ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកជំនាញនៅតែអះអាងពីគោលជំហរ និងភាពជឿជាក់លើ ការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជា ពិសេសការវិនិយោគអគារខុនដូ ព្រោះថានិន្នាការរបស់ប្រជាពលរដ្ឋខ្មែរទាក់ទង នឹងការរស់នៅខុនដូនឹងកើនឡើងច្រើននៅថ្ងៃអនាគត ខណៈដែលតម្លៃដីធ្លីក្នុងរាជធានីភ្នំពេញបានកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ។

-->
លោក ឃាង ពុទ្ធី នាយកក្រុមហ៊ុនស្លឹកប្ញទ្ធរៀលធីបាននិយាយឲ្យដឹងកាលពីពេលថ្មីៗនេះថា មិនយូរទេនិន្នាការរស់នៅតាមខុនដូ របស់ប្រជាពលរដ្ឋខ្មែរនឹងកើនឡើង។ អ្នកដែលរស់នៅខុនដូ ភាគច្រើនជាអ្នកដែលធ្លាប់បានទៅរស់នៅ ឬសិក្សានៅក្រៅប្រទេស។ ការរស់នៅខុនដូ គឺមានភាពឯករាជ្យ និងមានសុវត្ថិភាពខ្ពស់។លោកបានបន្តថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋខ្មែរ ដែលមានប្រាក់ចំណូលពីមធ្យមទៅខ្ពស់កាន់តែច្រើន បានងាកមកចាប់អារម្មណ៍ចំពោះការស្នាក់នៅខុនដូវិញ ពីព្រោះខុនដូមានទីតាំងនៅកណ្តាលក្រុង ស្របពេលការកកស្ទះចរាចរណ៍ និងការកើនឡើងនៃតម្លៃដី ក៏បានចូលរួមចំណែកធ្វើឱ្យការគិតរបស់ប្រជាពលរដ្ឋប្រែប្រួលផងដែរ។
លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវតែមានគំនិតសុទិដ្ឋិនិយមចំពោះភាពរីកចម្រើននៃវិស័យខុនដូ និងត្រូវនាំគ្នាគាំទ្រ ព្រោះបើយើងមានគំនិតអវិជ្ជមានប្រាកដណាស់ថា វានឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍប្រទេសជាមិនខាន ខណៈប្រទេសជិតខាងកម្ពុជា គេបានធ្វើដំណើរលឿនជាងប្រទេសយើងឆ្ងាយណាស់ទៅហើយ ចំពោះផ្នត់គំនិតនៃការរស់នៅខុនដូ ដូច្នេះយើងមិនត្រូវគិតថា ការសាងសង់នេះវាលើសតម្រូវការទេ ព្រោះបើលើសមែនរាជរដ្ឋាភិបាលនឹងមានវិធានការណ៍ដោះស្រាយជាមិនខាន។

យោងតាមការសិក្សារបស់ក្រុមហ៊ុន VTRUST Appraisal ដែលបានដាក់បង្ហាញកាលពីសប្តាហ៍មុនបានឲ្យដឹងថា ចំនួនខុនដូនៅរាជធានីភ្នំពេញបានកើនដល់៦០៥០០០យូនីត និងខេត្តព្រះសីហនុមានចំនួន៥០០០យូនីត ក្នុងនោះខុនដូដែលបានដាក់ឲ្យដំនើរការមានចំនួន៨៧០០យូនីត។
នាយកក្រុមហ៊ុន Spring CJW Development លោក Anthony Ong ដែលកំពុងវិនិយោគលើគម្រោងខុនដូ Axis Residences ដែលមានចំនួន៥៦៦យូនីត ស្ថិតនៅតាមបណ្តោយផ្លូវ2004 ជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានលើកឡើងកាលពីពេលថ្មីៗនេះថា“ប្រជាពលរដ្ឋខ្មែរ នៅតែជាសសរគ្រឹះដ៏រឹងមាំនៃកំណើនសេដ្ឋកិច្ច និងអចលនវត្ថុក្នុងប្រទេសកម្ពុជា។ លោកបន្តថា “យើងពិតជាមានការជឿជាក់ និងចង់ឱ្យប្រជាពលដ្ឋខ្មែរ ទទួលបានកន្លែងរស់នៅដ៏ស្អាតកម្រិតស្តង់ដា។
លោក Anthony បញ្ជាក់ថា “យើងពិតជាចង់ចូលរួមជួយលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ តាមរយៈកាលផ្តល់ជូននូវកន្លែងរស់នៅមួយដ៏ល្អដូចនៅប្រទេសសឹង្ហបុរី។ លោកបន្តថា“គោលបំណងដែលយើងធ្វើការវិនិយោគខុនដូ Axis Residences គឺមិនគ្រាន់តែដើម្បីបង្កើតជាផ្ទះស្នាក់នៅរួមនោះទេ តែការពិតវាជាលំនៅឋានដែលគួរឱ្យចង់រស់នៅ និងមានអ្វីៗគ្រប់យ៉ាងជាតម្រូវការរបស់អ្នកស្នាក់នៅ។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodiaបានថ្លែងថា ប្រជាពលរដ្ឋរស់នៅខុនដូ និងបានទិញខុនដូបានកើនឡើងសន្សឹមៗ ប៉ុន្តែនិន្នាការនេះកំពុងវិវត្តន៍ល្អប្រសើរ ដោយអតិថិជនជាជនជាតិខ្មែរភាគច្រើនទិញសម្រាប់រស់នៅ និងទុកជួល ប៉ុន្តែជនបរទេសទិញភាគច្រើនទុនសម្រាប់ជួល និងលក់ចេញនៅពេលទទួលបានផលចំណេញ៕