ចំនួនអផាតមិនកំពុងបន្តកើនឡើង ខណៈដែលចំនួនតម្រូវការមានការធ្លាក់ចុះ

0

ដោយ រ៉ាវី

ភ្នំពេញ៖ បើទោះជាសភាពការណ៍នយោបាយនេពេលបច្ចុប្បន្ននេះបានធ្វើឱ្យបណ្តាអ្នកវិនិយោគលើវិស័យអចលនទ្រព្យមួយចំនួនបានបង្ហាញពីការរារែក ក៏ប៉ុន្តែ​បើគេសម្លឹកមើលពីសកម្មភាពជាក់ស្ដែងក្នុងការសាងសង់វិញ គឺនៅតែមានភាពមមាញឹកឥតស្រាកស្រាន ជាពិសេស លើការសាងសង់សំណង់អាផាតមិនតែម្ដង បើទោះជាតម្រូវការនៅចំពៅមុខត្រូវបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ។

ផ្អែកតាមរបាយការណ៍ដែលសិក្សាឡើងដោយក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប បានបង្ហាញថា ចំនួនសំណង់អាគារអាផាតមិននៅក្នុងរាជធានីភ្នំពេញ នៅតែបន្តកើតឡើង ប្រើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ពោលគឺកើនឡើងរហូតដល់ចំនួនប្រមាណជា 20% ។ ដោយឡែកងាកមកចំនួនតម្រូវការនៃការជួលស្នាក់នៅ ក៏ដូចជាជួលសម្រាប់ការិយាល័យផ្សេងៗ គឺមានការថយចុះប្រមាណ​ 8%។

លោក សន សៀប ប្រធានក្រុមហ៊ុន Key Real Estate Co, Ltd បានទទួលស្គាល់ថា របាយការណ៍ដែលបង្ហាញខាងលើនេះពិតជាត្រឹមត្រូវ ខណៈដែលការធ្លាក់ចុះនូវចំនួនតម្រូវការនៅលើទីផ្សារជួលអាផាតមិននេះ ក៏ព្រោះតែបច្ចុប្បន្នការវិនិយោគលើវិស័យនេះមានភាពទូលាយ និងមានការប្រកួតប្រជែងគ្នាខ្លាំង។ ប្រកាសនេះបានធ្វើឱ្យមានផលលំបាកក្នុងការស្វែងរកអតិថិជនគោលដៅ។ លោកបញ្ជាក់ថា ៖ «ការកើតមានការផ្គត់ផ្គង់កាន់តែច្រើន វាបានបើកឱកាសឱ្យអតិថិជនមានជម្រើសកាន់តែច្រើនក្នុងការសម្រេចចិត្តជួលសម្រាប់ស្នាក់នៅ ក៏ដូចជាសម្រាប់ធ្វើជាការិយាល័យជាដើម ។ ប៉ុន្តែត្រឡប់មកវិញ អ្នកដែលទទួលរងនូវផលប៉ះពាល់នោះគឺអ្នកផ្គត់ផ្គង់នេះឯង ក្នុងការស្វែងរកអតិថិជន ដែលភាគច្រើនជាជនជាតិបរទេស ខណៈដែលជនជាតិខ្មែរភាគច្រើន មិនមានទំនោរចិត្តការជួលអាគារអាផាតមិនដើម្បីរស់នៅនោះទេ » ។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ក៏បានមានប្រសាសន៍ទទួលស្គាល់ផងដែរថា ទីផ្សារតម្រូវការអាផាតមិនពិតជាមានការធ្លាក់ ជាក់ស្ដែងកាលពីឆ្នាំកន្លងទៅ តម្រូវការបានកើនឡើងប្រមាណ90% ប៉ុន្តែនៅឆ្នាំនេះគឺធ្លាក់មកនៅត្រឹម​ 70% តែប៉ុណ្ណោះ ។ លោកឧកញ៉ាបានបញ្ជាក់ទៀតថា សម្រាប់អតិថិជនដែលមានតម្រូវការជួយអាផាតមិនជាក់ស្ដែងគឺមានទាំងជនជាតិបរទេស ទាំងជនជាតិខ្មែរ ហើយក្នុងនោះអាចពាក់ព័ន្ធទៅនឹងតម្លៃ ពោលតម្លៃក្រោម1000ដុល្លារ ជាអតិថិជនអាស៊ី អាចជាចិន ថៃ សាំងហ្គាពួរ ជាដើម ប៉ុន្តែបើតម្លៃចាប់ពី1000ដុល្លារឡើងទៅជា ភាគច្រើនជាអ្នកវិនិយោគ ឬជាអ្នកបម្រើការងារក្រុមហ៊ុនឯកជន ដែលជាជនជាតិអឺរ៉ុប ៕

LEAVE A REPLY

Please enter your comment!
Please enter your name here