Hattha top Banner

អគ្គនាយក​បុរី​ប៉េង ហួត៖ បង្ហាញ​ពី​គន្លឹះ​ជោគជ័យ​នៃ​ការវិនិយោគ​បុរី

0

ភ្នំពេញ៖ ជាមួយនឹង​ភាពជោគជ័យ និង​អាច​និយាយថា​ជា​បុរី​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បុរី​ប៉េង ហួត​ទទួលបាន​ការទទួលស្គាល់​ពី​អ្នកវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ។ តើ​បុរី​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងដូចម្តេច ស្ថាបនិក​គេហទំព័រ​ Propertyarea.asia បាន​ជួប​សម្ភាសន៍​ពិសេស​ជាមួយ​លោក​ឧកញ៉ា​ថៃ ម៉េង​លី​អគ្គនាយក​បុរី​ប៉េង ហួត ដើម្បី​ស្តាប់​ពី​ទស្សនវិស័យ និង​យុ​ទ្ឋ​សាស្ត្រ​របស់លោក ក្នុងការ​វិនិយោគ​បុរី​នេះ។

តើ​លោក​ឧកញ៉ា​បានចាប់ផ្តើម​វិនិយោគ​បុរី​នេះ​យ៉ាងដូចម្តេច?

ខ្ញុំ​បានចាប់ផ្តើម​វិនិយោគ​បុរី​ប៉េង ហួត​ នៅ​ឆ្នាំ២០០៥ ព្រោះ​កំឡុង​ពេលនោះ​នៅ​កម្ពុជា​មិនទាន់មាន​បុរី​ស្អាត​នៅឡើយ​ទេ មានតែ​ផ្ទះល្វែង និង​ការសាងសង់វីឡា​ជា​លក្ខណៈ​ឯកជន។ នៅពេល​យើង​ចេញចូល​ក្រៅប្រទេស​ច្រើន ក៏បាន​សិក្សា​ពី​ការសាងសង់​បុរី​នៅ​ប្រទេស​គេ ហើយ​យើង​ក៏បាន​ចាប់ផ្តើម​សាងសង់​បុរី ប៉េង ហួត​ជា​លើក​ទី១ នៅតាម​បណ្តោយ​ផ្លូវ ៥៩៨។

បន្ទាប់ពី​សាងសង់​ទីតាំង​បុរី​ទី១ នៅ​ផ្លូវ ៥៩៨ យើង​បានចាប់ផ្តើម​វិនិយោគ​បុរី​បន្ត​មកកាន់​ផ្លូវជាតិ​លេខ១ ដែលមាន​ទំហំ​ដី​កើន​ឡើងដល់​ជាង ២០គីឡូម៉ែត្រ និង​បន្ត​វិនិយោគ​នៅ​គំរោង​ជាច្រើន​ទៀត។

ការ​ឌី​សាញ​បុរី​នេះ បាន​គិតពី​សួន​បៃតង ដើមឈើធំៗ ដោយ​ផ្ទៃដី​ប្រមាណ ៤៥ភាគរយ នៃ​បុរី​នីមួយៗ ត្រូវបាន​រៀបចំ​ដាំ​ដើមឈើ និង​សួនច្បារ។

តើ​រហូតមកទល់​ពេលនេះ​ផ្ទះ​ដែល​បាន​សង់​ចប់ និង​លក់​ចេញ​បាន​ប៉ុន្មាន​ហើយ​តាំងពី​ចាប់ផ្តើម?

គិត​រហូត​មកទល់ពេលនេះ មានផ្ទះ​ជិត១០,០០០ខ្នង​ត្រូវបាន​លក់​ចេញ ហើយ​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ជាទី​តាំង​ធំជាងគេ​ដែលមាន​ផ្ទះ​ប្រមាណ៧០០០ ទៅ៨០០០ខ្នង​ត្រូវបាន​លក់​ចេញ។ ទីតាំង​នេះ​អាចជា​ទីក្រុង​រណប​មួយ​បាន​ហើយ។

អ្វីដែល​ប្រជាជន​ក្នុងស្រុក និង​ភ្ញៀវ​អន្តរជាតិ​ចាប់អារម្មណ៍ គឺ​ម៉ូត​ផ្ទះ​ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នៅក្នុង​បុរី​នេះ តើ​លោក​ឧកញ៉ា​យក​ទស្សន​នៃ​ការរៀបចំ​បែបផែន​នគរូបនីយកម្ម​មកពីណា?

ដោយសារ​ក្រុមហ៊ុន​បុរី​ប៉េង ហួត​ចង់​ធ្វើ​អ្វី​ឲ្យ​ប្លែក ធ្វើ​អ្វី​ឲ្យ​ល្អ​សម្រាប់​ប្រទេសជាតិ ទើប​យើង​កសាង​បុរី​នេះ​ឡើង​គិតពី​បរិស្ថាន សួន​បៃតង និង​រចនា​ផ្ទះ​ដែលស្អាតៗជូន​អតិថិជន​ទាំងអស់។ យើង​ចង់​ឲ្យ​ខ្មែរ​មាន​មោទនភាព​ថា ខ្មែរ​យើង​ក៏​អាច​សាងសង់​ផ្ទះ​បានល្អ ដូច​ប្រទេសផ្សេងៗបានដែរ។ អ្វីដែល​យើង​ផ្តោត គឺ​អតិថិជន​ចាប់ពី​អ្នកមាន​ជីវភាព​មធ្យម រហូតដល់​អ្នកមាន​ជីវភាព​លំដាប់​ខ្ពស់។

អ្វី​ជា​កត្តា​កំណត់​ស្នូល​ដែល​ធ្វើ​ឲ្យ​បុរី​ប៉េង ហួត​ទទួលជោគជ័យ​រហូតមក​ទល់​ពេលនេះ ក្រៅពី​ម៉ូត​ផ្ទះ និង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​ដ៏​ទាក់ទាញ?

អ្វីដែល​ជោគជ័យ​រហូតមកទល់​ពេលនេះ ដោយសារក្រុមហ៊ុនបុរីប៉េង ហួត ជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ទើបយើងវិនិយោគលើវិស័យលំនៅដ្ឋាន ខុនដូ ផ្សារទំនើប និងអ្វីពាក់ព័ន្ឋនឹងវិស័យនេះទាំងអស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ៕

ងាក​មក​មើល​ស្ថានភាព​ទីផ្សារ​បុរី តើ​លោក​ឧកញ៉ា​មើលឃើញ​ដូចម្តេច?

ខ្ញុំ​គិតថា សម្រាប់​បុរី​ប៉េង ហួត​មិនមាន​បញ្ហា​អ្វី​នោះទេ វា​នឹង​បន្ត​រីកចម្រើន​បន្តទៀត ព្រោះ​ប្រទេស​យើង​កំពុង​រីកចម្រើន ហេតុនេះ​យើង​នឹង​បន្ត​វិនិយោគ​បន្ថែមទៀត។ គិត​រហូត​មកទល់ពេលនេះ យើង​បាន​ចំណាយ​ទុន​ច្រើន​មកហើយ។ យើង​មាន​ទិសដៅ និង​ពង្រីក​ទៅកាន់​ទីតាំងផ្សេងៗទៀត​នាពេល​អនាគត។

ក្រៅពី​ការវិនិយោគ​ដោយ​ជោគជ័យ តើ​ក្រុមហ៊ុន​បុរី​ប៉េង ហួត​បានរួម​ចំណែក​ជួយ​ដល់​ការងារ​សង្គម​យ៉ាងដូច​ម្តេច?

ក្រុមហ៊ុន​បុរី​របស់​យើង ក្រៅពី​ការរកស៊ី​ទទួលបាន​ប្រាក់ចំណេញ​ហើយ យើង​ក៏បានផ្តល់​ជំនួយ​មនុស្ស​ធ៌​ម ជួយ​ដល់​មន្ទីរពេទ្យ​គ​ន្ឋ​បុ​ប្ឆា​ចំនួន១០ម៉ឺន​ដុល្លារ​កាលពី​សប្តាហ៍​មុន និង​បានរួម​ចំណែក​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​នានា ដូចជា​សាលារៀន កសាង​វត្ត​អា​រ៉ា​ម និង​ផ្លូវ​មួយចំនួនទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

មានការ​លើកឡើងថា ឈ្មោះ​ប៉េង ហួត​ជា​ឈ្មោះ​បូក​បញ្ចូល​គ្នា​របស់​អ្នកវិនិយោគ​បុរី​នេះ តើ​ពិត​ទេ​លោក​ឧកញ៉ា?

ពិតហើយប៉េង ហូត គឺចេញពីឈ្មោះបងប្រុសរបស់ខ្ញុំពីររូប ដែលជាស្ថាបនិករបស់បុរីនេះ។

ងាក​មក​ស្ថានភាព​នយោបាយ​កើន​កំដៅ​កាលពីពេលថ្មីៗនេះ តើ​មាន​រង​ផលប៉ះពាល់​ដល់​ការលក់​លំនៅដ្ឋាន​របស់​បុរី​ឬទេ?

ស្ថានភាព​នយោបាយ​កាលពីពេលថ្មីៗនេះ រង​ផលប៉ះពាល់​តិចតួច ប៉ុន្តែ​មិនមាន​អ្វី​ធ្ងន់ធ្ងរ​នោះទេ ហើយ​សម្រាប់​រយៈពេល​វែង​មិនមាន​បញ្ហា​នោះទេ ដោយសារ​យើង​បាន​ឆ្លងកាត់​បទពិសោធន៍​ជាច្រើន ប៉ុន្តែ​ក្រោយពេល​បោះឆ្នោតអ្វីៗនឹងមាន​ភាពប្រសើរឡើង ហើយ​យើង​នៅតែ​ដំណើរ​ការល្អ​ជាងគេ។

លើសពី​អ្វី​ជា​ផ្ទះ​នៅក្នុង​បុរី បច្ចុប្បន្ន​ក្រុមហ៊ុន​បុរី​ប៉េង ហួត​បានចាប់ផ្តើម​វិនិយោគ​លើ​ខុន​ដូ​សម្រាប់​លក់ តើ​ហេតុអ្វី​ដែរ លោក​ឧកញ៉ា ? ដោយសារ​ទីផ្សារ​ខុន​ដូ​ល្អប្រសើរ​ឬ​យ៉ាងណា?

ដោយសារក្រុមហ៊ុនបុរីប៉េង ហួតជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យ ទើបយើងវិនិយោគលើវិស័យលំនៅដ្ឋាន ខុនដូ ផ្សារទំនើប និងអ្វីពាក់ព័ន្ឋនឹងវិស័យនេះទាំងអស់ ដើម្បីឆ្លើយតបតម្រូវការទីផ្សារ និងតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here