ដោយៈ ម៉ាណា
ប្រទេសចិនៈ ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមពិព័រណ៍អន្តរជាតិលើកទី៥ ខ្សែក្រវាត់ និងផ្លូវ និងសន្និសីទឆ្នាំ២០២៦ អាស៊ាន-ចិន (ហឺណាន) ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងអាហារ និងកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន។
លោកហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយលោក រ៉ានី វីរៈ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមពិព័រណ៍អន្តរជាតិលើកទី៥ ខ្សែក្រវាត់ និងផ្លូវ និងសន្និសីទឆ្នាំ២០២៦ អាស៊ាន-ចិន (ហឺណាន) ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍស្បៀងអាហារ និងកសិកម្ម នៅទីក្រុងជឹងចូវ ខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃសន្និសីទក្រោមមូលបទ “សន្តិសុខស្បៀង និងការអភិវឌ្ឍរួមគ្នានៃកសិកម្មទំនើប” លោកហុង ណារិត បានចែករំលែកទស្សនៈអំពីសារៈសំខាន់ នៃការពង្រឹងសន្តិសុខស្បៀង ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងភាពតាន តឹងភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ព្រមទាំងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងអាស៊ាន និងចិន។

ដោយឡែក សម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការជំរុញអនុវត្តយន្តការ “ច្រករបៀងមច្ឆា និងអង្ករ” ដោយប្រើប្រាស់សក្ដានុពល និងភាពខ្លាំងរបស់ប្រទេសទាំងពីរ ឱ្យបំពេញបន្ថែមគ្នាទៅវិញទៅមក តាមរយៈការផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ការវិនិយោគលើខ្សែច្រវាក់ផ្គត់ផ្គង់ និងការកែច្នៃកសិផល ព្រមទាំងការពង្រីកពាណិជ្ជកម្មកសិកម្ម។
ជាមួយគ្នានេះ លោកក៏បានអញ្ជើញទទួលជួបប្រតិភូមន្ទីរកសិកម្ម និងកិច្ចការជនបទខេត្តហឺណាន ដើម្បីពិភាក្សាអំពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្របតាមគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដែលបានលើកឡើងក្នុងសន្និសីទ។ ជំនួបនេះបានបង្ហាញពីការបន្តពង្រឹងចំណងមិត្តភាព និងភាពជាដៃគូកម្ពុជា-ចិន ក្នុងការជំរុញការអភិវឌ្ឍកសិកម្ម និងផលប្រយោជន៍ទៅវិញទៅមក៕







