Hattha top Banner

កម្ពុជា រក្សាកំណើនសេដ្ឋកិច្ច ៧% ក្នុងរយៈពេល ៦ឆ្នាំ កន្លងមកនេះ

0

ដោយ វុត្ថា

ភ្នំពេញ៖ ទោះបីជាកម្ពុជា ជាប្រទេសតូចក៏ដោយ តែកម្ពុជាគឺជាប្រទេសមួយដែលតែងប្រកាន់ខ្ជាប់យករបបទីផ្សារសេរី និងសេដ្ឋកិច្ចបើកចំហរ។ ចាប់តាំងពីកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី១ កាលពីឆ្នាំ២០១១មក កម្ពុជាបានសម្រេចនូវសមិទ្ធផលជាសារវ័ន្ត ជាអាទិ៍ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ ខណៈដែលកំណើនផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ៗមានចំនួន ១.៣០២ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៦ ធៀបនឹងឆ្នាំ២០១១ ដែលមានចំនួន ៩១១ ដុល្លារអាមេរិក។

 

តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយថាមវ័ន្តនេះ បានធ្វើអោយមានការរីកចម្រើនលើសុខុមាលភាពប្រជាជនកម្ពុជា និងបានកាត់បន្ថយភាពក្រីក្រពី ៥៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៣.៥% ក្នុងឆ្នាំ២០១៤ និងអត្រាអក្ខរកម្មកើនពី ៧៩.៩% ក្នុងឆ្នាំ ២០១១ ដល់ ៨០.៥% ក្នុងឆ្នាំ២០១៥។ យ៉ាងណាមិញ តាមរយៈរបាយការណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកដែលបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេទី៦ នៅក្នុងពិភពលោក ក្នុងរង្វង់២០ឆ្នាំចុងក្រោយ។

កម្ពុជាបានចូលជាសមាជិកពេញលេញអង្គការពាណិជ្ជកម្មពិភពលោក (WTO) កាលពីឆ្នាំ២០០៤។ ក្នុងនាមជាសមាជិកអង្គការ WTO កម្ពុជាមានកាតព្វកិច្ចដូចប្រទេសសមាជិកដទៃទៀតដែរ គឺត្រូវរាយការណ៍អំពីគោលនយោបាយពាណិជ្ជកម្ម និងការអភិវឌ្ឍ ជូនអង្គការ WTO ហើយដែលកម្ពុជាត្រូវរាយការណ៍ជូនអង្គការ WTO នៅរៀងរាល់៦ឆ្នាំម្តង។ កន្លងមក កម្ពុជាបានការពារដោយជោគជ័យនូវគោលនយោបាយពាណិជ្ជកម្ម និងផែនការអភិវឌ្ឍន៍កម្ពុជានៅឯកិច្ចប្រជុំការត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី១ នៅអង្គការ WTO កាលពីថ្ងៃទី១ និងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១១។

យន្តការនៃការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មនេះ គឺធ្វើទ្បើងក្នុងគោលបំណងធានានូវគោលការណ៍តម្លាភាព និងអនុលោមភាពនៃនយោបាយពាណិជ្ជកម្មរបស់ប្រទេសមួយ ជាមួយនឹងវិធាននានានៃអង្គការ WTO ព្រមទាំងផ្តល់ឱកាសដល់ប្រទេសសមាជិក តួយ៉ាងកម្ពុជា ពិនិត្យនូវវឌ្ឍនភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងកំណែទម្រង់លើ វិស័យនានាពាក់ព័ន្ធនឹងរបបពាណិជ្ជកម្ម ក្នុងទិសដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច វិនិយោគ និងធានានូវការប្រកួតប្រជែងរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ជាគោលការណ៍ ប្រទេសអភិវឌ្ឍន៍តិចតួច ត្រូវធ្វើការត្រួតពិនិត្យគោលនយោបាយខ្លួនជារៀងរាល់៥ឆ្នាំម្តង រីឯប្រទេសអភិវឌ្ឍន៍ដទៃទៀតត្រូវធ្វើក្នុងរយៈពេល៣ឆ្នាំម្តង៕

LEAVE A REPLY

Please enter your comment!
Please enter your name here