កម្ពុជា ​អាល្លឺម៉ង់​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​អនុវត្តគម្រោង​ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជាផ្លូវ​ការ​នូវ​គម្រោង​ ICONE II

ចែករំលែក

ដោយៈ ម៉ាណា

ភ្នំពេញៈ កម្ពុជា និងភាគីអាល្លឺម៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុវត្តគម្រោង និងប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការនូវគម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែង នៃសហគ្រាសនៅកម្ពុជា ដំណាក់កាលទី២​ ICONE II រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។

ពិធីនេះប្រព្រត្តឹទៅក្រោមអធិបតីភាពរបស់ លោកឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកជំទាវ Silke Rofer ឯកអគ្គរាជទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា និងមានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល មន្ត្រីនៃស្ថានទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា និងក្រុមការងារនៃគម្រោងGIZ ICON​ II ផងដែរ។

គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការធុរកិច្ច ជាមួយដៃគូអាល្លឺម៉ង់។ សូចនាករនៃគម្រោងនេះរួមមាន៖ ១. ចំនួននៃដៃគូសហការ ឬការវិនិយោគនៅកម្ពុជា ដែលមានការចូលរួមពីក្រុមហ៊ុនអាល្លឺម៉ង់ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការធុរកិច្ច រយៈពេលវែង ឬបង្កើតវត្តមានធុរកិច្ចស្ថានភាពមូលដ្ឋាន (Baseline)៖ ១ គម្រោងសហប្រតិបត្តិការ ឬវិនិយោគ (គិតត្រឹមខែ១២ ឆ្នាំ២០២៥)
គោលដៅ (Target)៖ ៥ គម្រោងសហប្រតិបត្តិការ ឬវិនិយោគ (ត្រឹមខែ០៣ ឆ្នាំ២០៣០)។

២. ចំនួននៃវិធានការលើកកម្ពស់ការវិនិយោគ ដែលត្រូវបានអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូអាល្លឺម៉ង់៖ ស្ថានភាពមូលដ្ឋាន (Baseline)៖ ១ វិធានការ (គិតត្រឹមខែ១២ ឆ្នាំ២០២៥) គោលដៅ (Target)៖ ៨ វិធានការ (ត្រឹមខែ០៣ ឆ្នាំ២០៣០) ៣. ចំនួននៃសហគ្រាសធុនមធ្យម ឬធំដែលត្រូវបានជ្រើសរើស ដែលទទួលបានការកើនឡើងនូវផលិតភាព ឬប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន៖ ស្ថានភាពមូលដ្ឋាន (Baseline)៖ ១០ សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ ៣ សហគ្រាសដឹកនាំដោយស្ត្រី (គិតត្រឹមខែ១២ ឆ្នាំ២០២៥) គោលដៅ (Target)៖ ៤០ សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ ១០ សហគ្រាសដឹកនាំដោយស្ត្រី (ត្រឹមខែ០៣ ឆ្នាំ២០៣០) និងទី ៤. ចំនួននៃក្រុមហ៊ុនធុនមធ្យម ឬធំ ដែលបានដាក់ស្នើគម្រោងត្រៀមខ្លួនសម្រាប់ការវិនិយោគ (Investment-ready) ដែលមានសក្តានុពលអន្តរជាតិ អមដោយផែនការហិរញ្ញវត្ថុ ដែលមានរចនាសម្ព័ន្ធច្បាស់ លាស់សម្រា​ប់ការកៀរគរដើមទុន៖ ស្ថានភាពមូលដ្ឋាន (Baseline)៖៥សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ១ដឹកនាំដោយស្ត្រី (គិតត្រឹមខែ១២ ឆ្នាំ២០២៥)គោលដៅ (Target)៖ ២៥ សហគ្រាសធុនមធ្យម និងធំ ក្នុងនោះ ៥ ដឹកនាំដោយស្ត្រី (ត្រឹមខែ០៣ ឆ្នាំ២០៣០)៕


ចែករំលែក