ដោយៈ ចំណាន
ភ្នំពេញៈ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជំរុញការកែទម្រង់មុតស្រួចជាកញ្ចប់។
ការកែទម្រង់ជាកញ្ចប់រួមមាន ទី១ ការកែទម្រង់ស្ថាប័នក្រុមប្រឹក្សាអភិវឌ្ឍន៍ (CDC)៖ ការរៀបចំវិសោធនកម្មច្បាប់ដើម្បីប្រែក្លាយCDC ទៅជាទីភ្នាក់ងារជំរុញការវិនិយោគ (IPA) ឯករាជ្យ ដែលផ្តល់សេវាច្រកចេញ-ចូលតែមួយពេញលេញ (Single Window)ក្នុងការរត់ការឯកសារជំនួសវិនិយោគិន និងមានអង្គភាព After-Care Unit ប្រចាំការដោះស្រាយបញ្ហាជាប់ជាប្រចាំ។
ទី២ ការពន្លឿនសមាហរណកម្មឌីជីថល (CamDX)៖ ការតភ្ជាប់ប្រព័ន្ធ cdcIPM ជាមួយគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងពេលដំណាលគ្នា (Parallel Integration)ព្រមទាំងការតភ្ជាប់ប្រព័ន្ធជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)ដែលជិតរួចរាល់១០០% ដើម្បីលុបបំបាត់ការប្រើប្រាស់ក្រដាស។
ទី៣ ការកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងការចំណាយក្រៅផ្លូវការ៖ ការប្តេជ្ញាលុបបំបាត់ការចំណាយដែលគ្មានវិក្កយបត្រ (Expenses without invoices) ការពន្លឿនគម្រោងពង្រីកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលនឹងជួយបញ្ចុះថ្លៃកុងតឺន័របានប្រមាណ២០០ ដុល្លារក្នុងជំហានទី១ និង២០% ទៅ៣០% ក្នុងជំហានទី៣ ព្រមទាំងការកំណត់ឱ្យប្រើប្រាស់កម្មវិធី PASNet ជាកាតព្វកិច្ចត្រឹមខែមករា ខាងមុខ ដើម្បីលុបបំបាត់ការកកស្ទះ។
ទី៤ យន្តការជួបពិភាក្សាផ្ទាល់ “Open Day ជាមួយលោក ឧបនាយករដ្ឋមន្ត្រី”៖ផ្ដល់ឱកាសឱ្យក្រុមហ៊ុនជួបពិភាក្សា ដោយសម្ងាត់១ ទល់នឹង១ ជាមួយឯ.ឧ ឧបនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ។

ថ្លែងទៅកាន់អង្គពិធីកាលពីព្រឹកថ្ងៃទី៨ តុលាជាមួយក្រុមសភាពាណិជ្ជកម្មនៃប្រទេសជាច្រើនប្រចាំកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ របស់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័ន ក.អ.ក. ផ្ទាល់ ក្នុងការធ្វើកំណែទម្រង់ផ្ទៃក្នុងដ៏មុតស្រួច សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការអនុវត្តការងារស្នូលរបស់ស្ថាប័ន រួមមានជាអាទិ៍៖ (១) ការលើកកម្ពស់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសមកកាន់កម្ពុជា តាមរយៈការកាត់បន្ថយនូវនីតិវិធី និងចំណាយមិនចាំបាច់ផ្សេងៗ។
(២) ការផ្តល់កិច្ចសម្របសម្រួលវិនិយោគគ្រប់ជ្រុងជ្រោយ ចាប់តាំងពីការដាក់ពាក្យស្នើសុំវិនិយោគ រហូតដល់គម្រោងវិនិយោគអាចចាប់ផ្តើមប្រតិបត្តិការបានដោយរលូន និង(៣) ការផ្តល់សេវាថែទាំ និងគាំទ្រការវិនិយោគយ៉ាងជិតស្និទ្ធ ដើម្បីធានាបាននូវការជឿទុកចិត្ត និងភាពជោគជ័យយូរអង្វែងរបស់វិនិយោគិនបរទេសនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យផ្នែកឯកជន និងសភាពាណិជ្ជកម្មទាំងអស់ សហការរៀបចំទម្រង់ថ្មី សម្រាប់វេទិកា G-PSDF លើកទី២០ ដោយបង្វែរទិសដៅពីការលើកឡើង ត្រឹមបញ្ហាប្រឈមដាច់ដោយឡែក មកជាការរួមគ្នាបង្កើតផែនទីបង្ហាញផ្លូវ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ដែលមានតម្លៃបន្ថែមខ្ពស់ (ដូចជា គ្រឿងអេឡិចត្រូនិច យានយន្ត និងកែច្នៃចំណីអាហារ) ដើម្បីជំរុញកម្ពុជាឱ្យសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០៕







