អភិបាល​ខេត្តព្រះសីហនុ​បង្ហាញ​សក្តានុពល​ និង​ទាក់​ទាញ​អ្នក​វិនិយោគ​ប៉ូឡូញ​មក​កាន់​ខេត្ត​

ចែករំលែក

ដោយៈ ម៉ាណា

   ទីក្រុង Gdańsk, កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ម៉ាង​ ស៊ីណេត​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានអញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ បំពេញទស្សនកិច្ចនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ។

ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន MCR Group ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកអភិបាលខេត្ត បានជួបពិភាក្សាការងារ និងស្តាប់បទបង្ហាញណែនាំអំពីប្រវត្តិក្រុមហ៊ុន សកម្មភាពអាជីវកម្ម បទពិសោធន៍ បច្ចេកវិទ្យា និងទិសដៅអភិវឌ្ឍន៍របស់ក្រុមហ៊ុននាពេលអនាគត។

ក្នុងជំនួបនោះ លោកអភិបាលខេត្ត ក៏បានលើកបង្ហាញ និងផ្សព្វ​ផ្សាយអំពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ច និងជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ រួមមានផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ព្រមទាំងឱកាសវិនិយោគលើវិស័យឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ទេសចរណ៍ និងវិស័យសក្តានុពលផ្សេងៗទៀត។

ជាមួយគ្នានេះ ក៏បានអំពាវនាវ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន MCR Group ពិនិត្យលទ្ធភាព ក្នុងការស្វែងរកឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុ។

ជំនួបនេះបានផ្តល់ឱកាសដ៏មានសារៈសំខាន់ ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈគ្នាទៅវិញទៅមក ព្រមទាំងស្វែងយល់ពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ បច្ចេកវិទ្យា សុវត្ថិភាពសំណង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍ ខេត្តព្រះសីហនុប្រកបដោយចីរភាពនាពេលអនាគត៕


ចែករំលែក