គម្រោងលំនៅឋានសហកម្មសិទ្ធិអារ៉ាខាវ៉ា ផ្ដល់ព័ត៌មានដល់អតិថិជនពីនីតិវិធីក្នុងការទិញចំណែកកម្មសិទ្ធិ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ដោយឃើញពីការគាំទ្ររបស់ប្រជាពលរដ្ឋកម្ពុជាមកលើគម្រោងលំនៅឋានសហកម្មសិទ្ធិលើកដំបូងនៅ  កម្ពុជារបស់ក្រុមហ៊ុនអារ៉ាខាវ៉ា និងដើម្បីជាការសម្រួលដំណើរការទិញ-លក់ក៏ដូចជាការផ្ដល់ព័ត៌មាន និងនីតិវិធីផ្សេងៗដល់ប្រជាពលរដ្ឋក្រុមហ៊ុនបានបើកបើកសិក្ខាសាលា ដើម្បីផ្តល់ព័ត៌មានពីដំណើរការសាងសង់ ក៏ដូចជាពន្យល់ណែនាំពីនីតិវិធី  មួយចំនួនក្នុងការសន្សំប្រាក់ ដើម្បីទិញលំនៅឋានអារ៉ាខាវ៉ានេះ។

សហស្ថាបនិកនៃលំនៅឋានអារ៉ាខាវ៉ា លោក អៀង សុធារ៉ា បានលើកឡើងថា ដើម្បីឱ្យនីតិវិធីក្នុងការទិញ-លក់ រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋប្រព្រឹត្ដទៅមានដំណើរការល្អរលូនទៅមុខទាមទារឱ្យក្រុមហ៊ុនយើងត្រូវតែអនុវត្ដន៍ផែនការដំបូងគឺ រៀបចំសិក្ខាសាលា ដើម្បីផ្តល់ព័ត៌មានជូនដល់ពួកគាត់ឱ្យបានយល់ច្បាស់ពីនីតិវិធីនានាដូចចាការសន្សំប្រាក់ជាដើម។ លោកបន្តថា ក្រុមហ៊ុនអារ៉ាខាវ៉ា គ្រោងនឹងរៀបចំសិក្ខាសាលាបែបនេះជាបន្តបន្ទាប់ ដោយយ៉ាងតិចបំផុត ជារៀងរាល់1ខែម្តង ដើម្បីផ្តល់ព័ត៌មានផ្លូវការជូនសាធារណជន ឲ្យបានដឹងអំពីវិវឌ្ឍភាពនៃលំនៅឋាននេះ។

លោកសុធារ៉ា បញ្ជាក់យ៉ាងច្បាស់ថា៖« គោលបំណងនៃការរៀបចំសិក្ខាសាលាលើកទី1នេះ នឹងពន្យល់លើ3ចំនុចធំៗ។“ទី1 គឺយើងនឹងធ្វើការពន្យល់ទូទៅពាក់ព័ន្ធនឹងឥទ្ធិពលផ្លូវច្បាប់នៃដីកម្មសិទ្ធិ ព្រោះទាំងនេះនឹងពាក់ព័ន្ធដល់ម្ចាស់កម្មសិទ្ធិជំនាន់ក្រោយ។ ហើយទី2 គឺនិយាយពីប្លង់ស្ថាបត្យកម្មលំនៅឋានអារ៉ាខាវ៉ា និងទី3យើងនឹងពន្យល់ពីការងារពាក់ព័ន្ធនឹងធនាគារ។ មូលហេតុនៃការជ្រើសរើសធនាគារ ក៏ដូចជានីតិវិធីនៃការបង់ប្រាក់ ការសន្សំជាដើម”។

ក្រោយពីមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា លើគម្រោងលំនៅឋានសហកម្មសិទ្ធតម្លៃសមរម្យរបស់ក្រុមហ៊ុនអារ៉ាខាវ៉ា ក៏មានប្រជាពលរដ្ឋកម្ពុជាជាច្រើនមានការគាំទ្រគម្រោងនេះ ខណៈដែលអជ្ញាធរបានសម្ដែងនូវទំនុកចិត្ដលើអ្នកវិនិយោគក្នុងគម្រោងនេះយ៉ាងខ្លាំង។

ជាមួយគម្រោងអភិវឌ្ឍន៍លំនៅឋានសហកម្មសិទ្ធលើកដំបូងនេះឯកឧត្តមជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរបៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍ថា “ខ្ញុំក៏ជឿជាក់លោកអាឡិច គឺមានការខិតខំប្រឹងប្រែង ជាមួយនឹងសហការីរបស់គាត់ គឺជាមនុស្សដែលខ្ញុំ សំគាល់ថាមានលក្ខណៈម៉ត់ចត់។ ធ្វើការ ដោះស្រាយកិច្ចការបានល្អប្រសើរ។ អគ្គនាយកលំនៅដ្ឋានគឺសុំសហការឲ្យបានជិតស្និត”។

ក្នុងកម្មវិធីសិក្ខាសាលាលើកដំបូងក៏មានអ្នកចូលរួមជាង200នាក់ ដែលសុទ្ធសឹងតែជាអ្នកចាប់អារម្មណ៍ខ្លាំងចង់ទិញលំនៅឋានអារ៉ាខាវ៉ានោះបានចូលរួមស្ដាប់យ៉ាងយកចិត្តទុកដាក់រាល់បទបង្ហាញពីស្ថាបនិកអារ៉ាខាវ៉ា តំណាងធនាគារ ដែលជាដៃគូសហការរបស់ក្រុមហ៊ុន ពិសេសបានទទួលចំនេះដឹងទូទៅពីរបៀបទិញ និងរស់នៅក្នុងលំនៅឋាន បែបទំនើប ទាន់សម័យ ដែលមានតម្លៃសមរម្យ នៅកណ្តាលរាជធានីភ្នំពេញ។

គម្រោងលំនៅឋានសហកម្មសិទ្ធរបស់ក្រុមហ៊ុនអារ៉ាខាវ៉ា (Arakawa) បាន​ ​បោះទុន​វិនិយោគ​ទឹក​ប្រាក់ជាង70​ លាន​ដុល្លារ​អាមេរិក សាង​សង់​លំនៅឋាន បែបខុនដូរ ដែលមានតម្លៃសមរម្យ ​សម្រាប់​ប្រជាជនកម្ពុជាដែលមាន លោក អាឡិច យ៉ាស៊ូម៉ូតុ (Alex Yasumoto)ជាសហស្ថាបនិកនៃក្រុមហ៊ុនអារ៉ាខាវ៉ា ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ជប៉ុន វិនិយោគនៅកម្ពុជា។គម្រោង លំនៅឋានអារ៉ាខាវ៉ា បែងចែកជា2ដំណាក់កាលធំៗ ដោយក្នុងនោះដំណាក់កាលទី1 មាន10អគារ ដែលមានប្រមាណជា2000 ចំនែកឯកជន (units) ដែលគ្រោងនឹងបញ្ចប់ក្នុងរយៈពេល 3ឆ្នាំខាងមុខ។ ​ ដោយក្នុងមួយunit  តម្លៃចាប់ពីជាង2 ម៉ឺនដុល្លារឡើងទៅ ។

ក្រុមហ៊ុនអារ៉ាខាវ៉ា មានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ2008មកម្លេះ។ ក្រុមហ៊ុនអចលនទ្រព្យជប៉ុនមួយនេះ ធ្លាប់មានបទពិសោធន៍​សាងសង់អាគារ Bellevue Serviced Apartments ដែលមានទីតាំងនៅតំបន់ជ្រោយចង្វា ​រាជធានីភ្នំពេញ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអារ៉ាខាវ៉ានេះហើយដែលបានសហការយ៉ាងជិតស្និត និងពេញទំហឹងជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបានវិនិយោគទុនដោះស្រាយជូនប្រជាពលរដ្ឋរស់នៅអគារប៊ូឌីញស ដែលអគារនោះ អាចមានហានិភ័យខ្ពស់ ដល់ប្រជាជនដែលរស់នៅទីនោះ បានដោយជោគជ័យ។ ដំណោះស្រាយអគារប៊ូឌីញសជាគម្រោងគំរូមួយ ក្នុងការអភិវឌ្ឍន៍គួរកត់សម្គាល់មួយនៅកម្ពុជា និងក្នុងតំបន់៕

– ពាណិជ្ជកម្ម –








LEAVE A REPLY

Please enter your comment!
Please enter your name here