ដោយៈ ចំណាន
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ”តំណាងផ្នែកឯកជន។
កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា អនុសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា តំណាងសមាគមអគ្គិសនីជនបទ តំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ បុរីឯកជន និងអ្នកពាក់ព័ន្ធដែលជាសមាជិក នៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។
កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត ក្នុងវិស័យសុខាភិបាល ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធនាពេលខាងមុខនេះ។
កិច្ចប្រជុំបានបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១.បញ្ហាទាក់ទងនឹងការអនុវត្តប្រកាសលេខ ៧៦១ របស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចំ ដែលនិយាយអំពី តម្លៃសេវាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ។ ២. បញ្ហាទាក់ទងនឹងក្រុមហ៊ុន ឬភ្នាក់ងារប្រកបអាជីវកម្មអចលនវត្ថុ ដោយគ្មានអាជ្ញាប័ណ្ណ និង៣. បញ្ហាទាក់ទងនឹងកម្រៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកម្មអចលនវត្ថុ៕







