ការ​រីក​ចម្រើន​នៃ​ទីផ្សារ​សណ្ឋាគារ​លំដាប់​ប្រណិត​នៅ​ទីក្រុង​គូឡាឡាំពួ​ កំពុង​បើក​ឱកាស​ថ្មី​សម្រាប់​វិនិយោគិន​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការកើនឡើងនៃប្រាក់ចំណូលពីសណ្ឋាគារ និងការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់វិនិយោគិននៅក្នុងវិស័យសេវាកម្មបដិសណ្ឋារកិច្ចលំដាប់ខ្ពស់នៅទីក្រុងគូឡាឡាំពួ កំពុងធ្វើឱ្យគំរូនៃការវិនិយោគលើអចលនទ្រព្យបែបថ្មីមួយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

គំរូនេះអនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចធ្វើជាម្ចាស់កម្មសិទ្ធិលើផ្នែកនីមួយៗនៃសណ្ឋាគារ ដោយមិនចាំបាច់ព្រួយបារម្ភអំពីការគ្រប់គ្រងអ្នកស្នាក់នៅ ឬការចាត់ចែងប្រតិបត្តិការប្រចាំថ្ងៃនោះឡើយ។

យោងតាមក្រុមហ៊ុន ​​JLL ទំហំប្រតិបត្តិការសណ្ឋាគារលំដាប់ប្រណីតនៅក្នុងទីក្រុងគូឡាឡាំពួ បានកើនឡើងដល់ចំនួន ៦៦០ លានរីងហ្គីតនៅចន្លោះឆ្នាំ ២០២៣ និង ២០២៥ កើនឡើងជាង ១៤ ភាគរយ បើធៀបនឹងរយៈពេលស្រដៀងគ្នានេះ មុនពេលមានជំងឺរាតត្បាត។

ចំណែកនៃវិស័យសណ្ឋាគារលំដាប់ប្រណិតនៅក្នុងទំហំប្រតិបត្តិការសណ្ឋាគារសរុប បានកើនឡើងពី ២៦ ភាគរយ ទៅ ៣០ ភាគរយ ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិនចំពោះផ្នែកនេះ។

ដំណើរការប្រតិបត្តិការក្នុងទីផ្សារកំពុងមានភាពប្រសើរឡើង ដោយទីក្រុងគូឡាឡាំពួ (Kuala Lumpur) បានកត់ត្រានូវកំណើន ៩,៨ ភាគរយ (គិតចាប់ពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន) នៃប្រាក់ចំណូលក្នុងមួយបន្ទប់ ដែលគាំទ្រដោយអត្រានៃការស្នាក់នៅជាមធ្យមចំនួន ៦៨,២ ភាគរយ។

ក្រុមហ៊ុន JLL បានឱ្យដឹងថា គម្រោងបើកដំណើរការសណ្ឋាគារលំដាប់ប្រណិតថ្មីៗជាច្រើនទៀត ត្រូវបានរំពឹងថា នឹងជំរុញឱ្យការផ្គត់ផ្គង់សណ្ឋាគារថ្មីៗកើនឡើងរហូតដល់ឆ្នាំ ២០២៨។

ក្នុងបរិបទនេះ ការវិនិយោគជាយូនីតរបស់សណ្ឋាគារ (hotel investment units) កំពុងលេចឡើងជាជម្រើសមួយសម្រាប់អ្នកវិនិយោគអចលនទ្រព្យ ដែលចង់ចូលរួមក្នុងវិស័យបដិសណ្ឋារកិច្ច ដោយមិនចាំបាច់ទិញសណ្ឋាគារទាំងមូលនោះទេ។

ក្រុមហ៊ុន JLL បានលើកឡើងថា៖ «ជាទូទៅ ការធ្វើជាម្ចាស់សណ្ឋាគារតម្រូវឱ្យមានការទិញទ្រព្យសកម្មជាសណ្ឋាគារទាំងមូល។ ប៉ុន្តែនៅក្នុងទីផ្សារមួយចំនួន សណ្ឋាគារត្រូវបានដាក់លក់ជាយូនីត (បន្ទប់ ឬឈុតបន្ទប់) ដែលអនុញ្ញាតឱ្យអ្នកវិនិយោគម្នាក់ៗអាចក្លាយជាម្ចាស់ផ្នែកណាមួយនៃសណ្ឋាគារ ដោយមិនចាំបាច់ទិញសណ្ឋាគារទាំងមូលនោះឡើយ»។

តាមរយៈគំរូនេះ អ្នកវិនិយោគអាចទិញយូនីតណាមួយនៅក្នុងសណ្ឋាគារដែលត្រូវបានគ្រប់គ្រងដោយអ្នកជំនាញ។ រាល់កិច្ចការដូចជា ការកំណត់តម្លៃបន្ទប់ ការកក់បន្ទប់ សេវាកម្មសម្អាត សេវាកម្មសម្រាប់ភ្ញៀវ និងការសម្រេចចិត្តប្រតិបត្តិការផ្សេងៗ ត្រូវបានចាត់ចែងដោយប្រតិបត្តិករដែលមានបទពិសោធន៍៕


ចែករំលែក