ដោយ: សហសេវិក
អន្តរជាតិ: អ្នកទិញផ្ទះវ័យក្មេងនៅប្រទេសជប៉ុនត្រូវប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ គឺការទិញផ្ទះដែលមានតម្លៃថ្លៃជាមួយនឹងការចំណាយលើការខ្ចីប្រាក់ខ្ពស់ ឬការជួលផ្ទះស្នាក់នៅ ហើយយកប្រាក់សន្សំទៅវិនិយោគលើភាគហ៊ុន និងទ្រព្យសកម្មផ្សេងទៀតដើម្បីទទួលបានផលចំណេញល្អជាង។
ស្របពេលទីផ្សារភាគហ៊ុនរបស់ទីក្រុងតូក្យូកំពុងបន្តកើនឡើង មនុស្សវ័យក្មេងកាន់តែច្រើនឡើងបានជ្រើសរើសការជួលលំនៅឋានជាជាងការទិញ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកំពុងឆ្លើយតបនឹងនិន្នាការនេះ ដោយផ្តល់ជូននូវអាផាតមុិនដែលមានទំហំតូច និងតម្លៃសមរម្យនៅជិតស្ថានីយរថភ្លើង ព្រមទាំងមានកន្លែងប្រើប្រាស់រួមគ្នាដូចជា ផ្ទះបាយ បន្ទប់ទទួលភ្ញៀវ កន្លែងធ្វើការរួម (coworking spaces) និងបន្ទប់កម្សាន្តជាដើម។
តួយ៉ាង ក្រុមហ៊ុន Cosmos Initia ដែលជាបុត្រសម្ព័ន្ធរបស់ Daiwa House Industry ផ្តល់ជូននូវអាផាតមិនដែលមានទំហំតូចជាង ២០ ម៉ែត្រការ៉េនៅកណ្តាលទីក្រុងតូក្យូ ក្នុងតម្លៃប្រហែល ១១១.០០០ យ៉េន (៧០០ ដុល្លារ) ក្នុងមួយខែ។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗផ្សេងទៀត រួមទាំងក្រុមហ៊ុន Nomura Real Estate Development និង Mitsui Fudosan Residential ក៏កំពុងពង្រីកការវិនិយោគលើគម្រោងលំនៅឋានបែបស្នាក់នៅរួម (co-living) ផងដែរ។
នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ការជួលលំនៅឋានកំពុងក្លាយជាជម្រើសដ៏ទាក់ទាញ ដោយសារអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់ធ្វើឱ្យការទិញផ្ទះផ្ទាល់ខ្លួនមានតម្លៃកាន់តែថ្លៃ។
ទោះបីជាការចំណាយលើការខ្ចីប្រាក់នៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រហែល ៣០ ឆ្នាំក៏ដោយ ក៏អត្រានេះនៅតែមានកម្រិតទាបបើធៀបនឹងទីផ្សារផ្សេងទៀត។
ទន្ទឹមនឹងនេះ តម្រូវការលំនៅឋាននៅតែមានកម្រិតខ្ពស់ ដោយសារតែការរីកចម្រើននៃនគរូបនីយកម្មនៅក្នុងប្រទេសជប៉ុន និងការហូរចូលនៃជនអន្តោប្រវេសន៍នៅក្នុងប្រទេសអូស្ត្រាលី។
នៅក្នុងប្រទេសអូស្ត្រាលី ក្រុមហ៊ុនវិនិយោគដូចជា DWS Group និង BNP Paribas Asset Management កំពុងចាប់អារម្មណ៍លើវិស័យសាងសង់លំនៅឋានសម្រាប់ជួល (BTR) ដែលជាគម្រោងសាងសង់អាផាតមុិនឡើងជាពិសេសសម្រាប់ការជួលរយៈពេលវែង។
ក្រុមវិនិយោគិនមើលឃើញពីសក្តានុពលកាន់តែខ្លាំងនៅក្នុងផ្នែកលំនៅឋានកម្រិតមធ្យម ដែលអ្នកមានប្រាក់ចំណូលមធ្យមអាចមានលទ្ធភាពទិញ ឬជួលបាន ជាជាងការវិនិយោគលើអាផាតមុិនប្រណីតដែលមានតម្លៃថ្លៃ៕







