តម្លៃ​លំនៅឋាន​នៅ​ប្រទេសចិន​ធ្លាក់​ចុះ​ក្នុង​អត្រា​យឺត​ជាង​មុន​នៅ​ខែ​កញ្ញា​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃលំនៅឋាននៅប្រទេសចិនបានធ្លាក់ចុះក្នុងអត្រាយឺតជាងមុននៅខែកញ្ញា ដែលបង្កើនក្តីសង្ឃឹមថា ទីផ្សារអចលនទ្រព្យ អាចនឹងចាប់ផ្តើមងើបឡើងវិញ ខណៈវិធានការជំរុញសេដ្ឋកិច្ចថ្មីៗបំផុតបានចាប់ផ្តើមមានប្រសិទ្ធភាព។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិតម្លៃលំនៅឋានថ្មីនៅទីក្រុងចំនួន ៧០ (មិនរាប់បញ្ចូលលំនៅឋានដែលទទួលបានការឧបត្ថម្ភធនពីរដ្ឋ) បានធ្លាក់ចុះ ០,១៤% បើធៀបនឹងខែសីហា ដែលកាលនោះតម្លៃផ្ទះបានធ្លាក់ចុះ ០,១៧%។

ចំណែកឯ តម្លៃលំនៅឋានប្រភេទទី២ (resale) ដែលមិនសូវទទួលរងការអន្តរាគមន៍ពីរដ្ឋាភិបាលនោះ បានធ្លាក់ចុះ ០,២៦ភាគរយកាលពីខែកញ្ញា។

អាជ្ញាធរចិនកំពុងព្យាយាមបញ្ចប់វិបត្តិនៅក្នុងវិស័យអចលនទ្រព្យ ដែលបានអូសបន្លាយនិងរារាំងកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនអស់រយៈពេលជាង ៥ ឆ្នាំមកហើយ។

ក្រុមអ្នកវិភាគមួយចំនួនបានកត់សម្គាល់ឃើញថា ទីផ្សារបានងើបឡើងវិញក្នុងកម្រិតមួយសមល្មម ចាប់តាំងពីអ្នកបង្កើតគោលនយោបាយបានដាក់ចេញនូវវិធានការគាំទ្រថ្មីៗកាលពីខែកញ្ញា ទោះបីជាការផ្លាស់ប្តូរនេះកើតឡើងយឺតពេលបន្តិចយ៉ាងណាក្តី។

លោក Griffin Chan អ្នកវិភាគនៅធនាគារ Citigroup បានអះអាងថា៖ «ឆ្នាំ ២០២៧ នឹងក្លាយជាឆ្នាំដ៏សំខាន់សម្រាប់ការងើបឡើងវិញនៃតម្លៃលំនៅឋាននៅក្នុងទីក្រុងធំៗ» ដោយបានលើកឡើងពីភាពប្រសើរឡើងនៃសូចនាករមួយចំនួន រួមទាំងទិន្នន័យស្តីពីការលក់ និងស្តុកអចលនទ្រព្យ។

«យើងកំពុងរង់ចាំសញ្ញាបន្ថែមទៀត មុននឹងធ្វើការសន្និដ្ឋានប្រកបដោយភាពជឿជាក់។» ប្រទេសចិនបានអនុម័តវិធីសាស្ត្រដែលមានគោលដៅច្បាស់លាស់ ខណៈដែលខ្លួនកំពុងដាក់ចេញនូវវិធានការដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំពី ៤,៥ ទៅ ៥ ភាគរយ៕


ចែករំលែក