ក្រសួងពាណិជ្ជកម្ម ផ្តល់​សិទ្ធិ​បន្ថែម​សម្រាប់​អ្នក​នាំចេញ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព ដើម​ទំនិញ

0

ក្រសួងពាណិជ្ជកម្ម បានផ្តល់​សិទ្ធិ​បន្ថែមទៀត​ដល់​អ្នក​នាំចេញ និង​ផលិតករ​នៅ​កម្ពុជា​ក្នុងការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ចាប់ពី​ថ្ងៃទី៦ ខែកញ្ញា​នេះ​ទៅ។

ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការកែសម្រួល​និង​កាត់បន្ថយ​ដំណាក់កាល​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​គ្រប់​ទម្រង់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ដល់​ផលិតករ និង​អ្នក​នាំចេញ ដោយ​សម្រេច​ផ្តល់​សិទ្ធ​បន្ថែម​ដល់​ថ្នាក់​នាយកដ្ឋាន​នាំចេញ-នាំចូល និង​ថ្នាក់​អគ្គនាយកដ្ឋាន​សេវាកម្ម ក្នុងការ​ពិនិត្យ និង​អនុម័ត​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម កញ្ញា សឹង សុ​ផា​រី បាន​ថ្លែងថា ក្រសួងពាណិជ្ជកម្ម បានសម្រេច​ផ្តល់​សិទ្ធ​បន្ថែម ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​គ្រប់​ទម្រង់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចាប់ពី​ថ្ងៃទី ៦ខែកញ្ញា​នេះ​ទៅ ហើយ​ក្នុង​គោលបំណង​សំខាន់ គឺ​ដើម្បី​សម្រួល​ដល់​ការនាំចេញ​នាំចូល​ទំនិញ​ពី​កម្ពុជា ទៅ​ក្រៅប្រទេស។ កញ្ញា​អ្នកនាំពាក្យ បន្ថែមថា ថ្ងៃក្រោយ​នៅពេលដែល​កម្ពុ​ជាមាន​ដៃគូ​ពាណិជ្ជកម្ម​ហើយ​បើសិន​ជាមាន​កិច្ចព្រមព្រៀង​ទៀត​នោះ​នឹង​សម្រួល​ដល់​ការនាំ​ចេញពី​កម្ពុជា​ឲ្យ​កាន់តែ​ងាយស្រួល​បំផុត។

សម្រាប់ លោក ជាង បូរ៉ា អគ្គ​នាយក្រុម​ហ៊ុន​រ៉ា​គឹម​ឡុង បាន​ថ្លែងថា បច្ចុប្បន្ននេះ ផលិតករ​កម្ពុ​ជាមាន​ច្រើន ហើយ​មិនបាន​យល់​ពី​បែបបទ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម នៅឡើយ​ទេ ហើយ​ក្រសួង​គួរតែមាន​ការបើក​ឲ្យ​ទូលាយ​ថែមទៀត​កុំ​ឲ្យ​មានការ​ពន្យា​ពេល​បន្ថែម។ លោក បានបញ្ជាក់​ទៀតថា កន្លងមក​ផលិតករ និង​អ្នក​នាំចេញ​ជួប​បញ្ហា​ច្រើន ហើយ​ស្នើសុំ​ឲ្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បើក​វគ្គ​បណ្តុះបណ្តាល​ឲ្យ​បាន​ច្រើន​បន្ថែមទៀត។

សេចក្តីជូនដំណឹង​ពី​ក្រសួងពាណិជ្ជកម្ម ឲ្យ​ដឹងថា  ការកែសម្រួល និង​កាត់បន្ថយ​ដំណាក់កាល​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​គ្រប់​ទម្រង់​តាម​ប្រព័ន្ធ​ស្វ័យប្រវត្ត​កម្ម​ដល់​ផលិតករ​និង​អ្នក​នាំចេញ ដោយបាន​សម្រេច​ផ្តល់​សិទ្ធ​បន្ថែម​ដល់​ថ្នាក់​នាយកដ្ឋាន​នាំចេញ-នាំចូល​និង​ថ្នាក់​អគ្គនាយកដ្ឋាន​សេវាកម្ម។

ក្រសួងពាណិជ្ជកម្ម​នឹង​កែសម្រួល​កាត់បន្ថយ​ដំណាក់កាល​នៃ​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ជា​បន្តទៀត ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​បង្កើត​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here