ក្រុមហ៊ុន​អចលនទ្រព្យ​យក្សចិន​បោះទុន​វិនិយោគ ៧០០លាន​ដុល្លា​សាងសង់អាគារ​ពាណិជ្ជកម្ម​ចម្រុះ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា មិន​បញ្ឈប់​ល្បឿន​នៃ​ការអភិវឌ្ឍន៍​នោះទេ ដោយ​ក្រុមហ៊ុន R&F Properties Cambodia Co.,Ltd ជា​ក្រុមហ៊ុន​យក្ស​មួយ​មកពី​ប្រទេស​ចិន បាន​បោះទុន​វិនិយោគ​ប្រមាណ៧០០លាន​ដុល្លារ​អាមេរិក លើ​គម្រោង​សាងសង់​អគារ​ពាណិជ្ជកម្ម​ចម្រុះ។

អគ្គនាយក​ក្រុមហ៊ុន R&F Properties Cambodia Co.,Ltd លោក Yanli Lin ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរការ​សាងសង់​អគារ​ខុន​ដូ ព្រឹក​ថ្ងៃទី១៩ ធ្នូ ២០១៧នេះ​ថា R&F គឺជា​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ ដែលមាន​បញ្ចូល​នូវ​ការ​រចនា​អចលនទ្រព្យ ការអភិវឌ្ឍ ការគ្រប់គ្រង​វិស្វកម្ម ការលក់​ការគ្រប់គ្រង​អចលនទ្រព្យ និង​ភ្នាក់ងារ​អចលនទ្រព្យ ។ ក្រុមហ៊ុន​មានគុណ​វុឌ្ឍិ​អភិវឌ្ឍន៍ និង​គ្រប់គ្រង​អចលនទ្រព្យ​កម្រិតកម្រិត​A និង​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែលមាន​សមត្ថភាព​ចម្រុះ​ខ្លាំង​បំផុត​នៅ​ប្រទេស​ចិន ។

លោក​បាន​បន្តថា “គម្រោង​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម​ស្នូល ដែលមាន​ទំហំ​ទឹកប្រាក់​ប្រហែល៧០០លាន​ដុល្លារ​អាមេរិក និង​គ្របដណ្តប់​លើ​ផ្ទៃដី​សរុប៧,៧ហិកតា និង​មាន​ផ្ទៃក្រឡា​អគារ​ជិត៥៦ម៉ឺន​ម៉ែត្រការ៉េ ក្នុងនោះ​អាគារ​លំនៅដ្ឋាន​មាន​ទំហំ​ចាប់ពី ៥៥.១៣៤ម៉ែត្រការ៉េ និង​មាន​បន្ទប់​ចាប់ពី១ទៅ៣បន្ទប់ ដែលមាន​ភាពសមស្រប​សម្រាប់​ទាំង​ការវិនិយោគ និង​ការរស់នៅ​ផ្ទាល់ខ្លួន។លោក​បន្តថា “ក្នុងនាម​ជា​សហគមន៍​រស់នៅ​ដ៏​ធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ គម្រោង​នេះ​ត្រូវបាន​បំពាក់​ដោយ​ការតុបតែង​សម្ភារៈ​ដ៏​ប្រណិត តាម​បទដ្ឋាន​អន្តរជាតិ និង​ក្លឹប​កម្សាន្ត​លំដាប់​កំពូល” ។

គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ​រួមមាន​ខុន​ដូ អា​ផាត​ម៉ិ​ន ការិយាល័យ មជ្ឈមណ្ឌល​កំសាន្ត និង​កីឡា​នេះ​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សម្តេច​តេ​ជោ​ហ៊ុន សែន​ឬ​ផ្លូវ​លេខ៦០ម៉ែត្រ។

លោក Yanli Lin បាន​បន្ត​ឲ្យ​ដឹង​ទៀតថា វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ គឺជា​ជោគជ័យ​ពាក់កណ្តាល ក្នុងនាម​ក្រុមហ៊ុន​និង​ដៃគូ​សាងសង់​ដែល​ពាក់ព័ន្ធ នឹង​អនុវត្ត​ស្តង់ដារ​ខ្ពស់ នៃ​ការធ្វើផែនការ​ការគ្រប់គ្រង​គុណភាព​ខ្ពស់ និង​ប្រតិ​ប​តិ្ត​ការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ផ្តល់ជូន​ម្ចាស់​កម្ម​សិ​ទិ្ធ​នូវ​លក្ខខណ្ឌ នៃ​ការរស់នៅ​ដែលមាន​គុណភាព​ខ្ពស់ ដើម្បី​បង្កើត​នូវ​គម្រោង​ប៊ូ​ទិ​ក ដែលមាន​អត្ថន័យ​ទូលំទូលាយ​ទី១ នៅ​រាជធានី​ភ្នំពេញ សម្រាប់​ក្រុមហ៊ុន R&F Properties Cambodia Co.,Ltd ។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​លោក​ប៉ែន សុផល បាន​ថ្លែងថា ការវិនិយោគ​នេះ​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស ដែល​ប្រទេស​កម្ពុជា​កំពុងមាន​សុខសន្តិភាព ស្ថិរភាព​នយោបាយ សេដ្ឋកិច្ចសង្គម​ពេញលេញ ដែលជា​លទ្ធផល​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ របស់​រាជរដ្ឋាភិបាល ដែល​បាននិងកំពុង​នាំមក​នូវ​កំនើន ការងារ សមធម៌ និង​ប្រសិទ្ធភាព ប្រកបដោយ​ផ្លែផ្កា​គ្រប់​វិស័យ ជូន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ។

លោក​បន្តថា  “លទ្ធផល​គួរ​ជាទី​មោទន​នេះ បានកើត​ចេញពី​ការខិតខំ​ប្រឹងប្រែង​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ទាំង​រដ្ឋ និង​ឯកជន ជាពិសេស​ការដាក់ចេញ​នូវ​គោលនយោបាយ​ដ៏​ត្រឹមត្រូវ ក្នុងការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​ការទាក់ទាញ​ការវិនិយោគ។

លោក ​ប៉ែន សុផល ​បាន​បន្តថា កត្តា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​បាន​នាំមក​នូវ​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជួយ​ទ្រទ្រង់​ដល់​កំនើន​សេដ្ឋកិច្ចកម្ពុជា ក្នុង​រង្វង់៧ភាគរយ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​បន្តបន្ទាប់​មកនេះ និង​តាម​ការព្យាករណ៍​នៅ​ឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជា នឹង​សម្រេចបាន​ក្នុង​រង្វង់៧ភាគរយ​បន្តទៀត ក្នុងនោះ​វិស័យ​អចលនទ្រព្យ និង​សំណង់ ជាសរ​សរ​ស្តម្ភ​មួយ​ដ៏​សំខាន់ ក្នុងការ​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង​ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​ឆ្នាំ២០១៦កន្លងទៅនេះ មាន​ប្រមាណ៥៥៨០លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ឆ្នាំ២០១៥ គឺមាន​កំណើន​ប្រមាណ៦៧.១៥ភាគរយ និង​ក្នុង​រយៈពេល១០ខែ​នៃ​ឆ្នាំ២០១៧នេះ មាន​ប្រមាណ៦២៦៧លាន​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ២០១៦គឺមាន​កំណើន​ប្រមាណ២៧,៦៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here