ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនជីព ម៉ុងនឹងសាងសង់អាគារពាណិជ្ជកម្មកប់ពពកមួយ នៅទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មដំបូងគេ នៅរាជធានីភ្នំពេញគឺអាគារ Parkway បច្ចុប្បន្ននេះ។
អ្នកនាង Grace Rachny Fong នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ មករានេះថា ក្រុមហ៊ុនជីព ម៉ុង គ្រុប នឹងសាងសង់អាគារពាណិជ្ជកម្មនៅទីតាំងនេះ នាចុងឆ្នាំនេះឬដើមឆ្នាំ២០១៩ខាងមុខ ព្រោះទីតាំងនេះត្រូវបានក្រុមហ៊ុនជីព ម៉ុងទិញយករួចហើយ។
អ្នកនាងបន្តថា “ទីតាំងនេះជាទីតាំងដ៏ល្អ និងមានតំបន់ពាណិជ្ជកម្មរសរវើកសម្រាប់ការធ្វើពាណិជ្ជកម្ម និងអំណោយផលសម្រាប់ការសាងសង់អាគារពាណិជ្ជកម្មបែបនេះ”។
តាមព័ត៌មានពីប្រភពមួយទៀតបានឲ្យដឹងផងដែរថា ក្រុមហ៊ុនជីព ម៉ុងក៏គ្រោងទិញដីនៅក្រោយអាគារនេះ និងទិញទីតាំងស្ថានីយ៍ប្រេងឥន្ឋនៈកាល់តិច ដែលស្ថិតនៅខាងមុខច្រកចូល ភោជនីយដ្ឋាន Spark ដែលជាកម្មសិទ្ឋរបស់លោកជំទាវហ៊ុន ម៉ាណាកូនស្រីរបស់សម្តេចតេជោហ៊ុន សែនផងដែរ ប៉ុន្តែមិនមានប្រភពជាក់លាក់ថា ក្រុមហ៊ុននេះបានទិញយកបានឬអត់ឡើយនូវទីតាំងស្ថានីយ៍ប្រេងឥន្ឋនៈនេះ ព្រោះមានក្រុមហ៊ុនជាច្រើនចង់បានទីតាំងនេះ។
ថ្នាក់ដឹកនាំក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យមួយ ដែលបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ទីតាំងអាគាររួមនឹងចំណតរថយន្តនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Parkway មានទំហំជាង១ហិកតា ហើយដីនៅទីនេះមានតម្លៃចន្លោះពី៣៥០០ ទៅ៤២០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដូច្នេះតម្លៃអចលនទ្រព្យនេះ មិនតិចជាង៤០លានដុល្លារអាមេរិកនោះទេ។
ថ្នាក់ដឹកនាំក្រុមហ៊ុនជីព ម៉ុងមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេទាក់ទងនឹងការវិនិយោគ និងការទិញទីតាំងខាងលើនេះ៕