ដោយ: សហសេវិក
អន្តរជាតិ: ការសាងសង់លំនៅឋានសង្គមនៅប្រទេសវៀតណាមសម្រេចបានត្រឹមតែ ៤៨ ភាគរយនៃគោលដៅប្រចាំឆ្នាំប៉ុណ្ណោះ ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦។
ទន្ទឹមនឹងនេះ តម្លៃផ្ទះនៅតែស្ថិតក្នុងកម្រិតដែលប្រជាជនភាគច្រើនមិនអាចមានលទ្ធភាពទិញបាន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក VnExpress។
ក្រសួងសំណង់បានរាយការណ៍ថា បណ្តាខេត្ត-ក្រុងនានាបានសាងសង់លំនៅឋានសង្គមរួចរាល់ជិត ៤៧,០០០ ខ្នង គិតចាប់ពីខែមករាដល់ខែកញ្ញា ធៀបនឹងគោលដៅប្រចាំឆ្នាំដែលមានចំនួនជាង ៩៧,០០០ ខ្នង ខណៈដែលលំនៅឋាន និងដីឡូត៍ជិត ៥១,៩៥០ កន្លែងនៅមិនទាន់លក់ចេញបាននៅទូទាំងប្រទេសក្នុងត្រីមាសទី ៣។
ការអភិវឌ្ឍលំនៅឋានសង្គមមានភាពយឺតយ៉ាវ តម្លៃលំនៅឋានមានកម្រិតខ្ពស់ និងការជាប់គាំងនៃគម្រោងក្នុងរយៈពេលយូរដែលពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ ដីធ្លី និងហិរញ្ញវត្ថុ ជាបញ្ហាប្រឈមធំៗដែលកំពុងជះឥទ្ធិពលលើទីផ្សារអចលនទ្រព្យ។
លោក Pham Gia Tuc ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋានត្រូវតែដោះស្រាយឧបសគ្គនានាដែលធ្វើឱ្យគម្រោងអចលនទ្រព្យជាប់គាំង ដែលគម្រោងជាច្រើនក្នុងចំណោមនោះត្រូវបានពន្យារពេល ដោយសារបញ្ហាផ្លូវច្បាប់ បញ្ហាពាក់ព័ន្ធនឹងដីធ្លី និងបញ្ហាហិរញ្ញវត្ថុ។
លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងជំរុញការកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីដោះស្រាយចំណុចខ្វះខាតដែលមានស្រាប់ និងសម្រួលដល់គម្រោងថ្មីៗ៕







