តោយផ្លូវនានា សម្រាប់ផែនការវិនិយោគរយៈពេល៥ឆ្នាំ ដែលអ្នកមានលំហូរសាច់ប្រាក់ ឬសល់សាច់ប្រាក់ច្រើន គួរផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុត លើតំបន់មួយចំនួនដូចជា ទី១ មហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវធំៗដែលមានស្រាប់ ទី២ ទីក្រុងនរា ការពង្រីកទីក្រុងនៅភាគខាងត្បូងរាជធានីភ្នំពេញ។

ទី៣ តំបន់ស្ហថិតក្នុងរង្វង់ទីក្រុងING City និងតំបន់បឹងជើងឯក ដែលតតភ្ជាប់រវាងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ទី៤ ទីក្រុងរណបKTI តំបន់តភ្ជាប់ទៅកាន់ព្រលានយន្តហោះ ដីកសិកម្មដែលស្ថិតនៅឆ្ងាយពីបណ្តាញផ្លូវថ្នល់ដែលមានស្រាប់។
លោកបានបន្តព្រមានថា “កំហុសដ៏ធំបំផុតរបស់អ្នកវិនិយោគកន្លងមក គឺការទិញដីដោយគ្រាន់តែគិតថាវា “នៅជិតKTI”ប៉ុណ្ណោះ”។ លោកបន្ថែមថា “កត្តាដូចជា ការតភ្ជាប់គមនាគមន៍ ចំនួនប្រជាជន មជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗ និងផ្លូវថ្នល់ដែលងាយស្រួលប្រើប្រាស់ គឺមានសារៈសំខាន់ជាងទៅទៀត”៕







