ដោយ: សហសេវិក
អន្តរជាតិ: ប្រទេសចិនកំពុងប្រែក្លាយអគារការិយាល័យដែលទំនេរ ទៅជាលំនៅឋានសម្រាប់ជួលក្នុងតម្លៃសមរម្យសម្រាប់យុវជន។ នៅទីក្រុងវូហាន (Wuhan) អគារការិយាល័យមួយកន្លែងដែលធ្លាប់ជួបការលំបាកក្នុងការស្វែងរកអ្នកជួល ត្រូវបានកែលម្អទៅជាតំបន់លំនៅឋាន ដែលមានអាផាតមិនចំនួន ៨២៥ យូនីត ព្រមទាំងមានបំពាក់គ្រឿងសង្ហារិមរួចជាស្រេច។
អាផាតមិនទាំងនេះមានទំហំចាប់ពី ២៨ ទៅ ៦៩ ម៉ែត្រការ៉េ។ អាផាតមិនដែលមានទំហំ ៤០ ម៉ែត្រការ៉េ មានតម្លៃប្រហែល ២.០០០ យ័ន (ប្រមាណ២៩៨ ដុល្លារអាមេរិក) ក្នុងមួយខែ។ អគារនេះមានទីតាំងល្អ ដោយស្ថិតនៅជិតស្ថានីយរថភ្លើងក្រោមដី។
គំនិតផ្តួចផ្តើមនេះដោះស្រាយបញ្ហាធំៗចំនួនពីរនៅក្នុងទីក្រុងនានារបស់ប្រទេសចិន រួមមាន ការផ្គត់ផ្គង់ការិយាល័យលើសតម្រូវការ៖ អគារការិយាល័យជាច្រើននៅតែទំនេរ។ នៅក្នុងឆ្នាំ ២០២៥ អត្រាការិយាល័យទំនេរនៅក្នុងទីក្រុងធំៗចំនួន ១៣ របស់ប្រទេសចិន បានកើនឡើងលើសពី ២៥%។
កង្វះលំនៅឋានដែលមានតម្លៃសមរម្យ៖ យុវជនជាច្រើន និងអ្នកដែលទើបមករស់នៅក្នុងទីក្រុង ជួបការលំបាកក្នុងការស្វែងរកលំនៅឋានដែលមានតម្លៃសមរម្យ នៅជិតកន្លែងធ្វើការ និងទីតាំងដែលមានសេវាដឹកជញ្ជូនសាធារណៈ។
នៅឆ្នាំ ២០២៤ ប្រទេសចិនបានដាក់ចេញនូវគោលនយោបាយមួយដែលអនុញ្ញាតឱ្យសហគ្រាសរដ្ឋទិញអចលនទ្រព្យពាណិជ្ជកម្មដែលសាងសង់រួចរាល់ ប៉ុន្តែមិនទាន់លក់ចេញបាន ហើយកែច្នៃអចលនទ្រព្យទាំងនោះទៅជាលំនៅឋានសម្រាប់ជួលដែលមានការឧបត្ថម្ភធនពីរដ្ឋាភិបាល ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ។
ទីក្រុងវូហាន (Wuhan) ស័ក្តិសមសម្រាប់គំនិតផ្តួចផ្តើមនេះ ដោយសារទីក្រុងនេះមានប្រជាជនជាង ១៣ លាននាក់ និងទាក់ទាញនិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យប្រហែល ៣០០,០០០ នាក់ជារៀងរាល់ឆ្នាំ៕







