ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤​ សិក្សា​បញ្ចប់​ដោយក្រុម​ហ៊ុន​ចិន​ ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​កសាង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​

0
ផ្លូវក្រវ៉ាត់ក្រុងទី៤ សិក្សាបញ្ចប់ដោយក្រុមហ៊ុនចិន ខណៈក្រុមហ៊ុននេះកំពុងកសាង ផ្លូវក្រវ៉ាត់ក្រុងទី៣
រូបភាពតំណាង

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ មន្ត្រីជំនាញ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​អះអាង​ថា​ គំរោង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤បាន​បញ្ចប់​រួចហើយ​ ដែល​ធ្វើឡើង​ដោយក្រុម​ហ៊ុន​ Shanghai​ Construction​ Group​ ខណៈ​ក្រុមហ៊ុន​នេះ​ កំពុង​សាងសង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ នា​ពេល​បច្ចុប្បន្ន​។

រូបភាពតំណាង

លោក​ វ៉ា​ ស៊ី​មសូរី​យ៉ា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ និង​ដឹកជញ្ជូន​បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​ ២៦​ ខែសីហា​ ឆ្នាំ​ ២០១៩នេះ​ថា​ ក្រុមហ៊ុន​នេះ​ បាន​សិក្សា​គម្រោង​ផ្លូ​វប្រ​វ៉ាត់​ក្រុង​ទី៤នេះ​ បាន​បញ្ចប់​រួចហើយ​ និង​បាន​បញ្ចូន​ផែនការ​សិក្សា​ មកដល់​ក្រសួង​ តែ​ក្រសួង​ត្រូវការ​ពេលវេលា​ពិនិត្យ​ និង​សិក្សា​ឡើងវិញ​មុននឹង​សម្រេច​ជា​ផ្លូវការ​ថា​ នឹង​ចាប់ផ្តើម​ប្រកាស​សាងសង់​ជា​ផ្លូវការ​នៅពេល​ណា​នោះ​។

លោក​បន្ត​ថា​ “ការពិនិត្យ​និង​សិក្សា​ឡើងវិញ​នេះ​ នឹង​ប្រើ​ពេលវេលា​យូរ​ ព្រោះ​អ្វី​ៗមិន​អាច​ធ្វើ​ទៅ​លឿន​បានទេ​ យើង​ត្រូវ​ធ្វើ​ទៅតាម​នីតិវិធី​ ហើយ​នៅពេល​ក្រសួង​សិក្សា​ចប់​ ក្រសួង​នឹង​ប្រកាស​ជា​ផ្លូវការ​ហើយ​”។

លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ នៅក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​ខេត្ត​ព្រះសីហនុ​ចំនួន​ពីរ​ខ្សែ​ កាល​ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ​ ២០១៩​ កន្លងមក​នេះ​បានឱ្យ​ដឹង​ថា​ ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​ ៤ បាន​នឹង​កំពុង​សិក្សា​សាងសង់​ឆាប់​ខាងមុខនេះ​ ដើម្បី​ឆ្លើយតបទៅនឹង​ការ​ឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​ កាត់បន្ថយ​ការ​កកស្ទះ​ និង​ការ​ធ្វើ​ចរាចរណ៍​មាន​ភាព​ងាយស្រួល​ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មានការ​រីក​ចំរើន​។

ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៣​ បាន​និង​កំពុង​សាងសង់​ដោយក្រុម​ហ៊ុន​ Shanghai​ Construction​ Group​ របស់​ចិន​ ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ១៤​ ខែមករា​ ឆ្នាំ២០១៩កន្លងមក​នេះ​ ដែល​មាន​ប្រវែង​ជាង​៥២​គីឡូម៉ែត្រ​ ក្រោម​ការ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣លាន​ដុល្លារ​អាមេរិក​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​។

ការស្ថាបនា​ផ្លូវ​នេះ​ មាន​ទំហំ​ទទឹង​ផ្លូវ​រហូតដល់​ទៅ២៧ម៉ែត្រ​ សម្រាប់​ទីប្រជុំជន​ និង​ សម្រាប់​ក្រៅ​ទីប្រជុំជន​វិញ​មាន​ទំហំ​ទទឹង​ផ្លូវ២៥ម៉ែត្រ​ នឹង​ប្រើ​រយៈពេល៤២ខែ​ ដែល​គ្រោង​បញ្ចប់​នៅ​ខែធ្នូ​ ឆ្នាំ២០២១​។

រូបភាពតំណាង

ចំពោះ​គំរោង​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី៤​ នឹង​ចាប់ផ្តើម​ចេញដំណើរ​ពី​តំបន់​ណា​ និង​បញ្ចប់​នៅ​តំបន់​ណា​គេហទំព័រ​Propertyarea.asia​ នឹង​ធ្វើ​បច្ចុប្បន្នភាព ​(update​) ជូន​នៅពេល​ក្រោយ​ទៀត​៕

LEAVE A REPLY

Please enter your comment!
Please enter your name here