ដោយគង់ សូរិយា
ភ្នំពេញ៖ ទុនវិនិយោគក្នុងវិស័យសំណង់ឆ្នាំនេះ នៅតែមានសញ្ញាល្អប្រសើរ ដោយទុនវិនិយោគ បានកើនឡើងដល់ជាង៦៤២៨លានអាមេរិកនៅដំណាច់ឆ្នាំនេះ កើនឡើង២២ភាគរយធៀបរយៈពេលដូចគ្នាកាលពីមុន។
យោងតាមរបាយការណ៍ នៃសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់នាព្រឹកថ្ងៃទី២៨ ធ្នូនេះបានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យនេះ នៅតែមានសញ្ញាល្អប្រសើរ ដោយសារការចូលមករបស់អ្នកវិនិយោគអន្តរជាតិនានា និងការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក ដែលធ្វើឲ្យផ្ទៃក្រឡាសំណង់កើនដល់រាប់លានម៉ែត្រការ៉េ ជាសញ្ញាល្អប្រសើរសម្រាប់វិស័យនេះ ដែលជាវិស័យមួយដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។
លោកជា សុផារ៉ាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា នៅក្នុងនិតិកាលទី៥នេះ រាជរដ្ឋាភិបាលនៅតែសម្រេចបានស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ចតាមរយៈការអនុវត្តនូវរាល់កំណែទម្រង់ទូលំទូលាយ និងស៊ីជម្រៅទាំងឡាយ ដែលកាន់តែពង្រីក បាននូវលក្ខណៈសម្បត្តិអនុគ្រោះថែមទៀត ដល់ការអភិវឌ្ឍគ្រប់វិស័យ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ការវិនិយោគក្នុងវិស័យសំណង់ និងអចលនវត្ថុឆ្នាំនេះ ជាការបន្តការវិនិយោគកាលពីឆ្នាំមុនភាគច្រើន ព្រោះគំរោងថ្មីៗដែលបានប្រកាសសាងសង់នៅឆ្នាំនេះ មានចំនួនតិចធៀបនឹងឆ្នាំ២០១។ លោកបន្តថា ទោះជាយ៉ាងណាលោកនៅតែមានសុទិដ្ឋិនិយមនឹងវិស័យនេះ ដែលបន្តមានភាពរីកចម្រើន ប៉ុន្តែ កម្ពុជាគួរពឹងផ្អែកប្រផពទុនពីគ្រប់ភាគី ជាជាងពឹងផ្អែកតែប្រទេសចិន។
ទោះជាយ៉ាងណាលោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានសម្តែងដុទិដ្ឋិនិយមជាងនេះ ដោយលោកបានថ្លែងថា ការក្សាបាននូវស្ថិរភាពនយោបាយ កំនើនសេដ្ឋកិច្ច និងស្ថិរភាពសង្គម និងច្បាប់វិនិយោគដ៏ល្អរបស់កម្ពុជា លោកគិតថាលើវិស័យនេះ នៅតែមានសញ្ញាល្អប្រសើរសម្រាប់រយៈពេលវែងបន្តទៀត៕