តម្លៃ​ដី​នៅក្នុង​ខ័ណ្ឌ​ចំនួន៣​ នៅ​រាជធានី​ភ្នំពេញ​កំពុង​កើនឡើង​ដោយសារ​កំនើ​ននៃ​ការ​វិនិយោគ​

0
ខណ្ឌចំនួន៣

ដោយៈ​ រ៉ា​ណេត

ភ្នំ​ពេញៈ​ ក្រុម​អ្នកជំនាញ​បាន​និយាយ​ថា​ ខណ្ឌ​ចំនួន៣ នៅ​រាជធានី​ភ្នំពេញ​បាន​និង​កំពុងតែ​បន្ត​ជំរុញ​តម្លៃ​ឡើងថ្លៃ​គួរ​ឱ្យ​កត់សម្គាល់​ ដែល​ខ័ណ្ឌ​ទាំងនោះ​រួមមាន​ ខណ្ឌ​ជ្រោយ​ចង្វា​រ ខណ្ឌ​ច្បារអំពៅ​ និង​ខណ្ឌដង្កោ​ ខណៈ​ដែល​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​កំពុងតែ​មាន​យ៉ាង​គំហុក​។

អគ្គនាយក​ក្រុមហ៊ុន​ PREMIUM​ Group​ ​លោក​ ម៉ាន់​ ច័ន្ទ​ឌី​ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ព្រឹក​ថ្ងៃទី២​ ខែសីហា​នេះ​ថា​ លោក​ទទួលស្គាល់​នូវ​ការ​កើនឡើង​នូវ​តម្លៃ​ដី​ និង​អចលនទ្រព្យ​នៅក្នុងចំណោម​ខណ្ឌ​ចំនួន៣​ ដូច​ការ​លើកឡើង​ខាងលើ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ ការ​កើនឡើង​នូវ​តម្លៃ​មិន​មាន​ភាព​ស្មើរ​គ្នា​នោះ​ទេ​ ដោយសារ​ភាពល្អ​ប្រសើរ​ និង​កត្តា​ភូមិសាស្ត្រ​មាន​ភាព​អំ​នោយ​ផល​ខុសគ្នា​។

លោក​បាន​បន្ត​ថា​ “ខណ្ឌ​ទាំង៣រួមមាន​ខណ្ឌ​ច្បារអំពៅ​ ខណ្ឌដង្កោ​ និង​ខណ្ឌ​ជ្រោយ​ចង្វា​រ សុទ្ធតែ​ស្ថិតនៅ​តំបន់​ផ្លូវជាតិ​សំ​ខាន់​ៗទាំង​ ប៉ុន្តែ​សក្ដានុពល​ក្នុង​ការ​អភិវឌ្ឍ​មាន​ភាព​ខុសគ្នា​បន្តិច​”។

​លោក​ម៉ាន់​ ចាន់​ឌី​បាន​បន្ត​ទៀត​ថា​ ក្នុងចំណោម​ខណ្ឌ​ទាំង៣​ ខណ្ឌ​ជ្រោយ​ចង្វា​រមាន​សក្ដានុពល​ជាងគេ​ ដោយសារតែ​ស្ថិតនៅ​ជិត​ក្រុង​ ភូមិសាស្ត្រ​មាន​អំណោយផល​ល្អ​ពី​ធម្មជាតិ​ដែល​មាន​ទន្លេ​នៅអម​សងខាង​ ជាពិសេស​មាន​គម្រោង​អភិវឌ្ឍ​ទីក្រុង​រណប​ចំនួន២កើ​ឡើង​ព្រមគ្នា​ រួមមាន​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​ OCIC​ និង​ទីក្រុង​រណប​របស់​ក្រុមហ៊ុន​លី​ យ៉ុង​ផាត់​ ហើយ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ ក៏​សម្រុក​ទៅកាន់​តំបន់​ផ្លូវជាតិ​លេខ៦ដែរ​។

នៅក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ នា​ពេល​បច្ចុប្បន្ន​នេះ​ ដី​ដែល​មាន​ទីតាំង​ល្អ​ និង​ស្ថិត​ក្នុង​តំបន់​អភិវឌ្ឍ​មានតម្លៃ​ ចាប់ពី ១៨០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ រហូតដល់​ជិត ៣០០០ដុល្លារ​ ឬលើស​ពីនេះ​ក៏មានដែរ​។

លោក​ឧក​ញ៉ា​តេង​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​ R Investment​ Group​ បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ខណ្ឌដង្កោ​ កំពុងតែ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ ដោយសារតែ​នៅក្នុង​ខណ្ឌ​មួយ​នេះ​ មាន​លំហូរ​នៃ​ចំនួន​ប្រជាជន​ចំណាក​ស្រុក​ចូល​មក​រស់នៅ​ច្រើន​ ដែល​ជំរុញ​ឱ្យ​មាន​តម្រូវការ​លើ​ការ​លើ​ការ​ស្នាក់នៅ​ច្រើន​។ លោក​ឧកញ៉ា​បន្ត​ថា​ “ខណ្ឌ​ដែល​ស្ថិតនៅ​ភាគ​ខាងត្បូង​នៃ​រាជធានី​ភ្នំពេញ​មួយ​នេះ​ មាន​វិសាលភាព​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការអភិវឌ្ឍន៍​ ជាពិសេស​តម្លៃ​ដីធ្លី​នៅ​មានកម្រិត​នៅឡើយ​ ដែល​វា​ជា​ការ​ផ្តល់​ឱកាស​សម្រាប់​បណ្តា​អ្នក​វិនិយោគ​ទាំងនោះ​។

លោក​ឧកញ៉ា​បន្ត​ថា​ “ បច្ចុប្បន្ន​បើ​និយាយ​ពី​តម្លៃ​ដីធ្លី​នៅក្នុង​ខណ្ឌដង្កោ​ គឺ​បាន​កើនឡើង​មួយ​កម្រិត​ធំ​រួច​ទៅ​ហើយ​ ជាពិសេស​កន្លែង​ដែល​ជាទី​ប្រជុំជន​ និង​មានការ​អភិវឌ្ឍន៍​រួចរាល់​”។

ចំពោះ​ដី​ដែល​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ ដូចជា​ចំណុច​រង្វង់​មូល​គួរស្រូវ​ ចំណុច​ទីប្រជុំជន​ផ្សារ​ចំការ​ដូង​ ក៏ដូចជា​ផ្លូវ​បេតុង​ដែល​ឆ្ពោះទៅ​តំបន់​ព្រៃស​ គឺ​មានតម្លៃ​ចន្លោះ​ចាប់ពី៣០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ឬអាច​លើស​ពី​តម្លៃ​នេះ​បន្តិចបន្ទួច​។ ប៉ុន្តែ​បើ​ចំពោះ​ប្រភេទ​ដី​ដែល​នៅទំនេរ​ និង​មាន​ទំហំ​ចាប់ពី១ហិ​កតា​ឡើង​ទៅ​ អាច​មានតម្លៃ​ចាប់ពី៣៥ទៅ១០០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​ចំពោះ​ប្រភេទ​ដី​លំនៅ​ដ្ឋាន​ ឬជា​ប្រភេទ​ដី​ឡូ​តិ៍​ អាច​មានតម្លៃ​រហូតដល់១៥០ដុល្លារ​ក្នុង​មួយ​ការ៉េ​”។

ងាក​មក​ចាប់អារម្មណ៍​ជាមួយ​វិស័យ​ដីធ្លី​ និង​អចលនទ្រព្យ​ក្នុង​ខណ្ឌ​ច្បារអំពៅ​វិញ​ ត្រូវ​បាន​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ ប្រាប់​ឱ្យ​ដឹងផង​ដែរ​ថា​ ខណ្ឌ​ច្បារអំពៅ​សព្វថ្ងៃ​នេះ​ មានការ​អភិវឌ្ឍ​ខ្លាំង​មិនចាញ់​ខណ្ឌ​ដទៃ​នោះ​ឡើយ​ ហើយ​គម្រោង​អភិ​វឌ្ឍ​ធំៗ​ ក៏ដូចជា​គម្រោង​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​លំដាប់​អភិជន​ក៏​ស្ថិតនៅ​ក្នុង​ខណ្ឌ​មួយ​នេះ​ដែរ​។ នៅក្នុង​ខណ្ឌ​ច្បារអំពៅ​ បើ​ស្ថិតនៅ​តាម​តំបន់​ផ្លូវជាតិ១​ គឺ​កាត់​តែ​មាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​ ដោយសារតែ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ និង​ភាព​រីកចម្រើន​យ៉ាង​គំហុក​ បាន​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​តំបន់​ទាំងនេះ​ មានការ​កើ​ឡើង​យ៉ាង​ខ្ពស់​”។

លោក​ឧកញ៉ា​បន្ត​ថា​ “ដោយសារ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ បាន​ធ្វើ​ឱ្យ​តម្លៃ​ដីធ្លី​ នៅ​តាម​បណ្តោយ​ផ្លូវ​នេះ​មាន​កំណើន​ជាប្រចាំ​”។

ជាក់ស្តែង​បើ​គិត​ចាប់ពី​ចំណុច​គល់​ស្ពាន​ច្បារអំពៅ​ រហូតដល់​ម្តុំ​បុរី​ប៉េង​ហួត​ តម្លៃ​ដី​អាច​ចាប់ពី២០០០​ ទៅ៣៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ចាប់ពី​តំបន់​ម្ដុំ​បឹង​ស្នោ​ រហូតដល់​តំបន់​ផ្លូវបំបែក​រោងចក្រ​ស្រា​បៀ​រថៃហ្គ័រ​ អាច​មានតម្លៃ​ក្នុង​ចន្លោះ១៥០០​ ទៅ២០០០ដុល្លារ​ ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដោយឡែក​ចាប់ពី​តំបន់​ផ្លូវបំបែក​ ចូល​រោងចក្រ​ស្រា​បៀ​រថៃហ្គ័រ​រហូតដល់​ផ្សារ​គរ​គី​ អាច​មានតម្លៃ​ក្នុង​ចន្លោះ២៥០​ ទៅ៤០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ប៉ុន្តែ​បើ​នៅ​តំបន់​ទីប្រជុំជន​ផ្សារ​គឺ​មានតម្លៃ​ថ្លៃជាង​នេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here