តម្លៃ​ដី​នៅ​តំបន់​ភាគខាងត្បូង​ក្រុង​តាខ្មៅ​ កំពុងពុះ​កញ្ជ្រោល​ខ្លាំង​ហួសការ​រំពឹង

0
  1. ដោយ៖ រ៉ាវី

ភ្នំពេញ៖ បន្ទាប់ពី​មាន​ចេញ​សេចក្ដីប្រកាស​ជា​សាធារណៈ​ស្ដីពី​ការបង្កើត​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី​នៅក្នុង​ទឹកដី​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ដែល​ស្ថិតនៅ​តំបន់​ភាគខាងត្បូង​ក្រុង​តាខ្មៅ ដោយមាន​ការ​សាទរ និង​គាំ​ទ្ត​យ៉ាង​ពេញទំហឹង​ពី​សំណាក់​រាជរដ្ឋាភិបាល​ផងដែរ​នោះ បានធ្វើឱ្យ​តម្លៃ​ដី​ដែល​ស្ថិតនៅក្នុង​តំបន់​ផ្ទាល់ ក៏ដូចជា​តំបន់​ជិតខាង​ជុំវិញ​ទីតាំង​គម្រោង​បង្កើត​ព្រលានយន្តហោះ មានការ​ឡើងថ្លៃ​យ៉ាង​ពុះកញ្ជ្រោល​ហួស​ពី​ការ​ស្មាន ខណៈដែល​ពេលនេះ​មាន​ឈ្មួញ​ជាច្រើន​កំពុង​ប្រជែង​គ្នា​សម្រុក​ទិញ​យ៉ាង​មមាញឹក​ដោយ​សម្លឹង​ឃើញ​ពី​ភាព​វិជ្ជមាន​ក្នុង​អត្រា​ខ្ពស់​ដែល​អាច​ទទួលបាន​ចំណេញ​កប់​ក្តោង​ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ ។

 

លោក ប៉ុល សិ​ទ្ឋី ឈ្មួញកណ្តាល​ទិញ-លក់​ដី​នៅក្នុង​ខេត្តកណ្តាល​មានប្រសាសន៍ថា កន្លងមក​ដី​នៅ​តំបន់​នោះ​មានតម្លៃ​ត្រឹមតែ 2ទៅ3កាក់(ដុល្លារ)ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រការ៉េ មិនមាន​ឈ្មួញ​ណា​ទិញ​ផង ប៉ុន្តែ​មកទល់ពេលនេះ​ដី​ឡើងថ្លៃ​ខ្ពស់​ហួសការ​ស្មាន ដោយ​ទីតាំង​ខ្លះ1ម៉ែត្រការ៉េ​ថ្លៃ5ដុល្លារ កន្លែង​ខ្លះទៀត​ឡើងដល់10ដុល្លារ រហូតដល់60ដុល្លារ​ក៏មាន​ទៅតាម​កន្លែងផ្សេងៗ ដែល​ធ្វើឱ្យ​ដី​ឡើងថ្លៃ​ខ្ពស់​ចាប់ពី1ហិកតា 2ពាន់​ដុល្លារ​ឡើងដល់10ម៉ឺន​ដុល្លារ ឬ60ម៉ឺន​ដុល្លារ​ក៏មានដែរ។

ជាមួយគ្នានេះ លោក​ឧកញ៉ា នួន រឹទ្ធី អគ្គនាយក​ក្រុមហ៊ុន KFA (Khmer Foundation Appraisal Co, Ltd) ដែលជា​ក្រុមហ៊ុន​ទទួលបាន​ពានរង្វាន់​កិត្តិយស​អន្តរជាតិ​ឆ្នាំ2017 នៅ​ទីក្រុង​ឡុង​ដ៏​ចក្រភព​អង់គ្លេស លើ​ដំណើរការ​ប្រតិបត្តិ​ល្អ​ក្នុង​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​កំពុងធ្វើការ​វិនិយោគ​យ៉ាងសកម្ម​ទៅលើ​វិស័យ​អចលនទ្រព្យ ជាពិសេស លើ​វិស័យ​សាងសង់​សំណង់​លំនៅដ្ឋាន​តែម្ដង (គម្រោង​សំណង់​លំនៅដ្ឋាន The Urban Resort ) មាន​ទីតាំង​ស្ថិតនៅ​ភូមិ​វាល​ថ្លាន សង្កាត់​គង​ន​យ ខ័​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅលើ​ផ្ទៃដី​ទំហំ​ជាង4ហិកតា ដែល​ស្ថិតនៅ​ជិត​តំបន់​អភិវឌ្ឍ​ព្រលានយន្តហោះ​ផងដែរ​នោះ បាន​មានប្រសាសន៍​ទទួលស្គាល់​ថា តម្លៃ​ដី​នៅក្នុង​តំបន់​ខាងលើនេះ​ពិតជា​មានការ​ហក់​ឡើង​ខ្ពស់​យ៉ាងពិត​ប្រាកដ​មែន ហើយ​ឱកាស​នេះ​គឺមាន​ភាពល្អប្រសើរ​សម្រាប់​បណ្តា​អ្នក​ដែលមាន​បំណង​ចង់​ធ្វើការ​វិនិយោគ។

 

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «ផ្អែក​តាម​ភាពជាក់ស្ដែង​នាពេល​បច្ចុប្បន្ននេះ សម្រាប់​តំបន់​ដែលមាន​អំណោយផល​លើ​វិស័យ​ដីធ្លី និង​អចលនទ្រព្យ គឺ​រួមមាន​តំបន់​ខាង​ក្រុង​តាខ្មៅ, ខណ្ឌដង្កោ និង​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល ។ ភាព​អំណោយផល​ទាំងនេះ​យើង​សុទ្ធតែ​អាច​មើលឃើញ​ដោយផ្ទាល់​តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ ដោយ​ដំបូង​ចាប់ពី​ការជួយ​សម្រួល​ឱ្យមាន​ផ្លូវ​ល្អ មាន​ប្រព័ន្ធ​ទឹកស្អាត មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ ជាពិសេស​ជួយ​សម្រួល​ដល់​ដំណើរការ​រដ្ឋបាល ដែល​ទាំងអស់​នេះហើយ​ជា​ចលករ​មួយ​ដែល​អាច​ទាក់ទាញ​ឱ្យមាន​ប្រជាជន​មក​រស់នៅ ក៏ដូចជា​ស្រូបយក​លំហូរ​អ្នកវិនិយោគ​ក្នុង និង​ក្រៅ​ស្រុក​ឱ្យ​ចូលមក​ដាក់​ទីតាំង​វិនិយោគ ដូចជា រោងចក្រ សហ​គ្រាស​តូចធំ សំណង់​លំនៅដ្ឋាន​នានា ខណៈដែល​នៅ​តំបន់​នេះ​នឹង​ក្លាយជា​ទីតាំង​សេដ្ឋកិច្ច​ដ៏​ធំ ព្រោះ​វា​ស្ថិតនៅ​ជិត​តំបន់​ច្រ​ល​ព្រំដែន​កម្ពុជា-វៀតណាម មាន​អំណោយផល​លើ​ការដឹកជញ្ជូន»។

 

លោក​ឧកញ៉ា​បាន​បន្ថែមថា ៖«ដោយឡែក​សម្រាប់​គម្រោង​សំណង់​លំនៅដ្ឋាន The Urban Resort ក៏​កាន់​តែមាន​សក្កា​នុព​ល និង​មាន​ភាពល្អប្រសើរ ព្រោះ​ទីតាំង​នេះ​ក៏​ស្ថិតនៅ​តំបន់​អភិវឌ្ឍ​ខាងលើ ហើយ​តម្លៃ​មាន​ភាពសមរម្យ ចាប់ពី 35000-38000ដុល្លារ ដែល​អាចឱ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​ឈ្មួញ​នានា​មានឱកាស​ចំណេញ​ច្រើន។ ចំពោះ​ដី​មិន​កើនឡើង ឬ​រីក​ធំ​ដោយ​កក្តា​ធម្មជាតិ​នោះទេ ក៏ប៉ុន្តែ​ចំនួន​មនុស្ស​គឺ​ត្រូវតែ​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដូច្នេះ តម្លៃ ឬ​តម្លៃ​លំនៅដ្ឋាន​ទៅ​ថ្ងៃ​អ​នា​គត់​មិនមាន​ការធ្លាក់ចុះ​ខ្លាំង​នោះទេ» ។

 

ដោយឡែក​លោក លឹម ច័ន្ទ​សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្តកណ្តាល ក៏បាន​ទទួលស្គាល់ថា តម្លៃ​ដី​នៅ​ទីនោះ​ពិតជា​ឡើងថ្លៃ​ប្រាកដ​មែន ដោយ​កន្លងមក​ដី​នៅ​ផ្នែក​ខាងក្រោម ឬ​ដី​បាត​បឹង មានតម្លៃ​ត្រឹម 5ដុល្លារ – 6ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​ឡើងដល់​ជាង 10ដុល្លារ ហើយ តម្លៃ​ដី​ផ្នែក​ខាងលើ​ដែលមាន​តម្លៃ 7 – 8ដុល្លារ ឡើងដល់60ដុល្លារ​ទៅ70ដុល្លារ​ក៏មានដែរ ។ បើទោះជា​យ៉ាងនេះ​ក្តី លោក​អំពាវនាវ​ឱ្យ​អ្នកទិញ​មានការ​ប្រុងប្រយ័ត្ន មុននឹង​ទិញ​ត្រូវ​ពិចារណា​ឱ្យ​ច្បាស់លាស់​ចៀសវាង​ការខាតបង់ ព្រោះថា​នៅ​ជិត​ព្រលានយន្តហោះ មានគុណ​សម្បត្តិ និង​គុណវិបត្តិ​ដូចគ្នា។ គុណសម្បត្តិ​នៅត្រង់ថា តំបន់​នោះ​ក្លាយទៅជា​ទីប្រជុំជន អាច​ប្រកប​របរ​លក់ដូរ ឬ​ធ្វើ​ផ្ទះសំណាក់​ទទួលភ្ញៀវ​បាន ចំណែក​គុណវិបត្តិ​មិនអាច​សង់ផ្ទះ​ខ្ពស់​បាន និង​មាន​សម្លេង​រំខាន​ក៏​ច្រើន​ដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here