អស្ចារ្យ!!! ផ្ទះល្វែង Habitat 67 ដ៏ចំលែកនៅលើលោកក្នុងប្រទេសកាណាដា

0

ដោយ វុត្ថា

ភ្នំពេញ៖ ផ្ទះល្វែង Habitat 67 ឬគេហៅជាទូទៅថា​ Habitat គឺជាសហគមន៍គំរូ និងលំនៅដ្ឋានដ៏ចំលែកលើលោក ដែលស្ថិតនៅក្នុងក្នុងទីក្រុងម៉ុងត្រេអាល់ និង កេបិចប្រទេសកាណាដា។

ផ្ទះល្វែងដ៏ចម្លែងគ្មានពីរនេះ ត្រូវបានរចនាដោយស្ថាបត្យករជនជាតិអ៊ីស្រាអែល កាត់កាណាដាលោក Moshe Safdie ដោយលោកបានសាងសង់ជាលើកដំបូងយកគំរូតាម និក្ខេបបទបញ្ចប់ថ្នាក់អនុបណ្ឌិតលើជំនាញស្ថាបត្យកម្មសំណង់របស់លោក នៅសកលវិទ្យាល័យម៉ាក់ហ្គីល (McGill University) សម្រាប់ប្រកួតប្រជែងយកពាន Pilkington Prize ប៉ុន្តែលោកបានបរាជ័យ ក្នុងការទទួលពាននេះ តែក្រោយមកគំរូស្ថាបត្យកម្មនេះ ត្រូវបានគេយកមកសាងសង់ផ្ទះល្វែងHabitat 67 នេះ និងទទួលបានការកោតសសើរ និងពានរង្វាន់ជាច្រើន។

ផ្ទះល្វែង Habitat 67 ត្រូវបានគេចាត់ទុកថា ជាសំណង់ស្ថាបត្យកម្មដ៏ធំ និងជាអគារដែលគេទទួលស្គាល់ថា អស្ចារ្យបំផុតនៅទីម៉ុងត្រេអាល់ ប្រទេសកាណាដា។ នៅឆ្នាំ​២០១៧ កាសែត Canada Post បានចេញផ្សាយពីរចនាសម្ព័ន្ពនៃផ្ទះល្វែងនេះ សម្រាប់ប្រារព្ធខួបលើកទី៥០នៃពិព័រណ៍ Expo 67 នៅខែ មេសា ដល់ ខែតុលា ឆ្នាំ១៩៦៧ ហើយលោក Moshe Safdie ទទួលការប្រសិទ្ធនាមពីលោក Edward Churchill នាយកនាយកដ្ឋាន Expo 67 និងពានរង្វាន់ក្នុងនាជាយុវជន   ​វ័យក្មេងដែលមានគំនិតឆ្លៃប្រឌិតមួយអស្ចារ្យ។

ការអភិវឌ្ឍផ្ទះល្វែងនេះ ត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយរដ្ឋាភិបាលសហព័ន្ធកាណាដា ប៉ុន្តែឥឡូវនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរួម ដែលបានទិញអគារនេះពីសាជីវកម្មបញ្ចាំ និងលំនៅឋានរបស់កាណាដានៅឆ្នាំ១៩៨៥  ប៉ុន្តែលោក Safdie ក៏នៅតែជាម្ចាស់ផ្ទះល្វែងក្នុងអាគារនេះដដែល។

ផ្ទះល្វែង  Habitat 67 មាន៣៥៤ទម្រង់បេតុងដូចគ្នា ដែលបានរៀបចំផ្សេងៗគ្នារហូតដល់កំពស់១២ជាន់។ ជារួមទម្រង់ទាំងនេះ បានបង្កើតលំនៅដ្ឋានចំនួន១៤៦ផ្ទះ ដែលមានទំហំខុសៗគ្នា រចនាសម្ព័ន្ធនីមួយៗត្រូវបង្កើតឡើងតៗគ្នាពីមួយទៅប្រាំបីUnit។ ដំបូងឡើយអគារនេះ មានផ្ទះល្វែងចំនួន១៥៨​ Units ប៉ុន្តែត្រូវបានគេរួមបញ្ចូលគ្នា ដើម្បីបង្កើតជា Units ធំៗ ដូច្នេះហើយចំនួនបន្ទប់បានថយចុះ។ បន្ទប់នីមួយៗត្រូវបានតភ្ជាប់គ្នា ដែលអាចមានទំហំចាប់ពី ២០ ទៅ៩០ម៉ែត្រការ៉េ។

ស្ថាបត្យករ លោក Moshe Safdie បានសាងសង់ និងរៀបចំនូវអគារនេះបានយ៉ាងប្រណីត សម្រាប់អោយប្រជាពលរដ្ឋកាណាដា រស់នៅប្រកបដោយផាសុខភាពមាន រួមមានទាំង សួនច្បារ បរិយាកាស្រស់ស្រាយ ស្ថានភាពស្ងាត់ស្រងំ និងជាពិសេសមានបរិស្ថានស្រស់ស្អាត សម្រាប់មនុស្សជាច្រើន ដែលចូលចិត្តភាពស៊ីវិល័យ និងស្ងប់ស្ងាត់។

តម្លៃផ្ទះនៃគំរោងនេះ ខ្ពស់បំផុត១៤០.000ដុល្លារអាមេរិកក្នុងមួយ Unit។ ផ្ទះល្វែង Habitat 67 បានក្លាយទៅជាកន្លែងល្បីល្បាញ ដែលមានភ្ញៀវទេចរណ៍មកពីជុំវិញពិភពលោក ទៅទស្សនារាប់ពាន់នាក់ ហើយក្នុងកំឡុងពេលការតាំងពិព៌ណ​កន្លងមកនេះ ក៏បានបម្រើដល់ការរស់នៅបណ្តោះអាសន្ន របស់ឥស្សរជនជាច្រើនមកទស្សនាដែលបានមកដល់ទីក្រុងម៉ុងត្រេអាល់។

នៅខែមីនាឆ្នាំ២០១២ ផ្ទះល្វែង Habitat 67 បានឈ្នះការស្ទង់មតិតាមអនឡាញជាស្ថាបត្យកម្ម Lego (Lego Architecture) និងជាបេក្ខភាព ដែលត្រូវបានដាក់ក្នុងបញ្ជីនៃអគារដ៏ល្បីល្បាញ ដែលបំផុសគំនិតចម្លងពិសេសLego ។ ឥដ្ឋ  ម៉ាក Legoត្រូវបានគេប្រើនៅក្នុងផែនការដំបូងសម្រាប់លំនៅដ្ឋាន។

យោងតាមក្រុមហ៊ុនរបស់ក្រុមហ៊ុន Safdie “គំរូដំបូងនៃគម្រោងសាងសង់អគារនេះឡើង ដោយប្រើឥដ្ឋLego ហើយជាបន្តបន្ទាប់មក ការសាងសង់នានាក៏ត្រូវបានប្រើប្រាស់ឥដ្ឋ Lego ផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here