ដោយៈ ចំណាន
ភ្នំពេញៈ តម្លៃដីធ្លីនៅកម្ពុជាអាចនឹងកើនឡើងវិញ ជាពិសេសនៅចន្លោះឆ្នាំ ២០២៧ ដល់ ២០៣០ ប៉ុន្តែការងើបឡើងវិញនេះនឹងកើតឡើងតែលើតំបន់មួយចំនួនប៉ុណ្ណោះ មិនមែនជាការកើនឡើងខ្លាំងនៅទូទាំងប្រទេសនោះទេ។
យោងតាមការវាយតម្លៃរបស់អ្នកជំនាញ បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា ក្នុងខែតុលា ឆ្នាំ ២០២៦ គឺថា វដ្តនៃការរីកចម្រើនបន្ទាប់ នឹងមិនសូវពឹងផ្អែកលើការទិញលក់ ដើម្បីចំណេញរហ័ស (speculation) នោះទេ ប៉ុន្តែនឹងពឹងផ្អែកខ្លាំងលើអ្នកទិញពិតប្រាកដ កម្រិតការងារ ហេដ្ឋារចនាសម្ព័ន្ធ និងការផ្លាស់ប្តូរទីតាំងអាជីវកម្មទៅកាន់តំបន់ថ្មីៗ។
សំណួរដ៏សំខាន់មិនមែនគ្រាន់តែថា តើតម្លៃដីនឹងឡើងឬអត់នោះទេ ប៉ុន្តែគឺថាតើដីនៅតំបន់ណា ដែលនឹងទាក់ទាញតម្រូវការជាក់ស្តែង និងនៅពេលណា។
អ្វីដែលទីផ្សារកំពុងបង្ហាញយើង គឺទីផ្សារបានស្ថិតនៅក្រោមសម្ពាធ។ សន្ទស្សន៍តម្លៃអចលនទ្រព្យ សម្រាប់លំនៅដ្ឋាននៅកម្ពុជាបានបន្តធ្លាក់ចុះរហូតដល់ដើមឆ្នាំ ២០២៦ ទោះបីជាផ្នែកខ្លះនៃទីផ្សារបានចាប់ផ្តើមមានស្ថិរភាពក៏ដោយ។
លំនៅដ្ឋានដែលមានដីជាប់ (ដូចជាផ្ទះល្វែង ឬវីឡា) បានបង្ហាញសកម្មភាពគួរឱ្យកត់សម្គាល់។
យោងតាមរបាយការណ៍ពាក់កណ្តាលឆ្នាំ ២០២៥ របស់ក្រុមហ៊ុន CBRE ភ្នំពេញ បានរាយការណ៍ថា ការទិញលក់អចលនទ្រព្យប្រភេទនេះ បានកើនឡើងជាងពីរដងធៀបនឹងឆ្នាំមុន នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ទោះបីជាវាមិនមែនមានន័យថា តម្លៃដីខ្លួនឯងបានកើនឡើងទ្វេដងក៏ដោយ។
ដីសម្រាប់ឧស្សាហកម្ម និងភស្តុភារកម្ម (logistics) មានមូលដ្ឋានគាំទ្ររឹងមាំជាង។
របាយការណ៍ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមហ៊ុន Knight Frank បានកំណត់ថា ការពង្រីកសកម្មភាពឧស្សាហកម្ម និងភស្តុភារកម្មនៅជុំវិញរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ គឺជាប្រភពដ៏សំខាន់នៃតម្រូវការនាពេលអនាគត។
សូចនាករទាំងនេះ គឺជាសញ្ញានៃឱកាស មិនមែនជាភស្តុតាងបញ្ជាក់ថា ការកើនឡើងតម្លៃដីធ្លីទ្រង់ទ្រាយធំ បានចាប់ផ្តើមរួចហើយនោះទេ។
តម្លៃដីធ្លីនៅកម្ពុជា ចន្លោះឆ្នាំ ២០២៦–២០៣០ នេះជាទស្សនៈអំពីនិន្នាការ មិនមែនជាការព្យាករណ៍តម្លៃដែលមានការធានានោះទេ។

១.តំបន់តាខ្មៅ–កណ្តាលស្ទឹង–ស្អាង
ការពង្រីកទីក្រុងទៅទិសខាងត្បូង និងការតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ អាចជួយគាំទ្រដល់តម្រូវការ។ គួរផ្តល់អាទិភាពលើដីដែលនៅជិតសហគមន៍ ដែលមានស្រាប់ មានផ្លូវធ្វើដំណើរល្អ និងមានឱកាសការងារ។
២. តំបន់តាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានតេជោ
ស្វែងរកដី ដែលអាចប្រើប្រាស់សម្រាប់លំនៅដ្ឋាន ពាណិជ្ជកម្មក្នុងស្រុក ឬភស្តុភារកម្ម។ ការនៅជិតអាកាសយានដ្ឋានតែមួយមុខ មិនធានាថាថ្លៃដីនឹងឡើងថ្លៃនោះទេ។
៣. តំបន់កំបូល–ផ្លូវក្រវ៉ាត់ក្រុងទី ៣
តំបន់ទាំងនេះ ត្រូវបានគេមើលឃើញថា ជាតំបន់មានសក្តានុពល តម្រូវការពីសកម្មភាពឧស្សាហកម្ម និងភស្តុភារកម្ម ប៉ុន្តែត្រូវជ្រើសរើសឱ្យបានល្អិតល្អន់ ព្រោះតំបន់ជាយក្រុង។
៤. តំបន់ច្បារអំពៅ–ផ្លូវជាតិលេខ ១
ប្រសិនជាវិនិយោគតំបន់នេះ អ្នកទិញគួរពិចារណាលើទីតាំង ដែលមានប្រជាជនរស់នៅស្រាប់ មានសាលារៀន ហាងលក់ដូរ និងផ្លូវធ្វើដំណើរងាយស្រួល ជាជាងពឹងផ្អែកតែលើគម្រោងអភិវឌ្ឍន៍នាពេលអនាគត៕







