ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ចំនួនអ្នកដាក់ប្រាក់បញ្ញើរនៅតាមធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាកើនឡើងដល់៥,១លានគណណី ខណៈទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានឡើងដល់១៣៥,១ទ្រីលានរៀល កើនឡើងប្រមាណជាង២០% ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍ឆ្នាំ២០១៧ របស់ធនាគារជាតិនៃកម្ពុជាដែល Propertyarea.asia ទទួលបាននាព្រឹកថ្ងៃទី១៥ មករានេះថា កំណើនមូលនិធិកម្ចី ដើមទុនរបស់គ្រឹះស្ថាន និងប្រាក់បញ្ញើរបស់អតិថិជន ក្នុងនោះនៅឆ្នាំ២០១៧កន្លងមកនេះ មូលនិធិកម្ចីបានឡើងដល់១២,៦ទ្រីលានរៀល កើនប្រមាណជាង២៥% ដែលធ្វើឲ្យដើមទុនឡើងដល់២៥,៧ទ្រីលានរៀល កើនឡើងជាង២៣ភាគរយ។ ចំណែកប្រាក់បញ្ញើអតិថិជនកើនដល់៧៦,៨ទ្រីលានរៀល កើនឡើងជាង២៤ភាគរយ និងឥណទានឡើងដល់៨១,៤ទ្រីលានរៀល កើនឡើងប្រមាណជាង១៨ភាគរយ។ ទន្ទឹមនឹងនេះចំនួនគណនីប្រាក់បញ្ញើរ បានកើនឡើងដល់៥,១លានគណនី និងគណនីឥណទានមានចំនួន២,៦លានគណនីផងដែរ។
របាយការណ៍ដដែលបានបង្ហាញថា ការរីកចម្រើននៃសេដ្ឋកិច្ច និងស្ថិរភាពផ្នែកនយោបាយនៅកម្ពុជា គឺជាកំលាំងចលករយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើនជំនឿទុកចិត្ត របស់សាធារណជនមកលើប្រព័ន្ធធនាគារ ក្នុងនោះគិតត្រឹមដំណាច់ឆ្នាំ២០១៧នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា ដែលកំពុងប្រតិបត្តិការរួមមាន ធនាគារពាណិជ្ជមានចំនួន៣៩ ធនាគារឯកទេស១៥ ធនាគាររដ្ឋ១។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើរពីសាធារណជន៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៦៩ គ្រឹះស្ថានឥណទានជនបទ៣១៣ ក្រុមហ៊ុនភតិសត្យាហិរញ្ញវត្ថុ១១ អ្នកដំណើរការគតិយភាគី ១៥ ក្រុមហ៊ុនក្រេឌីតប្យូរ៉ូកម្ពុជា១ ការិយាល័យតំណាងធនាគារបរទេស៦ និងក្រុមអាជីករប្តូរប្រាក់មានចំនួន២៤៧៦កន្លែងផងដែរ។
ចំណែកការពង្រីកវិសាលភាពសេវា និងបណ្តាញប្រតិបត្តិនៅតាមរាជធានី-ខេត្តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនដល់ចំនួន២១៦៤កន្លែង មានម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATM) មានចំនួន១៨០៤។ ម៉ាស៊ីន ដែលជាការពង្រីកប្រតិបត្តិការបានឆ្លើយតប និងតម្រូវការសេវាហិរញ្ញវត្ថុរបស់អតិថិជន ក្នុងការប្រកួតប្រជែង ក្នុងនោះផងដែរការប្រើប្រាស់ឥណទាន និងប័ណ្ណឥណទាន ក៏មានការកើនឡើងជាបន្តបន្ទាប់ ស្របពេលដែលការប្រើប្រាស់សេវាធនាគារអេឡិចត្រូនិច កាន់តែទូលាយ ងាយស្រួល និងមានសុវត្ថិភាពជាងមុន៕
