ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមអ្នកជំនាញវិស័យអចលនទ្រព្យនៃក្រុមហ៊ុន Century21 បានលើកឡើងស្រដៀងគ្នាថា បច្ចេកវិទ្យាកាន់តែដើរតួនាទីសំខាន់ ក្នុងការប្រាស្រ័យទាក់ទងគ្នារវាងអ្នកផ្គង់ផ្គង់ និងអ្នកត្រូវការក្នុងវិស័យអចលនទ្រព្យ។
អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វីរៈ បានលើកឡើងក្នុងពិធីទទួលពានរង្វាន់ ដែលបានជូនបណ្ដាការយាល័យរបស់ក្រុមហ៊ុន Century21 Cambodia នៅរសៀលថ្ងៃម្សិលម៉ិញនេះថា បច្ចេកវិទ្យាត្រូវកាជាចាំបាច់ក្នុងការទិញ ដូរលក់រឺជួល ក្នុងវិស័យអចលនទ្រព្យដោយវាចំណេញទាំងពេលវេលា និងងាយស្រួលទៅដល់អតិថិជន។
លោកបន្តថា ការកើនឡើងនូវការទំនាក់ទំនង តាមបណ្តាញបច្ចេកវិទ្យា កាន់តែមានសារៈសំខាន់ ក្នុងការតភ្ជាប់បណ្តាញទំនាក់ទំនង ក៏ដូចជាអាជីវកម្មក្នុងវិស័យនេះ។
លោក ហាក់ គីមថុង ប្រធានទីផ្សារ Century 21 Dream Property ក៏បញ្ជាក់ដូចគ្នាផងដែរថា បច្ចេកវិទ្យាពិតជាសំខាន់ ក្នុងការធ្វើការងារលើវិស័យអចលនទ្រព្យ ជាពិសេសសម្រាប់ការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ខណៈពេលដែលកេរត្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Century 21 មានភាពល្បីល្បាញ និងផ្ដល់ជាទំនុកចិត្តខ្ពស់ដល់អតិថិជន។
ក្រុមហ៊ុន Century 21 ជាក្រុមហ៊ុនអចលនទ្រព្យផ្ដល់សេវាកម្ម លក់ ជួលអចលនទ្រព្យលំដាប់ពិភពលោក ដែលត្រូវបាននាំចូល Master Franchise ពីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន VTRUST GROUP កាលពីឆ្នាំ២០១៤ ដោយដាក់ឈ្មោះCentury21 Cambodia។ គិតមកទល់ពេលនេះ Century21 Cambodia បានលក់Franchise ដល់ក្រុមហ៊ុនចំនួន១៤នៅកម្ពុជា ក្នុងនោះ១១ក្រុមហ៊ុនមានទីតាំងក្នុងរាជធានីភ្នំពេញ និងសាខាក្រុមហ៊ុនមួយទៀត គឺស្ថិតនៅខេត្តព្រះសីហនុ។ បន្ថែមពីនេះ ក្រុមហ៊ុន Century 21 Cambodia ក៏នឹងពង្រីកសាខាក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួន ទៅកាន់បណ្ដាខេត្តក្រុងទាំង ២៥ក្នុងឆ្នាំ ២០១៨ខាងមុខផងដែរ។
អ្នកនាង Grace Rachny Fong នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Century21 Cambodia បានថ្លែងថា ការផ្តល់ពានរង្វាន់នេះ ជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននានា ដែលបានបំពេញការងារយ៉ាងល្អ ក្នុងវិស័យអចលទ្រព្យនៅកម្ពុជា។ ពានរង្វាន់នេះផ្តោតសំខាន់លើការសម្រេចបាននូវលទ្ឋផលគាប់ប្រសើរចំនួនបី គឺ Top Performance, Top Agent, និង Top Service។
បច្ចុប្បន្នក្រុមហ៊ុន Century21 បានពង្រីកទៅកាន់៧៩ប្រទេស មានការិយាល័យសរុប៧២៥០ និងមានភ្នាក់ងារចំនួនជាង១៣ម៉ឺននាក់ នៅទូទាំងពិភពលោក៕