ដោយគង់ សូរិយា
ភ្នំពេញ ៖ គំរោងលំនៅដ្ឋានតម្លៃទាបតំបូងគេ ស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ និងអភិវឌ្ឍន៍ដោយក្រុមហ៊ុន World Bridge Cambodiaនឹងចាប់ផ្តើមទទួលកក់ប្រាក់ជាលើកតំបូងនៅដើមឆ្នាំ២០១៨ខាងមុខនេះ។
លោកឧកញ៉ានួន រិទ្ឋីអគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisalដែលទទួលបានសិទ្ឋលក់ផ្តាច់មុខ នៃគំរោងលំនៅដ្ឋានតម្លៃទាបស្របតាមគោលនយោបាយរដ្ឋាភិបាលនេះ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៣០ ធ្នូនេះថា រហូតមកទល់ពេលនេះការរៀបចំបែបបទ និតិវិធីជាមួយរដ្ឋាភិបាល និងការទទួលបានការលើកទឹកចិត្ត ពីរដ្ឋាភិបាលលើគំរោងនេះបានជិតបញ្ចប់ហើយ ហេតុនេះយើងរំពឹងថា គំរោងលំនៅដ្ឋានតម្លៃទាបនេះ នឹងបើកទទួលការកក់ប្រាក់ពីអតិថិជននៅដើមឆ្នាំ២០១៨ខាងមុខនេះ។
លោកបន្តថា “រហូតមកទល់ពេលនេះ ការចាក់ខ្សាច់បំពេញគំរោងដែលស្ថិតនៅលើផ្ទៃដីជាង២០ហិកតានេះ បានជិតបញ្ចប់១០០ភាគរយហើយ”។លោកបន្តថា “បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់ឃ្លាំង រោងចក្រ ដើម្បីផលិតវត្ថុធាតុដើមដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយ និងធ្វើឲ្យប្រាកដថាលំនៅដ្ឋានក្នុងគំរោងនេះមានគុណភាពខ្ពស់”។