ដោយៈ ចំណាន
ភ្នំពេញៈ នៅពេលអ្នកអភិវឌ្ឍន៍ជាច្រើនបោះបង់ និងក្ស័យទុន អ្នកអភិវឌ្ឍន៍មួយក្រុមទៀត ដែលមានចក្ខុវិស័យ កំពុងសម្លឹងឱកាស ហើយប្រែក្លាយសុបិនជាការពិត។
ពិតហើយអ្នកជំនាញជាច្រើនបានទទួលស្គាល់ការពិតថា “ទីផ្សារកំពុងជួបការលំបាក”។
ប៉ុន្តែសម្រាប់លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនកំពុងសាងសង់ និងអភិវឌ្ឍន៍គម្រោងទីក្រុងVictoria Parkបានបង្ហាញសុទិដ្ឋិនិយមបែបផ្សេងមួយទៀត ជាមួយចក្ខុវិស័យរឹងមាំ ដោយលោកបានមានប្រសាសន៍ថា នៅពេលមនុស្សជាច្រើនគិតអវិជ្ជមាន ហើយយើងដើរចូលទៅក្នុងក្រុមរបស់ពួកគេ យើងនឹងទទួលឥទ្ធិពលអវិជ្ជមាន ប៉ុន្តែប្រសិនជាយើងជួបមនុស្សវិជ្ជមាន យើងនឹងមានផ្លូវសម្រាប់ចេញ និងសម្លឹងទៅមុខដោយសុទិដ្ឋិនិយម។
លោកបានបន្តថា “ដោយសារគម្រោងរបស់យើងធំ និងផ្តោតលើការកសាងគុណតម្លៃសម្រាប់តំបន់ក្រុងតាខ្មៅ ការដើរទៅមុខរបស់យើងកំពុងផ្តោតលើនិរន្តរភាព និងការទទួលខុសត្រូវសង្គម”។
គម្រោងទីក្រុងVicrtoria Park មានទីតាំងស្ថិតនៅភូមិទួល ក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកបណ្ឌិត តេង រិទ្ធីបានបន្តថា ជាមួយគ្នានេះ ក្រុមហ៊ុនបាននិងកំពុងស្វាគមន៍អ្នកវិនិយោគជាតិ អន្តរជាតិអាចមកជជែកពិភាក្សា និងសហការគ្នា ដើម្បីជម្រុញគម្រោងរបស់យើង សម្រេចតាមចក្ខុវិស័យ និងឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា។
ទីក្រុងVictoria Park មានផ្ទៃដីទំហំ៥០ហិកតា ក្នុងនោះ៣០ហិកតា នឹងជាគម្រោងដីឡូត៍ខ្នាតវីឡា និង២០ហិកតា នឹងត្រូវអភិវឌ្ឍន៍ជាខុនដូ សាលារៀន ផ្សារទំនើប សណ្ឋាគារ ផ្ទះអាជីវកម្ម និងសេវាកម្មការិយាល័យជាដើម៕







