ប្រទេសជប៉ុន​កំពុង​ប្រឈម​នឹង​ក្តី​បារម្ភ​ពី​សំណាក់​អ្នក​វិនិយោគ​លើ​អចលនទ្រព្យ ​ខណៈ​បទប្បញ្ញត្តិ​ថ្មី​តម្រូវ​ឱ្យ​អ្នក​ទិញ ​ត្រូវ​ប្រកាស​សញ្ជាតិ

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសជប៉ុនកំពុងប្រឈមនឹងក្តីបារម្ភពីសំណាក់អ្នកវិនិយោគលើអចលនទ្រព្យ ដោយសារមានបទប្បញ្ញត្តិថ្មីមួយតម្រូវឱ្យអ្នកទិញអចលនទ្រព្យទាំងអស់ ទាំងពលរដ្ឋជប៉ុន និងជនបរទេស ត្រូវប្រកាសសញ្ជាតិរបស់ខ្លួននៅពេលចុះបញ្ជីកម្មសិទ្ធិ ឬផ្ទេរកម្មសិទ្ធិអចលនទ្រព្យ។

ការកើនឡើងនៃអត្រាការប្រាក់ កំពុងធ្វើឱ្យការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន កាន់តែមិនសូវមានភាពទាក់ទាញផងដែរ។

ថ្មីៗនេះ ធនាគារកណ្តាលជប៉ុន (Bank of Japan) បានដំឡើងអត្រាការប្រាក់គោលរបស់ខ្លួនដល់ ១,២៥% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣១ ឆ្នាំ។ ការណ៍នេះធ្វើឱ្យថ្លៃដើមនៃការខ្ចីប្រាក់កើនឡើង ជាពិសេសសម្រាប់វិនិយោគិនដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រាក់កម្ចី។

ប្រទេសជប៉ុនបានទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យចំនួន ២៧,២ ពាន់លានដុល្លារអាមេរិក នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦ ដោយឈរនៅលំដាប់ទីពីរក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទោះជាយ៉ាងណា ទំហំប្រតិបត្តិការវិនិយោគបានធ្លាក់ចុះ ៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥។

វិនិយោគិនបរទេស ជាពិសេសអ្នកទិញជនជាតិចិន នៅតែបន្តសកម្មនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន។ ទោះបីជាវិធានការថ្មីមិនបានហាមឃាត់ជនបរទេសមិនឱ្យទិញអចលនទ្រព្យ៊ក្តី ក៏វិនិយោគិនមួយចំនួនមានការព្រួយបារម្ភថា វិធានការនេះអាចឈានទៅដល់ការដាក់កម្រិតតឹងរ៉ឹងជាងមុននៅពេលអនាគត ស្រដៀងគ្នាទៅនឹងអ្វីដែលកំពុងអនុវត្តនៅក្នុងប្រទេសសិង្ហបុរី និងប្រទេសកាណាដា។

រដ្ឋាភិបាលជប៉ុនបានដាក់ចេញនូវវិធានការនេះ ស្របពេលដែលមានក្តីបារម្ភអំពីការកាន់កាប់អចលនទ្រព្យដោយជនបរទេសនៅជិតទីតាំងរសើបនានា ព្រមទាំងការកើនឡើងនៃតម្លៃអចលនទ្រព្យ ដែលធ្វើឱ្យប្រជាពលរដ្ឋក្នុងស្រុកកាន់តែពិបាកក្នុងការទិញលំនៅឋាន។

ទោះបីជាមានក្តីបារម្ភទាំងនេះក្តី ប្រទេសជប៉ុននៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនរយៈពេលវែង ដោយសារអចលនទ្រព្យមានគុណភាពខ្ពស់ ប្រព័ន្ធច្បាប់ដែលមានតម្លាភាព តម្រូវការខ្ពស់ក្នុងវិស័យទេសចរណ៍ និងតម្លៃអចលនទ្រព្យដែលមានភាពប្រកួតប្រជែងសមរម្យ បើធៀបនឹងទីក្រុងធំៗផ្សេងទៀតនៅលើពិភពលោក៕


ចែករំលែក