ការលក់ផ្ទះថ្មី​នៅ​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​នៅ​ខែកញ្ញា​ ខណៈ​អត្រាការ​ប្រាក់​កម្ចី​ទិញ​ផ្ទះ​កើន​ឡើង​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ការលក់ផ្ទះថ្មីនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងខែកញ្ញា ដោយសារអត្រាការប្រាក់កម្ចីទិញផ្ទះបានកើនឡើង បណ្តាលមកពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា ហើយកត្តានេះបានធ្វើឱ្យតម្រូវការលំនៅឋានធ្លាក់ចុះ។

ការលក់ផ្ទះថ្មីបានថយចុះ ០,៦% មកនៅត្រឹមអត្រាប្រចាំឆ្នាំចំនួន ៦៧៦.០០០ យូនីតនៅក្នុងខែកញ្ញា។ ជាមួយគ្នានេះ ទិន្នន័យនៃការលក់ផ្ទះនៅខែសីហាត្រូវបានបន្ទាបមកនៅត្រឹម៦៨០.០០០យូនីត ជំនួសឱ្យចំនួន ៦៨៤.០០០យូនីត ដែលបានរាយការណ៍កាលពីមុន។

ក្រុមសេដ្ឋវិទូដែលត្រូវបានស្ទង់មតិដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានព្យាករណ៍ថា ការលក់លំនៅឋាននឹងធ្លាក់ចុះមកនៅត្រឹមចំនួន ៦៥០.០០០ យូនីត។ ការលក់លំនៅឋានថ្មីត្រូវបានរាប់បញ្ចូលនៅពេលបញ្ចប់កិច្ចសន្យា ដែលធ្វើឱ្យទិន្នន័យនេះក្លាយជាព័ត៌មានទាន់ហេតុការណ៍បំផុតអំពីតម្រូវការលំនៅឋាន។

អត្រាការប្រាក់ជាមធ្យមសម្រាប់ប្រាក់កម្ចីទិញផ្ទះដែលមានអត្រាការប្រាក់ថេររយៈពេល ៣០ ឆ្នាំ បានកើនឡើងជាង ១៣០ ពិន្ទុគោល (basis points) ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារលើប្រទេសអ៊ីរ៉ង់នៅចុងខែកុម្ភៈមក។ ទិន្នន័យពីក្រុមហ៊ុនផ្តល់ហិរញ្ញប្បទានសម្រាប់លំនៅឋាន Freddie Mac បានបង្ហាញថា អត្រាការប្រាក់នេះមានកម្រិតជាមធ្យម ៧,៣២% នៅសប្តាហ៍មុន។

ការកើនឡើងនៃអត្រាការប្រាក់កម្ចីទិញផ្ទះបានរួមចំណែកធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងនូវអ្វីដែលសេដ្ឋវិទូហៅថា «វិបត្តិលទ្ធភាពក្នុងការទិញ» (affordability crisis)។ បញ្ហានេះបានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងសារឃោសនានយោបាយ មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

តម្លៃផ្ទះថ្មីជាមធ្យមបានធ្លាក់ចុះ ៣,៩% មកនៅត្រឹម ៤០០.៤០០ ដុល្លារក្នុងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែតម្លៃនេះនៅតែស្ថិតក្នុងកម្រិតខ្ពស់។ ការធ្លាក់ចុះនេះបណ្តាលមកពីការថយចុះនៃតម្រូវការ និងការបញ្ចុះតម្លៃដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ។ ផ្ទះភាគច្រើនដែលត្រូវបានលក់ចេញក្នុងខែកញ្ញា មានតម្លៃក្រោម ៤៩៩.៩៩៩ ដុល្លារ៕


ចែករំលែក