ប្រាក់ចំណេញរបស់អេស៊ីលីដាថយចុះ ៣០%

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ប្រាក់ចំណេញរបស់ធនាគារអេស៊ីលីដា បានថយចុះ ៣០ភាគរយ​ដោយទំហំសាច់ប្រាក់បានថយចុះពី ១២០លាន មកនៅត្រឹម ៨០លានដុល្លារអាមេរិក ប៉ុន្តែកំណើនឥណទានមានភាពល្អប្រសើរ។

ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភី អ៊ិល ស៊ី លោក អ៊ិន ចាន់នី បាន​មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១១ មករានេះថា​ សុខភាពក្នុងវិស័យនេះ វា​ពាក់ព័ន្ឋនឹងការរីកលូតលាស់សេដ្ឋ​កិច្ចកម្ពុជា ដែលសេដ្ឋកិច្ចរបស់យើងនៅតែមានកំណើនក្នុងរង្វង់ ៧ភាគរយ ហេតុនេះ យើងបានដាក់ផែនការសម្រេចឲ្យបានកំណើន ៩ភាគរយនៅឆ្នាំ២០១៨”។​ លោកបន្តថា “ប្រាក់ចំណេញរបស់យើងថយចុះ ដោយសារបទបញ្ញត្តិមួយចំនួនរបស់ធនាគារជាតិ ដែលតម្រូវឲ្យធនាគារបង្ការហានិភ័យជា​មុន ក្រែងមានគ្រោះទឹកជំនន់ឬគ្រោះរាំងស្ងួត”។

 

លោកបន្តថា “យើងកំពុងគិតយ៉ាងណាឲ្យកម្រិតនៃការលូត​លាស់ ឥណទានរបស់យើងស្ថិតក្នុងកម្រិតមួយសមស្រប ដូច្នេះការផ្តល់ឥណទានរបស់យើង មានការប្រុងប្រយ័ត្នជាងមុន ដោយតម្រូវឲ្យអតិថិជនត្រូវមាន​របាយការណ៍ហិរ​ញ្ញវត្ថុទាក់ទងនឹងចំណូល ចំណាយ និងលំហូរសាច់​ប្រាក់ច្បាស់លាស់”។

 

ទោះជាយ៉ាងណាការផ្តល់ឥណទានរបស់ធនាគារអេស៊ីលីដា សម្រេចបានកំណើនល្អប្រ​សើរ ដោយទំហំទឹកប្រាក់បានកើនពី ២៧៧០លានដុល្លារកាលពីឆ្នាំ២០១៦ ដល់ ៣០២២លានដុល្លារអាមេរិកក្នុងដំណាច់ឆ្នាំ២០១៧។

លោក អ៊ិន ចាន់នី បន្តថា ចំណែកប្រាក់បញ្ញើរវិញ គឺសម្រេចបានកំណើនខ្ពស់ ដោយទំហំទឹកប្រាក់បានកើនពី ៣០៥១កាលពីឆ្នាំ ២០១៦ ដល់ ៣២៥០លានដុល្លារនៅដំណាច់ឆ្នាំ២០១៧។ ជាមួយនឹងកំនើនប្រាក់បញ្ញើរនេះ ធ្វើឲ្យមូលដ្ឋាន​សាច់ប្រាក់របស់យើងល្អ ដោយមិនចាំបាច់ខ្ចីឥណទានពីក្រៅប្រទេស សម្រាប់​ផ្តល់ឥណទានរយៈពេលខ្លីនោះទេ ប៉ុន្តែឥណទានរយៈពេលវែងយើងនៅតែត្រូវការ។

 

លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានថ្លែងថា ស្ថានភាពហិរញ្ញវត្ថុ និងកម្រិតនៃលំហូរឥណទានរបស់កម្ពុជា គឺមាន​លំនឹងល្អ និងមានភាពសមស្របនឹងស្ថានភាពសេដ្ឋកិច្ចជាទូទៅរបស់យើង ដោ​យសារស្ថាប័នជាតិរបស់យើង មានសមត្ថភាពគ្រប់គ្រងកំនើនបានសមរម្យ ហើ​យ​បើមានហានិភ័យអ្វី គឺមានធនាគារជាតិរបស់យើងគ្រប់គ្រងបាន។

 

លោកបន្តថា “សេដ្ឋកិច្ចសម្រេចបានកំនើនក្នុងរង្វង់៧ភាគរយ ជារឿងល្អ​ស​ម្រាប់ប្រទេសរបស់យើង ហើយសុខភាពក្នុងវិស័យហិរញ្ញវត្ថុ ក៏មិនមានសញ្ញាអ្វីគួរឲ្យ​បារម្ភនោះទេ ដោយសាររដ្ឋាភិបាល តាមរយៈធនាគារជាតិនៃកម្ពុជាបានយកចិត្តទុកដាក់ និងបានដាក់ចេញបទបញ្ញត្តិនានាយ៉ាងត្រឹមត្រូវ”៕









LEAVE A REPLY

Please enter your comment!
Please enter your name here