ក្រសួង​កំពុង​គិតគូរ​ពី​ប្រព័ន្ធ​ទឹកកខ្វក់​ក្រុងកំពត ​ដើម្បី​បរិស្ថាន​ស្អាត ​និង​សុខុមាល​ភាព​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពត​

ចែករំលែក

ដោយៈ ម៉ាណា

   កំពតៈ ក្រសួងនិងរដ្ឋបាលខេត្ត បាននិងកំពុងពង្រឹងប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ក្រុងកំពត ដើម្បីបរិស្ថានស្អាត និងសុខុមាលភាពប្រជាពលរដ្ឋ។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកចៅ សុភៈភិបាល អគ្គនាយកប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ និងប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែតុលា នៃគម្រោងដំណាក់កាលប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ (SSOMP) នៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត ដោយមានការចូលរួមពីតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពត ក្រុមហ៊ុន T.C.M. Engineering និងមន្ត្រីជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំ និងការចុះពិនិត្យនេះ ផ្តោតលើការវាយតម្លៃវឌ្ឍនភាព និងប្រសិទ្ធភាពប្រតិបត្តិការជាក់ស្តែង រួមមាន ការគ្រប់គ្រងបណ្តាញលូ ស្ថានីយបូម អាងប្រព្រឹត្តកម្ម គុណភាពទឹកក្រោយប្រព្រឹត្តកម្ម ការថែទាំបង្ការ និងសុវត្ថិភាពការងារ ព្រមទាំងពិនិត្យបញ្ហាប្រឈម និងកំណត់វិធានការកែលម្អឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកអគ្គនាយកបានផ្តល់អនុសាសន៍ ឱ្យក្រុមការងារបន្តពង្រឹងការត្រួតពិនិត្យ តាមសូចនាករលទ្ធផលការងារ (KPIs) ការថែទាំបង្ការ ការគ្រប់គ្រងទិន្នន័យ និងការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យប្រព័ន្ធទឹកកខ្វក់ដំណើរការ ប្រកប​ដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ស្របតាមបទដ្ឋានបច្ចេកទេស និងបរិស្ថាន។

ការពង្រឹងប្រសិទ្ធភាពប្រតិបត្តិការ និងថែទាំ គឺជាគន្លឹះសំខាន់ក្នុងការរក្សាតម្លៃហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លើកកម្ពស់អនាម័យ សុខុ​មាលភាពប្រជាពលរដ្ឋ ការពារបរិស្ថាន និងរួមចំណែកលើកកម្ពស់សោភ័ណភាពក្រុងកំពត ជាទីក្រុងទេសចរណ៍ប្រកបដោយចីរភាព៕


ចែករំលែក