ស្រ្តីជើងខ្លាំងពីររូប លើកឡើងពីស្ថានភាពអចលនទ្រព្យឆ្នាំ២០១៨

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ឆ្នាំ២០១៨ជាឆ្នាំនៃការបោះឆ្នោត និងជាវដ្តនៃវិបត្តិសេដ្ឋកិច្ចផងដែរ ប៉ុន្តែឆ្នាំ២០១៨នៅកម្ពុជា ទំនងជាមិនមានអ្វីកើតឡើងក្នុងវិស័យសំណង់និងអចលនវត្ថុនៅកម្ពុជានោះទេ។

ស្រ្តីជើងខ្លាំងពីររូបដែលធ្វើការងារយ៉ាងសកម្មទាក់ទងការទិញ លក់ ជួល​ក្នុងវិស័យអចលនទ្រព្យ បានលើកឡើងពីការយល់ឃើញរបស់ខ្លួន ជាមួយស្ថានិកនៃគេហទំព័រអចលនទ្រព្យ Propertyarea.asia ទាក់ទងនឹងស្ថានភាពអចលទ្រព្យឆ្នាំនេះ។

នាយិកាប្រចាំប្រទេស នៃក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia អ្នកនាង អាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី២ មករានេះថា ឆ្នាំ២០១៨មានវិស័យមួ​យ​​ចំនួននឹងកើនឡើងនូវការផ្គត់ផ្គង់ និងប្រកួតប្រជែងកាន់តែខ្លាំង ដោយចំនួនខុនដូ១៣០០០យូនីត នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ ដែលធ្វើឲ្យទីផ្សារជួលកើន ឡើង។ចំណែកតម្រូវការអាគារការិយា​ល័យនៅតែល្អប្រសើរ ដោយអាគារកម្រិត B និងC មានតម្រូវការខ្ពស់ ខណៈផ្សារទំនើបក៏កំពុងមានការប្រែប្រួលខ្លាំងផងដែរ ដោយសារផ្សារទំនើបលំដាប់អន្តរជាតិ២ទៀតនឹង បើកដំណើរការក្នុងឆ្នាំនេះ។

អ្នកនាងបន្តថា “ខ្ញុំគិតថាលំហូរ FDI នៅតែមានស្ថិរភាព មិនធ្លាក់ចុះនោះទេ ហើយទីផ្សារនេះ កំពុងមានតម្រូវការស្រូបយកច្រើន ដែលធ្វើឲ្យការទិញលក់បុរីនៅតែល្អប្រសើរ”។ អ្នកនាងបន្តថា “ទីផ្សារបុរីបានងាកមកកាន់តម្លៃសមរម្យ ហើ​យកំលាំងទិញនៅតែខ្លាំង ព្រោះបុរីផ្តោតលើប្រជាជនក្នុងស្រុក”។

ចំណែកនាយិកាប្រតិបត្តិ នៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពអចលនទ្រព្យនឹងមិនប្រែប្រួលខ្លាំងនោះទេ ព្រោះចុងឆ្នាំ២០១៧មានគំរោងធំ២បានបើកសម្ភោធជាអ្វីដែលផ្តល់ទំនុកចិត្តដល់ទីផ្សារនេះ។ ជាមួយនេះសកម្មភាពនៃការទិញលក់ ជួលនៅក្នុងក្រុមហ៊ុនរបស់យើង នៅតែមានភាពសកម្មទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

អ្នកនាងបន្តថា ចំនែកទីផ្សារខុនដូនៅតែមានសក្តានុពល ដោយគំរោង ដែលបានសាងសង់កាលពីមុនបានបញ្ចប់ច្រើន ហើយការលក់នៅ​តែល្អ សម្រាប់គំរោងដែលមានតម្លៃសមរម្យ ប៉ុន្តែខុនដូតម្លៃខ្ពស់ និងស្ថិតនៅទីតាំងមិនអំណោ​យផល ជួបការលំបាកបន្តិច។អ្នកនាងបន្តថា ខុនដូមួយចំនួនដែលបានបញ្ចប់ការ​សាងសង់បានប្តូររូបភាពទៅជាសណ្ឋាគារ និងសេវាអាផាតម៉ិន ដើម្បីធ្វើពិពិធកម្ម​ទីផ្សាររបស់ខ្លួន ខណៈការប្រកួតប្រជែងបន្តកើនឡើងក្នុងទីផ្សារនេះ។

អ្នកនាងបន្តថា “បើសិនជាពិនិត្យមើលលំហូរ FDI វិញ ខ្ញុំគិតថាអាចស្ថិតក្នុងសភាពទ្រឹង ឬអាចធ្លាក់ចុះតិចតួច ព្រោះអ្នកវិនិយោគពីអឺរ៉ុបមានការបារម្ភ ប៉ុន្តែអ្នកវិនិយោគក្នុងតំបន់អាស៊ី ពួកគេនៅតែចូលមកកាន់ទីនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here