ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនកំពុងផ្តល់សញ្ញាថា ខ្លួនអាចនឹងចាត់វិធានការខ្លាំងក្លាជាងមុន ដើម្បីស្តារល្បឿនសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ជាពិសេសទីផ្សារអចលនទ្រព្យកំពុងជួបប្រទះការលំបាក។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី ២៨ ខែកញ្ញា ក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនបានប្រកាសថា ខ្លួននឹងដាក់ចេញនូវគោលនយោបាយបន្ថែមទៀត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងការគាំទ្រដល់វិស័យសេដ្ឋកិច្ច។
ប្រទេសចិនគ្រោងប្រើប្រាស់មូលនិធិដែលនៅសេសសល់ពីការបោះផ្សាយប័ណ្ណបំណុលរបស់រដ្ឋបាលមូលដ្ឋាន ដើម្បីគាំទ្រដល់ការវិនិយោគ បង្កើនការផ្តល់ប្រាក់កម្ចីរបស់ធនាគារកណ្តាល ដើម្បីជំរុញនវានុវត្តន៍ថ្មី ការធ្វើទំនើបកម្មបច្ចេកវិទ្យា អាជីវកម្មខ្នាតតូច និងវិស័យកសិកម្ម និងពិចារណាលើវិធានការថ្មីៗដើម្បីធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភាព។
ជាមួយគ្នានេះ រដ្ឋាភិបាលគ្រោងចាត់វិធានការដើម្បីគាំទ្រការងារ និងបង្កើនប្រាក់ចំណូលគ្រួសារពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ និងផ្តល់ប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប ដើម្បីជំរុញការវិនិយោគ និងការប្រើប្រាស់។
សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងបាត់បង់សន្ទុះ។ ការចំណាយរបស់អ្នកប្រើប្រាស់នៅតែមានកម្រិតទាប ការវិនិយោគកំពុងធ្លាក់ចុះ ហើយទំនុកចិត្តរបស់វិស័យធុរកិច្ចក៏មានកម្រិតទាបផងដែរ។ អត្រាកំណើនសេដ្ឋកិច្ចអាចនឹងធ្លាក់ចុះទាបជាងគោលដៅរបស់រដ្ឋាភិបាលដែលកំណត់ក្នុងចន្លោះពី ៤,៥% ទៅ ៥% នៅត្រីមាសទី៣ ឆ្នាំនេះ។
ក្រុមអ្នកជំនាញជឿជាក់ថា រដ្ឋាភិបាលនឹងដាក់ចេញនូវវិធានការគាំទ្រផ្នែកគោលនយោបាយបន្ថែមទៀតនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ ទោះបីជាកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចនោះអាចនឹងមិនមានទំហំធំធេងក៏ដោយ។
ការផ្តោតសំខាន់ទំនងជានឹងស្ថិតលើការគាំទ្រផ្នែកសារពើពន្ធ និងវិធានការនានាដើម្បីធ្វើឱ្យវិស័យអចលនទ្រព្យមានស្ថិរភាព ជាជាងការដាក់ចេញនូវកញ្ចប់វិធានការជំរុញសេដ្ឋកិច្ចទ្រង់ទ្រាយធំនៅទូទាំងប្រទេស៕






